Facebook Twitter Google+ Share

មន្ត្រីសិទ្ធិមនុស្សរិះគន់របបក្រុងភ្នំពេញអំពីការឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខុសនីតិវិធី ...

2019-5-15 09:53| HooTa | Tnaot

អាជ្ញាធររបបក្រុងភ្នំពេញ បានសម្រេចដោះលែងសកម្មជនគណបក្ស សង្គ្រោះជាតិ ម្នាក់នៅក្នុងខេត្តកំពត ក្រោយពីឃុំខ្ល ...

 


ស្លាកសម្គាល់នៃស្នងការដ្ឋាននគរបាលខេត្តកំពត (រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត) 

អាជ្ញាធររបបក្រុងភ្នំពេញ បានសម្រេចដោះលែងសកម្មជនគណបក្ស សង្គ្រោះជាតិ ម្នាក់នៅក្នុងខេត្តកំពត ក្រោយពីឃុំខ្លួនរយៈពេលបីយប់ពីរថ្ងៃ ដោយមិនដឹងមូលហេតុច្បាស់លាស់។ ក្រុមមន្ត្រីសិទ្ធិមនុស្សចាត់ទុកការឃុំខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជារឿងខុសច្បាប់។

បុគ្គលិកអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការសមាគមសិទ្ធិមនុស្ស អាដហុក ខេត្តកំពត លោក ប៊ី វ៉ាន់នី បានរិះគន់អាជ្ញាធរខេត្តកំពតថា បានឃុំខ្លួនសកម្មជនគណបក្ស សង្គ្រោះជាតិ លើសនីតិវិធីច្បាប់ បើទោះបីជាសកម្មជនរូបនេះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញក៏ដោយ។

លោកមានប្រសាសន៍ថា ការឃុំខ្លួននេះបានរំលោភលើសិទ្ធិជនជាប់ចោទ និងបង្ហាញថា កម្ពុជាមិនទាន់មានការគោរពនីតិរដ្ឋឱ្យបានស្មើភាពគ្នាចំពោះមុខច្បាប់នៅឡើយ។ លោកសង្កេតឃើញថា ការអនុវត្តច្បាប់ចំពោះប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ មានភាពលំអៀង ឬជាការអនុវត្តច្បាប់ដែលមានស្តង់ដារពីរ៖ « ការឃាត់ខ្លួនគាត់យកទៅសាកសួររយៈពេល៣ថ្ងៃ២យប់។យើងគិតថា នេះជាការគំរាមកំហែងទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ពីព្រោះថាសាលដីការបស់តុលាការកំពូលបានរំលាយគណបក្ស សង្គ្រោះជាតិ ហើយអ៊ីចឹងហើយពួកគាត់ជាសកម្មជនគណបក្ស សង្គ្រោះជាតិ គាត់ក្លាយទៅជាប្រជាពលរដ្ឋសាមញ្ញ ហើយគាត់មានសិទ្ធិនយោបាយហើយ » 

អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពត កាលពីថ្ងៃទី៧ ឧសភា បានចាប់ខ្លួនលោក ង៉ែត ខុច សកម្មជនគណបក្ស សង្គ្រោះជាតិ ម្នាក់យកទៅសាកសួរនៅស្នងការប៉ូលិសខេត្តអស់រយៈ ៣ថ្ងៃ ២យប់ ហើយនៅថ្ងៃទី៩ ឧសភាកន្លងទៅនេះ សមត្ថកិច្ចបានដោះលែងមកវិញ ក្រោយពីរកមិនឃើញមានភស្តុតាងណាមួយ ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យនោះទេ។

អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីស្នងការរងប៉ូលិសខេត្តកំពត លោក សម្បត្តិ សុធារដ្ឋ បានទេ កាលពីថ្ងៃទី១៣ ខែឧសភា។

ក៏ប៉ុន្តែមន្រ្តីសិទ្ធិមនុស្សបញ្ជាក់ថា ការចាប់ខ្លួននេះ ដំបូងឡើយ ទំនងជាអាជ្ញាធរសង្ស័យថា លោក ង៉ែត ខុច បានញុះញង់ប្រមូលផ្តុំប្រឆាំងដីកាតុលាការកំពូល ដែលបានរំលាយគណបក្ស សង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានគណបក្ស សង្គ្រោះជាតិ ស្រុកដងទង់ ខេត្តកំពត លោក ង៉ែត ខុច ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៣ ឧសភាថា ពេលចាប់ឃាត់ខ្លួនលោកនោះ សមត្ថកិច្ចបានសួរនាំលោកអំពីការចូលរួមសកម្មភាពគណបក្សនយោបាយជាមួយនឹងគណបក្ស សង្គ្រោះជាតិ។ លោកក៏បានប្រាប់សមត្ថកិច្ច ថា ការគាំទ្ររបស់លោកជាមួយ គណបក្ស សង្គ្រោះជាតិ គ្មានអ្វីខុសទេ។ លោកមានប្រសាសន៍ថា ក្រោយពីរកមិនឃើញភស្តុតាងដាក់បន្ទុក សមត្ថកិច្ចបានដកហូតសម្ភារៈរបស់លោកមួយចំនួន៖ « ឥឡូវហ្នឹង គេយកសៀវភៅខ្ញុំបាន ២ក្បាល សៀវភៅគណបក្ស ១ក្បាល ទូរស័ព្ទ ២គ្រឿង។ គេអត់ឱ្យវិញទេ » ។

ការសម្រេចដោះលែងសកម្មជនគណបក្ស សង្គ្រោះជាតិ ម្នាក់នៅក្នុងខេត្តកំពត ឱ្យមានសេរីភាពវិញនេះ ស្របពេលតុលាការខេត្តបាត់ដំបង និងអាជ្ញាធរខេត្តកំពង់ធំ បានកោះហៅមន្ត្រីបក្សប្រឆាំងជាច្រើននាក់ មកសាកសួរនាំជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសំណុំរឿងប្រមូលផ្ដុំគ្នា ដើម្បីទទួលស្វាគមន៍លោក សម រង្ស៊ី ពេលវិលចូលមាតុប្រទេសវិញ។

ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅក្នុងអំឡុងឆ្នាំ២០១៩ នេះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top