ក្តៅគគុកនៅអ៊ីរ៉ាក់៖ អាមេរិកវាយសងសឹក​​ក្រុមឧទ្ទាមជិតព្រំដែនស៊ីរី​

ប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន​បានផ្សាយថា ការវាយប្រហារ​បានកើតឡើង​ ទៅលើ​មូលដ្ឋាន​យោធា​អាមេរិក Taji នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ ការវាយប្រហារនេះ​សម្លាប់​ទាហាន​៣នាក់ និង​១២នាក់​បានរងរបួស ។

ក្រោយសកម្មភាពនេះភ្លាម កងទ័ព​អាមេរិក​ក៏បានវាយប្រហារ​តាមអាកាស ​ប្រឆាំង​ទៅលើ​ក្រុមឧទ្ទាម​នៅក្នុងទឹកដីអ៊ីរ៉ាក់ ស្ថិតនៅក្នុងខេត្ត Anbar ជិតព្រំដែន​ជាមួយប្រទេសស៊ីរី​នោះវិញផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព sputnik ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ 

ប្រភព Sky News Arbabia បានផ្សាយថា ការវាយប្រហារ​នៅលើទឹកដីអ៊ីរ៉ាក់របស់កងកម្លាំងអាមេរិកនេះ ​គឺប្រឆាំង​ទៅលើ​មូលដ្ឋានកងកម្លាំង​ PMF (Popular Mobilization Forces) ។ 

ប្រភពបានបញ្ជាក់ថា «យន្តហោះចម្បាំង​អាមេរិក​បានវាយប្រហារ​តាមអាកាស​ទៅកាន់មូលដ្ឋាន​របស់ពួកជីវពល al-Hashd al-Shaabi ស្ថិតនៅក្នុងភូមិ al-Khuray ខេត្ត Anbar» ។ មិនទាន់មានព័ត៌មាន​ស្តីអំពី​គ្រោះថ្នាក់​បាត់បង់ជីវិត​នៅឡើយទេ។ 

ទីភ្នាក់ងារព័ត៌មាន SANA បានផ្សាយថា ការវាយប្រហារ​របស់អាមេរិក​ បានកើតឡើង​នៅជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ស៊ីរី​ ជាប់ជាមួយ​អ៊ីរ៉ាក់ ក្នុងតំបន់ Deir ez-Zor ទីក្រុង Abu Kamal ។ សម្ភារ​ខ្លះៗ​បានខូចខាត​ដោយការវាយប្រហារ​នេះ ។ 

នៅពេលមុននេះ, កម្លាំងសម្ពន្ធមិត្ត​ដឹកនាំដោយសហរដ្ឋអាមេរិក​ដែលកំពុងប្រយុទ្ធប្រឆាំង​​ទៅលើ​ក្រុម​ភេរវកម្ម Daeshនោះ​ បានបញ្ជាក់ថា រ៉ុក្កែត​ធុនតូច​ជាង​១៥គ្រាប់​ បានវាយប្រហារ​មកលើមូលដ្ឋានយោធា​Taji នៅក្នុងទឹកដីអាមេរិក ។ មូលដ្ឋាននេះ​ ជាទីតាំងស្ថិតនៅ​របស់កងកម្លាំង​សម្ពន្ធមិត្ត ។ 

ក្រោយពី​សេចក្តីថ្លែងការណ៍បែបនេះ​របស់​កម្លាំងសម្ពន្ធមិត្ត, ប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន​ក៏បាន​ផ្សាយ ដោយដកស្រង់ប្រភព​ពីមន្ត្រីសហរដ្ឋអាមេរិក​មិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា យ៉ាងតិច​ពលរដ្ឋអាមេរិក​២នាក់ និង​ពលរដ្ឋ​អង់គ្លេស​ម្នាក់​បានស្លាប់​ក្នុងការវាយប្រហារដោយរ៉ុក្កែត​ទៅលើមូលដ្ឋាន​យោធា​នៅអ៊ីរ៉ាក់ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​បន្តថា មនុស្សជាច្រើនផ្សេងទៀត​បានរងរបួស​ដោយសារការវាយប្រហារនេះផងដែរ ។ របាយការណ៍​បឋម​បានបញ្ជាក់ដោយ​អ្នកនាំពាក្យ​កម្លាំងសម្ពន្ធមិត្ត​បញ្ជាក់ថា ទាហាន​​៣នាក់បានស្លាប់ និងប្រហែល​១២នាក់ផ្សេងទៀត​បានរងរបួស ក្នុងការវាយប្រហារនេះ ៕ ប្រែសម្រួលដោយ៖ thach 

Tagged : /