ស្ត្រីអង់គ្លេសម្នាក់ដែលមានវីរុស Covid-19 កំពុងស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម

ស្រ្តីជនជាតិអង់គ្លេសម្នាក់អាយុ ៦៥ឆ្នាំ ដែលធ្វើដំណើរតាមនាវាពីប្រទេសវៀតណាមមកចូលចតនៅខេត្តកំពង់ចាម ត្រូវបានរកឃើញមានផ្ទុកវីរុស Covid-19 ក្រោយការធ្វើតេស្តនៅមន្ទីររុស្សី នាល្ងាចថ្ងៃទី១០ ខែមីនា នេះ។​ នេះបើតាមការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែត នារាត្រីថ្ងៃអង្គារនេះ។

លោក ម៉ម ប៊ុនហេង បានប្រាប់ថា ស្រ្តីជនជាតិអង់គ្លេសរូបនេះ និងអ្នករួមដំណើរជាមួយគ្នា៤នាក់ទៀត បានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងដ៏ មកប្រទេសវៀតណាម បន្ទាប់មកកាលពីថ្ងៃទី៥ ខែមីនា ក៏បន្តដំណើរតាមនាវាចេញពីទីក្រុងហូជីមីញ មកដល់កំពង់ផែភ្នំពេញនាថ្ងៃទី៧ ខែមីនា។ នៅពេលមកដល់កំពង់ផែក្រុងភ្នំពេញនោះ ក្នុងចំណោមស្រ្តីជនជាតិអង់គ្លេសទាំង ៥នាក់ រួមដំណើរជាមួយគ្នា គឺមានតែ ៣រូប ប៉ុណ្ណោះយល់ព្រមឱ្យពិនិត្យសុខភាព ខណ: ២រូប ទៀតមិនព្រមឱ្យពិនិត្យសុខភាពឡើយដោយអះអាងថាមិនមានបញ្ហាសុខភាពអ្វីទេ។ បន្ទាប់មកអ្នកទាំងអស់នោះ ក៏បន្តដំណើរតាមនាវាពីក្រុងភ្នំពេញឆ្ពោះទៅសំចតនៅកំពង់ផែក្រុងកំពង់ចាម ប៉ុន្តែពេលនោះភាគីវៀតណាមក៏បានផ្តល់ដំណឹងមកភាគីកម្ពុជាក្នុងករណីសង្ស័យឆ្លងវីរុស Covid-19 លើ​ស្ត្រីជនជាតិអង់គ្លេសនៅលើនាវា ដូចនេះក្រសួងសុខាភិបាល បានចេញសកម្មភាពភ្លាមៗ រកស្ត្រីជនជាតិអង់គ្លេសនោះ មកពិនិត្យរកមេរោគនៅមន្ទីរពេទ្យរុស្សី ហើយលទ្ធផលនាល្ងាចថ្ងៃទី១០ ខែមីនា នេះក៏បង្ហាញថា មានភាពវិជ្ជមានវីរុស Covid-19។

ក្រសួងសុខភិបាលកម្ពុជា អះអាងថា ស្ត្រីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំ នេះបានឆ្លងវីរុស Covid-19 ពេលធ្វើដំណើរតាមជើងយន្តហោះពីទីក្រុងឡុងដ៏ មកកាន់ប្រទេសវៀតណាម។ 

គួរបញ្ជាក់ថា នាពេលនេះមនុស្សនៅលើនាវាទាំង ៦៤នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវាឡើយ ដោយស្ថិតនៅក្រោមការតាមដានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលកម្ពុជា៕ ដោយ ៖ មករា

Tagged : /

ខេត្តហ៊ូប៉ីគ្មានអ្នកឆ្លងវីរុស Covid-19 ក្នុងរយៈពេល២៤ម៉ោង

សារព័ត៌មានរ៉យទ័រ បានផ្សាយ កាលពីថ្ងៃទី៦ ខែមីនា ថា ក្នុងរយៈពេល២៤ម៉ោង នៅក្នុងខេត្តហ៊ូប៉ី លើកលែងតែទីក្រុងវូហាន មិនមានករណីឆ្លងវីរុសថ្មីម្នាក់ណាឡើយ។ នេះចាត់ទុកជារឿងដ៏ល្អបំផុត សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តនេះ។

ដោយឡែក នៅទីក្រុងវូហាន កាលពីថ្ងៃទី៥ ខែមីនា មានករណីឆ្លងថ្មីតែ១២៦នាក់ប៉ុណ្ណោះ ក្នុងរយៈពេល២៤ម៉ោង។ ចំណែកនៅទូទាំងប្រទេសចិនវិញ មានអ្នកឆ្លងតែ១៧នាក់ប៉ុណ្ណោះ។ បើសរុប​អ្នកឆ្លងនៅចិន មានចំនួន១៤៣នាក់ និងស្លាប់៣១នាក់តែប៉ុណ្ណោះ។

នៅក្នុងប្រទេសចិន មានអ្នកឆ្លង និងស្លាប់ថយចុះ ដោយសារតែចិនចាត់វិធានការយ៉ាងតឹងតែងបំផុត ដោយខេត្តហូប៉ីទាំងមូល មានពលរដ្ឋរហូតដល់ទៅ៥៨លាននាក់ ត្រូវកាត់ផ្តាច ទាំងស្រុង ពីខេត្តក្រុងផ្សេងៗទៀត។

ពលរដ្ឋត្រូវបានហាមប្រាមចេញក្រៅផ្ទះ ហើយក្នុងមួយគ្រួសារមានសិទ្ធិចេញក្រៅតែម្នាក់ប៉ុណ្ណោះ ដោយចេញបានតែ៣លើកក្នុងមួយថ្ងៃ ដើម្បីទិញសម្ភារ និងស្បៀងអាហារចាំបាច់។ រីឯអ្នកចេញទៅផ្សារ គឺត្រូវនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច១,៥ម៉ែត្រ មិនថាអ្នកស្គាល់ ឬមិនស្គាល់នោះឡើយ។ រថយន្តត្រូវបានហាមបើកបរនៅតាមដងផ្លូវនានា លើកលែងតែរថយន្តសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។

ដោយឡែកឱសថស្ថាននានា ក៏ត្រូវតែគត់ឈ្មោះអ្នកទិញ ទីតាំង កន្លែងរស់នៅ ហើយទិញថ្នាំអ្វី ក្អកឬក្តៅរងារ … ដើម្បីងាយស្រួល ក្នុងការតាមដានទប់ស្កាត់។ ការអនុម័តច្បាប់យ៉ាងតឹងតែងបែបនេះ ទើបចិនអាចទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសរលាកផ្លូវដង្ហើមថ្មីយ៉ាងមានប្រសិទ្ធភាពបំផុត៕ ប្រែសម្រួលដោយ៖MEO

Tagged : / /