Facebook Twitter Google+ Share

គ្រូ​បឹងកេត ត្រៀម​ប្រើ Julius ដើម្បី​យក​ឈ្នះ​ក្រុម​ឡាវ ថ្ងៃនេះ

2018-2-3 11:01| Johny | postkhmer

ភ្នំពេញៈ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត លោក កែវ កុសល គ្រោង​នឹង​ប្រើប្រាស់​ភាព​មាន​ប្រៀប​ផ្នែក​កាយ​សម្បទា ...

ភ្នំពេញៈ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត លោក កែវ កុសល គ្រោង​នឹង​ប្រើប្រាស់​ភាព​មាន​ប្រៀប​ផ្នែក​កាយ​សម្បទា និង​កម្ពស់​របស់​ខ្សែ​ប្រយុទ្ធ Julius Oiboh ដើម្បី​ទទួល​បាន​ឱកាស​រក​បាន​គ្រាប់​បាល់ សម្រាប់​ការ​ប្រកួត​កាត់​សេចក្តី​ជើង​ទី ២ វគ្គ​ជម្រុះ Play off Stage នៃ​ពាន​រង្វាន់ AFC Cup 2018 ជាមួយ​ក្រុម Lao Toyota FC នៅ​កីឡដ្ឋាន​ជាតិ​ឡាវ ក្នុង​ទីក្រុង​វៀងចន្ទន៍ ល្ងាច​ម៉ោង ៦:០០ ថ្ងៃ​សុក្រ នេះ។

លោក កែវ កុសល បាន​និយាយ​ថា៖ «ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​យើង​ព្យាយាម​ប្រយុទ្ធ ដោយ​យើង​បោះ​បាល់​ទៅ​ឲ្យ​កីឡាករ​របស់​យើង ដែល​មាន​មាធ​ធំ Julius គឺ​យើង​បាន​ផល អ៊ីចឹង​នៅ​ពេល​លេង​នៅ​លើ​ទឹកដី​ឡាវ យើង​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ច្រើន​ជាង​ការពារ គឺ​យើង​ត្រូវ​ព្យាយាម​ទាត់​បាល់​ផ្លោង​ឲ្យ​ចំ Julius និង​មាន​អ្នកគាំទ្រ​ពី​ខាង​ក្រោយ ដើម្បី​ទាមទារ​រក​គ្រាប់​បាល់»។

បន្ថែម​លើ​នេះ គ្រូបង្វឹក​ថ្មី​របស់​ក្រុម​បឹងកេត រូបនេះ ក៏​ត្រៀម​កែប្រែ​នូវ​ចំណុច​ខ្វះខាត ដែល​បាន​កើត​មាន​ឡើង ក្នុងការ​ប្រកួត​ជើង​ទី ១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ចន្ទ ផងដែរ ដោយ​ការប្រកួត​នោះ​ក្រុម Lao Toyota បាន​វាយ​បក​តាម​ស្មើ​ក្រុម​បឹងកេត ៣-៣ នៅ​ចុង​ម៉ោង ខណៈ​ខ្សែប្រយុទ្ធ​ពាក់​លេខ ១៨ ជនជាតិ​ជប៉ុន Kazuo Homma បាន​រក​ឃើញ​គ្រាប់​បាល់​ទី ២ របស់​គេ នៅ​នាទី​ទី ៨៧។

ការ​ស្មើគ្នា ៣-៣ នៅ​លើ​ទឹកដី​ខ្លួនឯង​នេះ វា​បាន​ធ្វើ​ឲ្យ​ក្រុម​បឹងកេត ហាក់​ចាញ់​ប្រៀប​ក្រុម Lao Toyota សម្រាប់​ការ​ប្រកួត​កាត់​សេចក្តី​ជើង​ទី ២ ដើម្បី​រក​ក្រុម​ឈ្នះ​ពិត​ប្រាកដ ឡើង​ទៅ​លេង​នៅ​វគ្គ Group Stage គឺ​មានន័យ​ថា បឹងកេត ត្រូវការ​ឈ្នះ​ដាច់​ខាត ព្រោះ​លទ្ធផល​ស្មើគ្នា ១-១ ឬ ២-២ ក៏​ធ្វើ​ឲ្យ​ពួកគេ ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដែរ។

លោក កែវ កុសល បាន​គូស​បង្ហាញ​ថា៖ «យើង​ត្រូវ​ពង្រឹង​នៅ​តំបន់​ការពារ​ឡើង​វិញ ព្រោះ​ខ្សែ​ការពារ​កណ្តាល​ទាំង ២ នាក់​របស់​យើង បាន​ទុក​ឱកាស​ឲ្យ​លេខ ១៨ ជា​ប្រធាន​ក្រុម​របស់​ឡាវ គ្រប់គ្រង​បាល់​បាន​ស្រួល​ពេក ព្រោះ​គ្រាប់​បាល់​ដែល​គាត់​ទទួល​បាន​បាល់ គឺ​មុខ​របស់​គាត់​បែរ​ចាំទី​របស់​យើង អ៊ីចឹង​យើង​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ហើយ ដូច្នេះ​យើង​ត្រូវ​ពាំង​គាត់​កុំ​ឲ្យ​បែរ​មុខ​បាន និង​អូស​បាល់​ទៅ​មុខ​បាន»។

ទាក់ទង​ទៅនឹង​ការ​ពង្រឹង​នូវ​ចំណុច​ខ្វះខាត​នៅ​តំបន់​ការពារ ក្នុងការ​ត្រៀម​ប្រកួត​ជើង​ទី ២ នេះ លោក កែវ កុសល បាន​និយាយ​ក្នុង​សន្និសីទ​កាសែត នៅ​ទីក្រុង​វៀងចន្ទន៍ កាល​ពី​ម្សិលមិញ​ថា យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​សម្រាប់​ការ​ប្រកួត​នេះ។

ចំណែក​ខ្សែប្រយុទ្ធ Maycon ដែល​រក​បាន ២ គ្រាប់​តែ​ម្នាក់​ឯង ក្នុង​ពេល​ប្រកួត​ជើង​ទី ១ បាន​និយាយ​ថា៖ «ការ​ប្រកួត​ជើង​ទី ២ នេះ វា​អាច​នឹង​មាន​ការ​លំបាក ដោយសារ​តែ​ការ​ប្រកួត​ជើង​ទី ១ យើង​បណ្តោយ​ឲ្យ​ខាង​គេ​តាម​ស្មើ​យើង ៣-៣ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​គិតថា យើង​អាច​នឹង​ទទួល​បាន​ជ័យជម្នះ ក្នុង​ការ​ប្រកួត​លើក​នេះ»។

គួររំឭកថា សម្រាប់​ការប្រកួត​ជម្រុះ​វគ្គ Play off Stage កាល​ពី​ឆ្នាំ ២០១៧ ក្រុម​បឹងកេត បាន​យក​ឈ្នះ​ក្រុម Lao Toyota ១-០ នៅ​លើ​ទឹកដី​ឡាវ បន្ថែម​ទៅ​លើ​ការ​ស្នើ​គ្នា ១-១ ក្នុង​ជើង​ទី ១ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​វគ្គ Group Stage។

ប៉ុន្តែ​លោក Jun Fukuda គ្រូបង្វឹក​ថ្មី​របស់​ក្រុម Lao Toyota ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់ ក្នុងការ​យក​ឈ្នះ​ក្រុម​បឹងកេត ក្នុង​ជើង​ទី ២ នេះ ព្រោះ​ការ​ស្មើ ៣-៣ ក្នុង​ជើង​ទី ១ កាល​ពី​ថ្ងៃ​ចន្ទ លោក​បាន​លើក​ឡើង​ថា ក្រុម Lao Toyota មាន​ឱកាស​ច្រើន គ្រាន់​តែ​កីឡាករ​របស់​គាត់ ធ្វើ​មិន​បាន​សម្រេច៕

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top