ជើងខ្លាំងបោកប្រាស់ ត្រូវពលរដ្ឋចាប់ក្របួចនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ ជើងខ្លាំងខាងបោកប្រាស់ម្នាក់ ត្រូវពលរដ្ឋក្របួចបាន រីឯម្នាក់ទៀតរត់រួចខ្លួនបាត់ នៅម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី ៦ ខែ មីនានេះ ត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ 

ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ 

ជនងរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្របានឲ្យដឹងថា នៅម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី០៦ ខែមិនា ពេលនាងហូបបាយរួចដើរទៅរោងចក្រវិញ តែមុននឹងចូល ឆ្លៀតដើរទៅកន្លែងលក់ឃ្នាបសក់ ខាងមុខរោងចក្រ។ ពេលនោះក៏បានជួបស្ត្រីជនសង្ស័យម្នាក់ដើរមកខ្សឹបប្រាប់ថា មានគេជ្រុះកញ្ចប់មាស លុយ ភ្លាមនោះក៏ស្រាប់តែស្ត្រីជនសង្ស័យម្នាក់ទៀតមកដល់ ប្រាប់ថាកុំមាត់ រើសបានទុកចែកគ្នា ហើយល្បួងនាំនាងចេញទៅភូមិជង្រុក ល្បួងចែកទ្រព្យ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន។ 

ជនរងគ្រោះបន្តថា ក្រោយពីជនសង្ស័យលួងយកទ្រព្យអស់ទើបដឹងថា ការប្តូរគ្នានោះនាងទទួលបានតែរបស់កាឡៃ ទើបស្រែកយំស្ទុះចាប់កន្ទុយម៉ូតូជាប់ពេលជនសង្ស័យបម្រុងជិះរត់គេចខ្លួន ផ្អើលអ្នកភូមិ ចាប់បានម្នាក់ រីឯបក្ខពួករត់រួចបាត់អស់។ នាងបន្តថា បាត់បង់ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លា កងដៃមួយឈុត ២៥កង តម្លៃ៩៣៥ដុល្លា ចិញ្ចៀនប្លាទីន តម្លៃ១២០ដុល្លា សរុប១២៧០ដុល្លា។ ក្រោយកើតហេតុទើបឃើញ សមត្ថកិច្ចមកដកហូតម៉ូតូស្មាស់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ៕ ដោយ៖ សុភាព

Tagged : /