ស្ត្រីអង់គ្លេសម្នាក់ដែលមានវីរុស Covid-19 កំពុងស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម

ស្រ្តីជនជាតិអង់គ្លេសម្នាក់អាយុ ៦៥ឆ្នាំ ដែលធ្វើដំណើរតាមនាវាពីប្រទេសវៀតណាមមកចូលចតនៅខេត្តកំពង់ចាម ត្រូវបានរកឃើញមានផ្ទុកវីរុស Covid-19 ក្រោយការធ្វើតេស្តនៅមន្ទីររុស្សី នាល្ងាចថ្ងៃទី១០ ខែមីនា នេះ។​ នេះបើតាមការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែត នារាត្រីថ្ងៃអង្គារនេះ។

លោក ម៉ម ប៊ុនហេង បានប្រាប់ថា ស្រ្តីជនជាតិអង់គ្លេសរូបនេះ និងអ្នករួមដំណើរជាមួយគ្នា៤នាក់ទៀត បានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងដ៏ មកប្រទេសវៀតណាម បន្ទាប់មកកាលពីថ្ងៃទី៥ ខែមីនា ក៏បន្តដំណើរតាមនាវាចេញពីទីក្រុងហូជីមីញ មកដល់កំពង់ផែភ្នំពេញនាថ្ងៃទី៧ ខែមីនា។ នៅពេលមកដល់កំពង់ផែក្រុងភ្នំពេញនោះ ក្នុងចំណោមស្រ្តីជនជាតិអង់គ្លេសទាំង ៥នាក់ រួមដំណើរជាមួយគ្នា គឺមានតែ ៣រូប ប៉ុណ្ណោះយល់ព្រមឱ្យពិនិត្យសុខភាព ខណ: ២រូប ទៀតមិនព្រមឱ្យពិនិត្យសុខភាពឡើយដោយអះអាងថាមិនមានបញ្ហាសុខភាពអ្វីទេ។ បន្ទាប់មកអ្នកទាំងអស់នោះ ក៏បន្តដំណើរតាមនាវាពីក្រុងភ្នំពេញឆ្ពោះទៅសំចតនៅកំពង់ផែក្រុងកំពង់ចាម ប៉ុន្តែពេលនោះភាគីវៀតណាមក៏បានផ្តល់ដំណឹងមកភាគីកម្ពុជាក្នុងករណីសង្ស័យឆ្លងវីរុស Covid-19 លើ​ស្ត្រីជនជាតិអង់គ្លេសនៅលើនាវា ដូចនេះក្រសួងសុខាភិបាល បានចេញសកម្មភាពភ្លាមៗ រកស្ត្រីជនជាតិអង់គ្លេសនោះ មកពិនិត្យរកមេរោគនៅមន្ទីរពេទ្យរុស្សី ហើយលទ្ធផលនាល្ងាចថ្ងៃទី១០ ខែមីនា នេះក៏បង្ហាញថា មានភាពវិជ្ជមានវីរុស Covid-19។

ក្រសួងសុខភិបាលកម្ពុជា អះអាងថា ស្ត្រីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំ នេះបានឆ្លងវីរុស Covid-19 ពេលធ្វើដំណើរតាមជើងយន្តហោះពីទីក្រុងឡុងដ៏ មកកាន់ប្រទេសវៀតណាម។ 

គួរបញ្ជាក់ថា នាពេលនេះមនុស្សនៅលើនាវាទាំង ៦៤នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវាឡើយ ដោយស្ថិតនៅក្រោមការតាមដានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលកម្ពុជា៕ ដោយ ៖ មករា

Tagged : /

Leave a Reply

Your email address will not be published. Required fields are marked *