Facebook Twitter Google+ Share

វណ្ណេត និង​វណ្ណា ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់​ថ្ងៃ​សៅរ៍​នេះ

2018-1-12 11:49| Johny | postkhmer

ភ្នំពេញ: កីឡាករ​ប្រដាល់​ជើង​ចាស់​អ៊ុំ វណ្ណេត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា និង​កីឡាករ​ថ្មី​វ័យ​ក្មេង​សៅ វណ្ ...

ភ្នំពេញ: កីឡាករ​ប្រដាល់​ជើង​ចាស់​អ៊ុំ វណ្ណេត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា និង​កីឡាករ​ថ្មី​វ័យ​ក្មេង​សៅ វណ្ណា មក​ពី​ក្លិប​វាល​ស្បូវ​ច្បារ​អំពៅ នឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់ អម​ដោយ​ទឹក​ប្រាក់​ចំនួន ៤០០០ ដុល្លារ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ នៅ​ឯ​ព្រែក​កំពឹស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល នា​ថ្ងៃ​សៅរ៍ ទី ១៣ ខែ​មករា ឆ្នាំ ២០១៨។

សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ អ្នក​ទាំង ២ បាន​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ម្នាក់ៗ​ចំនួន ៤ លើក ដោយ​ឈ្នះ​ដៃគូ​មក​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ជួបគ្នា​ក្នុង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​សៅរ៍​នេះ។

អ៊ុំ វ​ណ្ណេ​ត ដែល​គេ​ធ្លាប់​ស្គាល់​ថា​ម៉ន គឹមឡុង នោះ ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​វគ្គ​ទី ៣ នៅ​សង្វៀន​ប្រដាល់ ស៊ីធីអិន កាល​ពី​ជិត ១០ ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​បាន​បាត់​ខ្លួន​ពី​សង្វៀន​ជាច្រើន​ឆ្នាំ និង​ទើប​តែ​ចាប់ផ្តើម​ចូល​ប្រឡូក​ឡើង​វិញ ខណៈ​ដែល​សមត្ថភាព និង​កម្លាំង​ហាក់​ដូច​ធ្លាក់​ចុះ​ជាង​ពេល​មុនៗ ហើយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​លំដាប់​ជើង​ថ្មី និង​ខ្លាំង​ទៀត​ផង។

អ៊ុំ វណ្ណេត ធ្លាប់​ស្គាល់​សង្វៀន​ជាង ១០ ឆ្នាំ ចំណែក​ប្រវត្តិ​ប្រកួត​រាប់​ជា​ផ្លូវការ​ដែល​បាន​ចុះ​បញ្ជី​បាន​ចំនួន ៨៨ លើក ឈ្នះ ៧៨ លើក ចាញ់ ១០ លើក។

ក្នុងអំឡុង​ប្រកួត​វគ្គ​ជម្រុះ​ចំនួន ៤ ប្រកួត អ៊ុំ វណ្ណេត ឈ្នះ​អ៊ុំ កំសត់ ឈ្នះ​ភុន សោភ័ណ្ឌ ឈ្នះ​វ៉ែង ជីវ៉ុង និង​ឈ្នះ គឹម វាសនា។ លោក​ម៉ាង ម៉ន គ្រូ​បង្វឹក បាន​និយាយ​ថា៖ «កីឡាករ អ៊ុំ វណ្ណេត កំពុង​ហ្វឹកហាត់​បង្កើន​កម្លាំង និង​បច្ចេកទេស​យ៉ាង​មមាញឹក​បំផុត​ជាមួយ​គ្រូបង្វឹក ៣ នាក់​ផ្លាស់ប្តូ​គ្នា​មាន ម៉ន សាម៉េត, ម៉ន វិរៈ ជាដើម»។

លោក​ម៉ាង ម៉ន បាន​បន្តថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត និង​សង្ឃឹម ៧០ ភាគរយ​លើ​ការ​យក​ឈ្នះ​លើ​ដៃគូ»។

ចំណែក​ម៉ន សាម៉េត ជា​សិស្ស​រួម​គ្រូ បាន​និយាយ​ថា គេ​មាន​សង្ឃឹម​ឈ្នះ​លើ​សៅ​វណ្ណា ដល់​ទៅ ៩០ ភាគរយ​ខណៈ​ដែល​ម្ចាស់​ខ្លួន​កីឡាករ អ៊ុំ វណ្ណេត សង្ឃឹម​ឈ្នះ ១០០ ភាគរយ។

ចំណែក​កីឡាករ​សៅ វណ្ណា ដែល​ជា​កីឡាករ​លំដាប់​អ្នក​ប្រដាល់​ជំនាន់​ថ្មី មាន​បទពិសោធ​តិច​បំផុត ក្រោយ​ពី​ស្គាល់​សង្វៀន​ប្រកួត​បាន​ត្រឹម ៥ ខែ​ប៉ុណ្ណោះ។ ចំនួន​ប្រកួត​របស់​សៅ វណ្ណា មាន​ចំនួន ២៩ លើក ឈ្នះ ២៨ លើក និង​ចាញ់​តែ ១ លើក។ នៅ​ក្នុង​វគ្គ​ជម្រុះ​ចំនួន ៤ ប្រកួត សៅ វណ្ណា បាន​យក​ឈ្នះ​ណាម ម៉ូរ៉ាក់ ឈ្នះ​វុត្ថា ប៊ុនឃាង ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់​ពុយ វណ្ណៈ និង​ឈ្នះ ង៉ែត្រ រដ្ឋា។

សៅ វណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ការ​ប្រកួត​លើក​នេះ ខ្ញុំ​ចង់​ឈ្នះ​ខ្សែ​ក្រវាត់​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្ញុំ ក្នុង​នោះ​ខ្ញុំ​បាន​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ជាមួយ​គ្រូ ដោយ​សង្ឃឹម​ឈ្នះ ១០០ ភាគរយ»។

ទោះជា​យ៉ាងណា សៅ វណ្ណា បាន​ប្រាប់​ថា៖ «ជ័យជម្នះ​នេះ​មិន​មែន​ងាយ​ស្រួល​ទេ​គឺ​ប្រកួត​ចង់​យក​ឈ្នះ​រៀងៗ​ខ្លួន ប៉ុន្តែ​អ្វីៗ​វា​ស៊ីសង​នៅ​លើ​សង្វៀន ហើយ​ខ្ញុំ​ចង់​ឲ្យ​ចៅក្រម និង​គណៈកម្មការ​ប្រកួត សម្រេច​សេចក្តី​ឲ្យ​មាន​សុក្រឹត យុត្តិធម៌ កុំ​ឲ្យ​ប្រកាន់​បក្ខ​ពួក»។

លោក​ម៉ៃ សុភា គ្រូបង្វឹក បាន​និយាយ​ថា ការ​ហ្វឹកហាត់ និង​ថែទាំ​សុខភាព​របស់​វណ្ណា គឺ​ត្រៀម​លក្ខណៈ​បាន​ល្អ​ណាស់។

លោក​បន្តថា៖ «ខ្ញុំ​សង្ឃឹម​ឈ្នះ ៩០ ភាគរយ​ពីព្រោះ​ថា ឆ្លង​កាត់​ការ​ប្រកួត​ត្រឹម​តែ ៥ ខែ ដោយ​ប្រកួត​បាន ២៩ លើក ខ្ញុំ​តាម​ដាន និង​គិតថា មិន​ដែល​ចាញ់​ពិន្ទុ​ទេ ប៉ុន្តែ​មាន​ការ​កាត់​ក្តី​មិន​យុត្តិធម៌ ដែល​នាំ​ឲ្យ​ស្ថិតិ​ប្រកួត​របស់​សៅ វណ្ណា ចាញ់​គេ​តែ​ម្តង​គត់»។

លោក​ម៉ៃ សុភា មាន​ទំនុកចិត្ត​ឈ្នះ ៩០ ភាគរយ ប៉ុន្តែ​លោក​ថា កូន​សិស្ស​លោក​នឹង​ជួប​ឧបសគ្គ​ធំ លំបាក​ឈ្នះ​ដូចគ្នា។ ជាមួយ​គ្នា​នេះ​ដែរ គូ​ប្រដាល់​យក​ចំណាត់​ថ្នាក់​លេខ ៣ កីឡាករ​ង៉ែត្រ រដ្ឋា មក​ពី​តាព្រហ្ម​មានជ័យ ត្រូវ​ប្រកួត​ជាមួយ​គឹម វាសនា មក​ពី​ក្លិប​ទ័ព្រ​ឆត្រ​យោង ៩១១។ អ្នក​ឈ្នះ​លេខ ១ ទទួល​បាន​ទឹក​ប្រាក់ ៤០០០ ដុល្លារ លេខ ២ បាន់ ២០០០ ដុល្លារ​លេខ ៣ បាន ៧៥០ ដុល្លារ និង​លេខ ៤ ទទួល​មាន ៥០០ ដុល្លារ​អាមេរិក។

លោក​សេង កដិកា នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​សង្វៀន​ប៉ុស្តិ៍​លេខ ៥ មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​ការ​រៀបចំ​ទាក់ទង​នឹង​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ឡើយ ខណៈ​ដែល​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ច្រើន​លើក តែ​គ្មាន​អ្នក​ទទួល៕

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top