ឆេះផ្សារនៅតំបន់ហ្គាហ្សា ស្លាប់ និងរបួស៧០នាក់

អគ្គីបានឆាបឆេះផ្សារមួយកន្លែង នៅតំបន់ហ្គាហ្សា (Gaza) បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានថ្លែង កាលពីថ្ងៃទី៥ ខែមីនា ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ និង៦០នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៤នាក់ជាកុមារ និង៣នាក់ជាស្រ្ដី។ រីឯអ្នករបួស១៤នាក់​ ក្នុងចំណោមជនរងគ្រោះទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន The National បានផ្សាយថា គ្រោះអគ្គិភ័យនេះត្រូវគេគិតថា វាអាចផ្តើម​ចេញពីការផ្ទុះកំប៉ុងហ្គាស នៅក្នុងហាងនំ Al Banna Bakery ស្ថិតក្នុងជំរំជនភៀសខ្លួន Nuseirat ។ ជំរំនេះមាន ជន ភៀសខ្លួនជាង ៨០.០០០នាក់។ នេះបើយោងតាមតួលេខរបស់ UNWRA ។

ប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ​ ពួកគាត់បានឮស្នូសំឡេងផ្ទុះ។ លុះបន្ដិចក្រោយមក ស្រាប់តែមានភ្លើងឆាបឆេះ រាលដាលទៅកាន់ហាងផ្សេងៗទៀត រហូតបន្ដឆាបឆេះរាលដាលទៅកាន់រោងចក្រជាច្រើន និងរថយន្ដដែលចតនៅតាមផ្លូវ។ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបាននាំគ្នាជួយក្រុមពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើង។ រីឯផ្សែងខ្មៅបានគ្របដណ្ដប់ទៅលើជំរំ របស់​ជនភៀសខ្លួន ដោយអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។

លោក San Frontieres អ្នកនាំពាក្យ នៃអង្គការក្រៅរដ្ឋាភិបាល បាននិយាយថា អង្គការបានជួយដល់ជនរងគ្រោះដែលត្រូវបានបញ្ជូនមកសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ជំរំជនជាតិប៉ាឡេស៊ីន នៅហ្គាហ្សា​ មានទំហំ៣៦៥គីឡូម៉ែត្រការ៉េ លាតសន្ធឹងតាមសមុទ្រមេឌីទែររ៉ាណេ។ ជាមួយនឹងប្រជាពលរដ្ឋជិត ២លាននាក់​ ធ្វើឲ្យ Gaza Strip ក្លាយជាតំបន់មានប្រជាពលរដ្ឋច្រើនបំផុតមួយនៅលើពិភពលោក។

ដោយឡែកប្រទេសអ៊ីស្រាអែលបានបិទផ្លូវចូលទៅកាន់តំបន់នោះ ដោយលើកហេតុផលអំពីកង្វល់ខាងសន្តិសុខរបស់ខ្លួន ព្រោះមេដឹកនាំអ៊ីស្លាម ហាម៉ាស់ ធ្លាប់ធ្វើសង្គ្រាមជាច្រើនដងជាមួយនឹងអ៊ីស្រាអែល នាពេលកន្លងមក៕  ប្រែសម្រួលដោយ Nuon

Tagged : /

Leave a Reply

Your email address will not be published. Required fields are marked *