Facebook Twitter Google+ Share

អាជ្ញាធរស្រុកម៉ាឡៃ មិនអើពើឈូសឆាយផ្លូវ ទុកឲ្យពលរដ្ឋលំបាករាប់សិបឆ្នាំ

2019-5-14 10:03| HooTa | Tnaot

ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ក៏ដូចជា អ្នកធ្វើដំណើរ និងអ្នកដឹកកសិផលនានា តែងតែត្អូញត ...

ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ក៏ដូចជា អ្នកធ្វើដំណើរ និងអ្នកដឹកកសិផលនានា តែងតែត្អូញត្អែរគ្រប់គ្នាថា ផ្លូវមួយខ្សែ មានប្រវែងប្រហែល៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៥៧D នៅចំណុច៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានការលំបាក ក្នុងការធ្វើដំណើរខ្លាំងណាស់ ហើយអាជ្ញាធរ មិនបានអើពើជួសជុលរាប់សិបឆ្នាំមកហើយ។



ប្រជាពលរដ្ឋ បានបន្ដថា ផ្លូវមួយខ្សែនេះ បានរងការខូចខាតអស់រយៈពេលយូរឆ្នាំមកហើយ ទើបធ្វើឲ្យមានការលំបាកដល់ប្រជាពលរដ្ឋ ក្នុងការដំណើរឆ្លងកាត់។ ដោយឡែកអាជ្ញាធរវិញ ក៏មិនដែលនឹកនា ឬអើពើឈូសឆាយ និងជួសជុលផ្លូវនេះឡើងវិញដែរ។ ពួកគាត់តែងតែកើតការងឿងឆ្ងល់ ថាតើនេះ បណ្ដាលមកពី ការខ្វះការទំនាក់ទំនងពីពលរដ្ឋ ជាមួយអាជ្ញាធរ ឬក៏អាជ្ញាធរខ្វះការទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋ? ឬមួយខ្វះទំនុកចិត្ត ឬខ្វះភាពស្និទ្ធស្នាល និងការបែងចែកបក្ខពួកនិយម ឬក៏ជាការរើសអើង? ទើបអាជ្ញាធរសំងំ ធ្វើមិនដឹង មិនឮ និងមិនអើពើបែបនេះ។



ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ បានបន្ដថា ដោយសារមិនមានការឈូសឆាយ និងជួសជុលរាប់សិបឆ្នាំបែបនេះ ទើបផ្លូវមួយខ្សែប្រវែងប្រហែល៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៥៧D នៅចំណុច៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខូតខាត ហើយធ្វើឲ្យការធ្វើដំណើរជួបនឹងការលំបាក។ ដោយសារផ្លូវបែបនេះ ទើបធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពួកគាត់មិនអាចទៅណាបានទេ ព្រោះបើជិះម៉ូតូចេញពីផ្ទះ ច្បាស់ជាត្រូវដួលប្រឡាក់ភក់ ពេញខ្លួនជាក់ជាមិនខាន។ សួម្បីតែនៅរដូវប្រាំង ការធ្វើដំណើរ និងដឹកកសិផលទៅរកទីផ្សារ ក៏មានការលំបាកខ្លាំងដែរ ហើយសព្វថ្ងៃនេះ ការធ្វើចរាចរណ៍ទៅបាន ក៏អាស្រ័យលើត្រាក់ទ័ររបស់ពលរដ្ឋក្នុងភូមិ ដែលពួកគាត់ រៃអង្គាសថវិកាគ្នា យកមកទិញប្រេងចាក់ ឈួសឆាយ គ្រាន់បានបើកបរ ប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ។



ទោះជាយ៉ាងណាជុំវិញការលើកឡើងខាងលើនេះ ក្រុមការងាររបស់ Tnaot News មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរស្រុកម៉ាឡៃ បានទេ ពីព្រោះទូរស័ព្ទចុចចូល តែគ្មានអ្នកទទួល។ ប៉ុន្តែប្រសិនបើមានការបំភ្លឺណាមួយពីអាជ្ញាធរ យើងខ្ញុំនឹងផ្សាយជូនបន្ដទៀត៕ អត្ថបទ ដោយលោក វណ្ណា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top