សិស្សសាលា២នាក់ ត្រូវចោរខ្វេះកាបូបទាំងកណ្តាលថ្ងៃ នៅផ្សារទំនើបស្ទឹងមានជ័យថ្មី

រាជធានីភ្នំពេញ៖ យុវតី២នាក់ ត្រូវក្រុមចោរជំនាញដាក់ថ្នាំសណ្តំ យកលុយទៅបាត់ចំនួន៥០០ដុល្លារទាំងកណ្តាលថ្ងៃ ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីយុវតីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុករបស់នាងបានប្រើឲ្យនាងយកមាសមកលក់នៅផ្សារទំនើបស្ទឹងមានជ័យថ្មី។ ខណៈពេលលក់រួចរាល់ហើយ យុវតីខាងលើបានវេរលុយចំនួន៩០០ដុល្លារទៅឲ្យឪពុក នៅសល់លុយចំនួន៥២០ដុល្លារទៀត ទុកក្នុងកាបូបស្ពាយនៅខាងក្រោយ។ 

បន្ទាប់មកយុវតីរងគ្រោះ ក៏បានបបួលគ្នាចុះមកញាំអីនៅជាន់ខាងក្រោម ស្របពេលនោះក៏លេចមុខជនសង្ស័យជាស្ត្រី២នាក់ បានដើរមកក្បែរហើយដើរជាន់ជើងនាង ពេលនោះយុវតីខាងលើហាក់បីដូចជាដឹងថាបាត់លុយ ទើបរត់តាមជនសង្ស័យស្រែកថាចោរៗ មួយសន្ទុះក្រោយមក ក៏បាត់ស្មារតីនិយាយលែងចេញ ទើបយុវតីម្នាក់ទៀតដែលជាមិត្តភក្តិទៅជាមួយគ្នា បានខលប្រាប់ឪពុកម្តាយយុវតីរងគ្រោះ ដឹកយុវតីខាងលើដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍ និងស្រាវជ្រាវចាប់ជនដៃស្អិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ សួងសាម

Tagged : /

Leave a Reply

Your email address will not be published. Required fields are marked *