កម្ពុជាពុំមែនជាប្រភពចម្លង COVID-១៩ ទេ ករណីដែលផ្ទុះឡើងសុទ្ធតែត្រូវបាន “នាំចូល” ដោយជនបរទេស

កម្ពុជាបានផ្ទុះ COVID-១៩ ករណីទី៣បន្ទាប់ពីមានភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់នៅខេត្តកំពង់ចាមត្រូវបានរកឃើញថាបានឆ្លងជំងឺ COVID-១៩។

បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា កម្ពុជារកឃើញករណីឆ្លងជំងឺកូរ៉ូណា (COVID-១៩) លើភ្ញៀវទេសចរដែលជាស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំនៅខេត្តកំពង់ចាមមក បានបង្កឱ្យមានការភិតភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាមផ្ទាល់តែម្តង។

ទោះយ៉ាងណា អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាបានថ្លែងនៅក្នុងសន្និសីទនេះថា ថ្វីត្បិតតែកម្ពុជាផ្ទុះករណីទី៣នៃ COVID-១៩ ពិតមែន ប៉ុន្តែករណីថ្មីនេះមិនមែនឆ្លងនៅក្នុងទឹកដីកម្ពុជានោះទេ ជាក់ស្តែងគឺឆ្លងពីប្រទេសវៀតណាម។ រហូតមកដល់បច្ចុប្បន្ននេះ ករណី COVID-១៩ នៅកម្ពុជាសុទ្ធតែត្រូវបាន “នាំចូល” តាមរយៈជនជាតិបរទេសទាំងអស់ កម្ពុជាពុំទាន់ក្លាយជាតំបន់នៃប្រភពចម្លង COVID-១៩ នោះឡើយ ហើយក៏ពុំមានការឆ្លងរាលដាលដល់សហគមន៍ណាមួយដែរ។

ដោយសារតែករណី COVID-១៩ ទី៣នេះបានផ្ទុះឡើងនៅក្នុងទឹកដីខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម​បានផ្ញើសារប្រាប់ពលរដ្ឋ​កុំឱ្យភិតភ័យ​ចំពោះការរកឃើញ COVID-១៩ ករណីទី៣លើនាវាទេសចរណ៍ដែលចូលចតនៅខេត្តកំពង់ចាមនេះ ដោយសាលាខេត្តកំពង់ចាមបានបញ្ជាក់ថា៖

១. ភ្ញៀវទេសចរជនជាតិអង់គ្លេសនោះមិនមែនឆ្លងជម្ងឺ COVID-១៩ ក្នុងប្រទេសកម្ពុជាទេ​ គាត់ឆ្លងពេលគាត់នៅលើយន្តហោះក្នុងពេលធ្វើដំណើរ​ពីប្រទេសរបស់គាត់មកកាន់ប្រទេសវៀតណាម។

២. ស្ត្រីជនជាតិអង់គ្លេសរូបនេះស្នាក់នៅលើនាវាទេសចរណ៍​ មិនបានចុះមកលើគោកទេ ជាពិសេសគាត់​ស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង​ មិនបាន​នៅលាយឡំជាមួយភ្ញៀវទេសចរដទៃទៀតទេ។

៣. បច្ចុប្បន្នគាត់បាននិងកំពុងតែត្រូវបានពិនិត្យព្យាបាលដោយយកចិត្តទុកដោយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាមក្នុងបន្ទប់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ស្ត្រីជនជាតិអង់គ្លេសខាងលើបានធ្វើដំណើរតាម​នាវាទេសចរណ៍ឈ្មោះ​ Viking Cruise Journey ចេញពីកំពង់ផែ ម៉ៃថូ ទីក្រុង​ហូជីម៉ិញ ដោយបានធ្វើដំណើរតាមច្រកក្អមសំណរមកកាន់កម្ពុជា ហើយបានចូលចតនៅរាជធានីភ្នំពេញមុននឹងបន្តដំណើរនិងចូលចតនៅខេត្តកំពង់ចាម។

ក្រោយបានទទួលដំណឹងពីខាងភាគីវៀតណាមថា ស្ត្រីជនជាតិអង់គ្លេសរូបនេះបានធ្វើដំណើរតាមជើងយន្តហោះ VN ០៣៤ ដោយអង្គុយជាប់នឹងជនជាតិវៀតណាមម្នាក់ដែលឆ្លងជំងឺ COVID-១៩ ក្រសួងសុខាភិបាលកម្ពុជាក៏បានចាត់បញ្ជូនមន្ត្រីជំនាញដើម្បីស្វែងរកនិងធ្វើតេស្តទៅលើស្ត្រីជនជាតិអង់គ្លេសរូបនេះ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសលទ្ធផលធ្វើតេស្តលើស្ត្រីជនជាតិអង់គ្លេសនេះនៅម៉ោង ៤ និង ៣០ នាទី​រសៀល ថ្ងៃទី​១០​ ខែ​មីនា ឆ្នាំ២០២០។ ក្រុមមន្ត្រីជំនាញក្រសួងសុខាភិបាលក៏បានចុះទៅខេត្តកំពង់ចាមដើម្បីតាមដានស្ថានភាពវិវឌ្ឈនៃជំងឺនេះតាំងពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏នឹងយកសំណាករបស់អ្នកដំណើរលើនាវាសរុបទាំងអស់ ៦៥នាក់ រួមទាំងនាវិកផងដែរដើម្បីស្វែងរក COVID-១៩។

តាមព័ត៌មានបានឱ្យដឹងថា នាវានោះបានចាកចេញពីទីក្រុងហូជីម៉ិញកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ និងបានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលកំពុងស្វែងរកព័ត៌មានបន្ថែមពីការធ្វើដំណើររបស់ក្រុមទេសចរទាំង ៦៤ នាក់ខណៈពេលដែលពួកគាត់ចូលចតនៅរាជធានីភ្នំពេញមុនពេលចាកចេញតាមនាវាដដែល​ទៅខេត្តកំពង់ចាម ក្នុងនោះបូករួមទាំងអ្នកបកប្រែដែលជាស្ត្រីជនជាតិខ្មែរម្នាក់ផងដែរ។

ទោះយ៉ាងណា បើតាមលោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាលបានបញ្ជាក់ថា​ អ្នកដំណើរទាំងអស់នៅលើនាវានោះមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវានោះទេ លើកលែងតែស្ត្រីជនជាតិអង់គ្លេសដែលមានវិជ្ជមាន COVID-១៩ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដើម្បីធ្វើការព្យាបាលដាច់ដោយឡែក។ លោកក៏បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់និងស្ថាប័នពាក់ព័ន្ធកំពុងតែធ្វើការយ៉ាងតឹងរ៉ឹងលើនាវាខាងលើ ដោយមិនអនុញ្ញាតិឱ្យភ្ញៀវទេសចរលើនាវានោះណាម្នាក់ចាកចេញពីនាវាឡើយ ហើយក៏មិនអនុញ្ញាតឱ្យអ្នកដែលមិនជាប់ពាក់ព័ន្ធឬគ្មានភារកិច្ចចូលទៅក្នុងនាវានោះដែរ។

គួររម្លឹកថា នេះជាករណីទី៣ហើយសម្រាប់កម្ពុជា បន្ទាប់ពីជនជាតិចិននៅខេត្តព្រះសីហនុនិងជនជាតិខ្មែរនៅខេត្តសៀមរាបដែលត្រូវបានរកឃើញថាឆ្លងជំងឺ COVID-១៩៕ ដោយ សុងឈីង

Tagged : /