Facebook Twitter Google+ Share

រដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជ្រាបក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដល់យុវជន​ ជាមួយការរិះគន់អ្នកប្រើប្រាស់ Facebook មួយចំនួន ...

2018-2-5 08:41| Sambath | Fresh News

(ភ្នំពេញ)៖ ជាមួយនឹងការរិះគន់ដ៏សែនទើសភ្នែក ចំពោះការប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួន ដែលជាចំណែកមួយ ក្នុងការចែកចាយព័ត៌មានផងនោះ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ លោក ជា ច័ន្ទបរិបូរណ៍ បានបង្ហាញពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានចំនួន ១០ចំណុច ដល់ប្រជាពលរដ្ឋ​ ពិសេសអ្នកសារព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាថ្មីនេះ ដើម្បីរួមចំណែកក្នុងការកែតម្រូវកំហុសឆ្គងទាំងនោះឡើងវិញ។

ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានទាំង១០ចំណុច ដែលលោក ជា ច័ន្ទបរិបូរណ៍ លើកឡើងនោះរួមមាន៖
១៖ ​គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណជន 
២៖ ​ត្រូវផ្សព្វផ្សាយដំណឹងដោយសុចរិត​ ព្រមទាំងធ្វើសេចក្តីអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ ​និងស្របតាមគតិយុត្តិធម៌
៣៖ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសារផ្សេងៗឡើយ
៤៖ ប្រើវិធីសុចរិតត្រឹមត្រូវ ដើម្បីស្វែងរកព័ត៌មាន ​ឬរូបថត និងឯកសារផ្សេងៗ
៥៖ ​ត្រូវកែតម្រូវព័ត៌មានណាដែលចេញផ្សាយរួច ហើយមានលក្ខណៈមិនជាក់លាក់ ​ដែលបណ្តាលឲ្យមានការយល់ច្រលំ
៦៖ ​ជៀសវាងការផ្សាយព័ត៌មានណា ដែលនាំឲ្យមានការញុះញង់ ដែលនាំឲ្យមានការប្រកាន់ពូជសាសន៍
៧៖ ​ត្រូវគោរពសិទ្ធិ​ និងសេរីភាព រស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
៨៖ គោរពក្បួនវេយ្យាករណ៍ខ្មែរក្នុងការសរសេរព័ត៌មាន
៩៖ ហាមបោះពុម្ភផ្សាយ​អត្ថបទ រូបភាពអាសអាភាសន៍​ និងរូបភាពអំពើហិង្សា
១០៖ ហាមលួចចម្លងស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ខ្លួនឯង។

ការបង្ហាញពីក្រមសីលធម៌អ្នកសារព័ត៌មានខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលា​ ស្តីពីក្រមលីលធម៌ ​និងវិជ្ជាជីវៈអ្នកសារព័ត៌មានប្រជាពលរដ្ឋ នៅសាលពហុបំណងនៃមជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) នាព្រឹកថ្ងៃទី០៤ កុម្ភៈ ឆ្នាំ​២០១៨នេះ ក្នុងនោះ​​​លោកបានបញ្ជាក់ថា កាប្រើប្រាស់បណ្តាញសង្គមសព្វថ្ងៃនេះ គឺមានចំណុច​វិជ្ជមានផង ​និង​អវិជ្ជមានផង ​ក៏ប៉ុន្តែចំណុចទាំងអស់នេះស្ថិតនៅលើអ្នកប្រើប្រាស់ខ្លួនឯង ថាតើគេដឹងពីរបៀបប្រើប្រាស់ ឬមិនដឹងតែប៉ុណ្ណោះ។

លោកបានរិះគន់យ៉ាងដូច្នេះថា «កាប្រើប្រាស់បណ្តាញសង្គមទៅបង្ហោះរឿងអាសអាភាសន៍ ឬ​​ការប្រើប្រាស់សារនយោបាយដែលប្រាសចាកពីច្បាប់ ​វាសុទ្ធតែជាទោសទណ្ឌហើយ បើសិនជាវាធ្វើឲ្យសង្គមមានការច្របូកច្របល់»។​

លោកបានបន្ថែមថា Facebook របស់បុគ្គលណា វាបានបង្ហាញពី​សីលធម៌ ​សុជីវធម៌របស់បុគ្គលនោះ បើសិនជាយុវជនមានការអប់រំពីគ្រួសារ ​ពីសង្គមបានល្អ នោះសកម្មភាព ឬការសរសេរបង្ហោះអ្វីទៅលើសង្គម Facebook ​ក៏បានល្អដែរ។

លើសពីនេះទៅទៀត ​លោកបានណែនាំថា​ ស្របពេលដែលមានការហូរចូលវប្បធម៌បរទេសចូលមកក្នុងប្រទេស តាមរយៈការប្រើប្រាស់បណ្ដាញសង្គម Facebook ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវចេះបង្ហូរវប្បធម៌ល្អៗរបស់ជាតិចូលទៅប្រទេសគេវិញដែរ៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top