ឆេះផ្សារនៅតំបន់ហ្គាហ្សា ស្លាប់ និងរបួស៧០នាក់

អគ្គីបានឆាបឆេះផ្សារមួយកន្លែង នៅតំបន់ហ្គាហ្សា (Gaza) បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានថ្លែង កាលពីថ្ងៃទី៥ ខែមីនា ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ និង៦០នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៤នាក់ជាកុមារ និង៣នាក់ជាស្រ្ដី។ រីឯអ្នករបួស១៤នាក់​ ក្នុងចំណោមជនរងគ្រោះទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន The National បានផ្សាយថា គ្រោះអគ្គិភ័យនេះត្រូវគេគិតថា វាអាចផ្តើម​ចេញពីការផ្ទុះកំប៉ុងហ្គាស នៅក្នុងហាងនំ Al Banna Bakery ស្ថិតក្នុងជំរំជនភៀសខ្លួន Nuseirat ។ ជំរំនេះមាន ជន ភៀសខ្លួនជាង ៨០.០០០នាក់។ នេះបើយោងតាមតួលេខរបស់ UNWRA ។

ប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ​ ពួកគាត់បានឮស្នូសំឡេងផ្ទុះ។ លុះបន្ដិចក្រោយមក ស្រាប់តែមានភ្លើងឆាបឆេះ រាលដាលទៅកាន់ហាងផ្សេងៗទៀត រហូតបន្ដឆាបឆេះរាលដាលទៅកាន់រោងចក្រជាច្រើន និងរថយន្ដដែលចតនៅតាមផ្លូវ។ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបាននាំគ្នាជួយក្រុមពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើង។ រីឯផ្សែងខ្មៅបានគ្របដណ្ដប់ទៅលើជំរំ របស់​ជនភៀសខ្លួន ដោយអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។

លោក San Frontieres អ្នកនាំពាក្យ នៃអង្គការក្រៅរដ្ឋាភិបាល បាននិយាយថា អង្គការបានជួយដល់ជនរងគ្រោះដែលត្រូវបានបញ្ជូនមកសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ជំរំជនជាតិប៉ាឡេស៊ីន នៅហ្គាហ្សា​ មានទំហំ៣៦៥គីឡូម៉ែត្រការ៉េ លាតសន្ធឹងតាមសមុទ្រមេឌីទែររ៉ាណេ។ ជាមួយនឹងប្រជាពលរដ្ឋជិត ២លាននាក់​ ធ្វើឲ្យ Gaza Strip ក្លាយជាតំបន់មានប្រជាពលរដ្ឋច្រើនបំផុតមួយនៅលើពិភពលោក។

ដោយឡែកប្រទេសអ៊ីស្រាអែលបានបិទផ្លូវចូលទៅកាន់តំបន់នោះ ដោយលើកហេតុផលអំពីកង្វល់ខាងសន្តិសុខរបស់ខ្លួន ព្រោះមេដឹកនាំអ៊ីស្លាម ហាម៉ាស់ ធ្លាប់ធ្វើសង្គ្រាមជាច្រើនដងជាមួយនឹងអ៊ីស្រាអែល នាពេលកន្លងមក៕  ប្រែសម្រួលដោយ Nuon

Tagged : /

ខេត្តហ៊ូប៉ីគ្មានអ្នកឆ្លងវីរុស Covid-19 ក្នុងរយៈពេល២៤ម៉ោង

សារព័ត៌មានរ៉យទ័រ បានផ្សាយ កាលពីថ្ងៃទី៦ ខែមីនា ថា ក្នុងរយៈពេល២៤ម៉ោង នៅក្នុងខេត្តហ៊ូប៉ី លើកលែងតែទីក្រុងវូហាន មិនមានករណីឆ្លងវីរុសថ្មីម្នាក់ណាឡើយ។ នេះចាត់ទុកជារឿងដ៏ល្អបំផុត សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តនេះ។

ដោយឡែក នៅទីក្រុងវូហាន កាលពីថ្ងៃទី៥ ខែមីនា មានករណីឆ្លងថ្មីតែ១២៦នាក់ប៉ុណ្ណោះ ក្នុងរយៈពេល២៤ម៉ោង។ ចំណែកនៅទូទាំងប្រទេសចិនវិញ មានអ្នកឆ្លងតែ១៧នាក់ប៉ុណ្ណោះ។ បើសរុប​អ្នកឆ្លងនៅចិន មានចំនួន១៤៣នាក់ និងស្លាប់៣១នាក់តែប៉ុណ្ណោះ។

នៅក្នុងប្រទេសចិន មានអ្នកឆ្លង និងស្លាប់ថយចុះ ដោយសារតែចិនចាត់វិធានការយ៉ាងតឹងតែងបំផុត ដោយខេត្តហូប៉ីទាំងមូល មានពលរដ្ឋរហូតដល់ទៅ៥៨លាននាក់ ត្រូវកាត់ផ្តាច ទាំងស្រុង ពីខេត្តក្រុងផ្សេងៗទៀត។

ពលរដ្ឋត្រូវបានហាមប្រាមចេញក្រៅផ្ទះ ហើយក្នុងមួយគ្រួសារមានសិទ្ធិចេញក្រៅតែម្នាក់ប៉ុណ្ណោះ ដោយចេញបានតែ៣លើកក្នុងមួយថ្ងៃ ដើម្បីទិញសម្ភារ និងស្បៀងអាហារចាំបាច់។ រីឯអ្នកចេញទៅផ្សារ គឺត្រូវនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច១,៥ម៉ែត្រ មិនថាអ្នកស្គាល់ ឬមិនស្គាល់នោះឡើយ។ រថយន្តត្រូវបានហាមបើកបរនៅតាមដងផ្លូវនានា លើកលែងតែរថយន្តសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។

ដោយឡែកឱសថស្ថាននានា ក៏ត្រូវតែគត់ឈ្មោះអ្នកទិញ ទីតាំង កន្លែងរស់នៅ ហើយទិញថ្នាំអ្វី ក្អកឬក្តៅរងារ … ដើម្បីងាយស្រួល ក្នុងការតាមដានទប់ស្កាត់។ ការអនុម័តច្បាប់យ៉ាងតឹងតែងបែបនេះ ទើបចិនអាចទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសរលាកផ្លូវដង្ហើមថ្មីយ៉ាងមានប្រសិទ្ធភាពបំផុត៕ ប្រែសម្រួលដោយ៖MEO

Tagged : / /

សិស្សសាលា២នាក់ ត្រូវចោរខ្វេះកាបូបទាំងកណ្តាលថ្ងៃ នៅផ្សារទំនើបស្ទឹងមានជ័យថ្មី

រាជធានីភ្នំពេញ៖ យុវតី២នាក់ ត្រូវក្រុមចោរជំនាញដាក់ថ្នាំសណ្តំ យកលុយទៅបាត់ចំនួន៥០០ដុល្លារទាំងកណ្តាលថ្ងៃ ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីយុវតីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុករបស់នាងបានប្រើឲ្យនាងយកមាសមកលក់នៅផ្សារទំនើបស្ទឹងមានជ័យថ្មី។ ខណៈពេលលក់រួចរាល់ហើយ យុវតីខាងលើបានវេរលុយចំនួន៩០០ដុល្លារទៅឲ្យឪពុក នៅសល់លុយចំនួន៥២០ដុល្លារទៀត ទុកក្នុងកាបូបស្ពាយនៅខាងក្រោយ។ 

បន្ទាប់មកយុវតីរងគ្រោះ ក៏បានបបួលគ្នាចុះមកញាំអីនៅជាន់ខាងក្រោម ស្របពេលនោះក៏លេចមុខជនសង្ស័យជាស្ត្រី២នាក់ បានដើរមកក្បែរហើយដើរជាន់ជើងនាង ពេលនោះយុវតីខាងលើហាក់បីដូចជាដឹងថាបាត់លុយ ទើបរត់តាមជនសង្ស័យស្រែកថាចោរៗ មួយសន្ទុះក្រោយមក ក៏បាត់ស្មារតីនិយាយលែងចេញ ទើបយុវតីម្នាក់ទៀតដែលជាមិត្តភក្តិទៅជាមួយគ្នា បានខលប្រាប់ឪពុកម្តាយយុវតីរងគ្រោះ ដឹកយុវតីខាងលើដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍ និងស្រាវជ្រាវចាប់ជនដៃស្អិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ សួងសាម

Tagged : /

ទេព បូព្រឹក្ស និង​ ជី ដេវិត ចេញ​បទប្រពៃណី​ថ្មី​ត្រៀម​ចូលឆ្នាំ​ខ្មែរឡើង​ឡូយ​អស់ទាស់

ឲ្យ​តែ​ពេលបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរកាន់​តែ​កៀក​មក​ដល់ គ្រប់​ផលិត​កម្ម និងតារាចម្រៀង​ឯក​ជន​តែងតែ​មាន​បទចម្រៀង​ប្រពៃណី​គ្រប់ចង្វាក់ត្រៀម​សម្រាប់​បង​ប្អូន​ប្រជាជន​ខ្មែរ​រាំលេង​សប្បាយនាឱកាស​ដ៏​រីករាយ​។

ឲ្យ​តែ​ពេលបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរកាន់​តែ​កៀក​មក​ដល់ គ្រប់​ផលិត​កម្ម និងតារាចម្រៀង​ឯក​ជន​តែងតែ​មាន​បទចម្រៀង​ប្រពៃណី​គ្រប់ចង្វាក់ត្រៀម​សម្រាប់​បង​ប្អូន​ប្រជាជន​ខ្មែរ​រាំលេង​សប្បាយនាឱកាស​ដ៏​រីករាយ​។

ក្នុង​នោះទេព បូព្រឹក្ស និង​ ជី ដេវិត ក៏​ទើប​តែ​បាន​បង្ហោះ​ស្នាដៃថ្មី​របស់​ខ្លួន​​នៅ​លើ​ Facebook Page ជា​ផ្លូវ​ការ ដែល​ត្រៀម​សម្រាប់​ចូលឆ្នាំ​ប្រពៃណីខ្មែរផងដែរ។ បទចម្រៀង​បែបចង្វាក់ប្រពៃណីដែល​មាន​ចំណង​ជើង​ថា”អួតសាហាវ”កំពុង​តែ​អង្រួន​ចិត្ត​អ្នក​គាំទ្រ​មិន​ធម្មតា។ មិន​ត្រឹម​តែ​ពីរោះ​នោះទេ សូម្បី​តែ​វីដេអូចម្រៀង​អ្នក​ទាំង​ពីរ​ក៏​បាន​រំលេច​នៅ​សម្លៀក​បំពាក់​ខែ្មរ​ដ៏​ស្រស់​ផូរផង់ ឃើញ​ហើយ​លង់​ចិត្ត​ដក​មិន​រួច​តែ​ម្ដង។

ស្នាដៃថ្មី​រួម​គ្នា​រវាងគូស្នេហ៍​ល្អូកល្អើន​មួយ​គូនេះ ទទួល​បាន​ការ​ចូល​ទស្សនា​រាប់ម៉ឺនដង ក៏​ដូចជា​ចែករំលែក​តៗគ្នា​រាប់ពាន់​ដង ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ថ្ងៃ​ផង។

លើស​ពី​នេះ​អ្នក​ទស្សនា​ជា​ច្រើន​ក៏​បាន​បញ្ចេញ​មតិ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​មួយ​បទ​នេះ​ពិត​ជា​ពីរោះ ហើយ​ពិត​ជា​ស្រឡាញ់​ពេញ​ចិត្ត​ជា​ខ្លាំងសម្រាប់​បទ​បែប​ប្រពៃណី​ទុក​រាំ​កម្សាន្ត​នាពេល​ចូលឆ្នាំ​បែប​នេះ៕

អត្ថបទ៖ ផេង ផលធិតា 

Tagged : / /

ជើងខ្លាំងបោកប្រាស់ ត្រូវពលរដ្ឋចាប់ក្របួចនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ ជើងខ្លាំងខាងបោកប្រាស់ម្នាក់ ត្រូវពលរដ្ឋក្របួចបាន រីឯម្នាក់ទៀតរត់រួចខ្លួនបាត់ នៅម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី ៦ ខែ មីនានេះ ត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ 

ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ 

ជនងរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្របានឲ្យដឹងថា នៅម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី០៦ ខែមិនា ពេលនាងហូបបាយរួចដើរទៅរោងចក្រវិញ តែមុននឹងចូល ឆ្លៀតដើរទៅកន្លែងលក់ឃ្នាបសក់ ខាងមុខរោងចក្រ។ ពេលនោះក៏បានជួបស្ត្រីជនសង្ស័យម្នាក់ដើរមកខ្សឹបប្រាប់ថា មានគេជ្រុះកញ្ចប់មាស លុយ ភ្លាមនោះក៏ស្រាប់តែស្ត្រីជនសង្ស័យម្នាក់ទៀតមកដល់ ប្រាប់ថាកុំមាត់ រើសបានទុកចែកគ្នា ហើយល្បួងនាំនាងចេញទៅភូមិជង្រុក ល្បួងចែកទ្រព្យ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន។ 

ជនរងគ្រោះបន្តថា ក្រោយពីជនសង្ស័យលួងយកទ្រព្យអស់ទើបដឹងថា ការប្តូរគ្នានោះនាងទទួលបានតែរបស់កាឡៃ ទើបស្រែកយំស្ទុះចាប់កន្ទុយម៉ូតូជាប់ពេលជនសង្ស័យបម្រុងជិះរត់គេចខ្លួន ផ្អើលអ្នកភូមិ ចាប់បានម្នាក់ រីឯបក្ខពួករត់រួចបាត់អស់។ នាងបន្តថា បាត់បង់ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លា កងដៃមួយឈុត ២៥កង តម្លៃ៩៣៥ដុល្លា ចិញ្ចៀនប្លាទីន តម្លៃ១២០ដុល្លា សរុប១២៧០ដុល្លា។ ក្រោយកើតហេតុទើបឃើញ សមត្ថកិច្ចមកដកហូតម៉ូតូស្មាស់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ៕ ដោយ៖ សុភាព

Tagged : /