សង្ស័យងងុយដេក ជិះទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ គាបជាប់អ្នកបើកបររងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញ១គ្រឿង បើកក្នុងល្បឿនលឿន សង្ស័យអ្នកបើកបរងងុយដេក បានជ្រុលទៅបុកពីក្រោយរថយន្តដឹកអង្ករកំពុងឈប់ស្ងៀមពេញទំហឹង បណ្ដាលឲ្យគាបជាប់អ្នកបើកបរនៅក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅតាមវិថីឈ្នះឈ្នះ ត្រង់ចំណុចជិតផ្លូវដែកខ្សែភ្នំពេញ-បាត់ដំបង ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបើកបររថយន្តធុនធំដឹកទំនិញ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-5072។ ចំណែករថយន្តដឹកអង្ករដែលឈប់ស្ងៀមនោះម៉ាកនីស្សាន់ឌីសែល ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6633 បើកបរដោយបុរសមិនស្គាល់ឈ្មោះដូចគ្នា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកអង្ករបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឈប់នៅលើផ្លូវ ហើយអ្នកបើកបរបានចុះទៅគោះមើលកង់ ដោយសង្ស័យថាកង់រថយន្តនោះធ្លាយឬធូរ ។ ស្របពេលនោះ ស្រាប់តែរថយន្តដឹកទំនិញធុនធំខាងលើ បើកបរស្របទិសគ្នាក្នុងល្បឿនលឿន បានទៅដល់ ហើយសង្ស័យអ្នកបើកបរងងុយដេកងោកមួយភាំង ទើបមើលមិនឃើញ ក៏បានបុកពីក្រោយរថយន្តដឹកអង្ករនេះពេញទំហឹង។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យរថយន្តដឹកទំនិញខូចខាតកាប៊ីនមុខទាំងស្រុង ហើយគាបជាប់អ្នកបើកបររងរបួសធ្ងន់ធ្ងរ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ រួចទំនាក់ទំនងទៅកាន់អង្គភាព៧១១ ឲ្យចុះទៅជួយគាស់យកជនរងគ្រោះចេញ និងបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ក្រោយមក នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ សួង សាម

Tagged :

Leave a Reply

Your email address will not be published. Required fields are marked *