Facebook Twitter Google+ Share

«បទល្មើសព្រៃឈើ និងកាប់ឆ្ការដីព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅតែកើតមាន»

2019-5-15 10:59| HooTa | Tnaot

សកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃលំផាត់ ចូលក្រុមហ៊ុន ហ័ង អាញ់ លំផាត់ របស់វៀតណាម ឋិតក្នុងឃុំជ័យឧត ...



សកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃលំផាត់ ចូលក្រុមហ៊ុន ហ័ង អាញ់ លំផាត់ របស់វៀតណាម ឋិតក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ រូបថត៖ សកម្មជនបរិស្ថាន 

ការកាប់ទន្ទ្រាន និងការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីដែនជម្រកសត្វព្រៃលំផាត់ នៅតែកើតមានយ៉ាងពេញទំហឹង។ ជនជាតិដើមភាគតិច រស់នៅឃុំសេដារ ស្រុកលំផាត់ ខេត្តរតនគិរី ចាត់ទុកបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ធ្វើឲ្យបាត់បង់ទំហំព្រៃឈើរាប់ពាន់ហិកតារ និងបាត់បង់ទីកន្លែងអាស្រ័យផលបែបប្រពៃណីជនជាតិដើមភាគតិចទំពូន។

ជនជាតិដើមភាគតិចទំពូន ឲ្យដឹងនៅថ្ងៃទី១៣ ឧសភាថា ទំហំព្រៃឈើរាប់ពាន់ហិកតារ ឋិតនៅភូមិកែងសាន់ និងភូមិសមុទ្រក្រោម នៃឃុំសេដា កំពុងទទួលរងការកាប់ឆ្ការ រុករាន ទន្ទ្រានព្រៃយកជាសកម្មសិទ្ធិ ដោយគ្មានការអនុវត្តច្បាប់។ អ្នកភូមិប្រទះឃើញដើមឈើតូចធំៗ ត្រូវបានគេកាប់ដួល រាយប៉ាយពេញព្រៃ រួចដុតកម្ទេចចោល ដើម្បីយកដីលក់ និងធ្វើចម្ការ។

ជនជាតិដើមភាគតិចរស់នៅភូមិសមុទ្រក្រោម លោក ឆន ផល្លា បារម្ភថា ទំហំព្រៃឈើរាប់ពាន់ហិកតារ ដែលជាកន្លែងជនជាតិដើមភាគតិចគោរពបូជា ឃ្វាលគោក្របី និងអាស្រ័យផលបែបប្រពៃណី ត្រូវបានឈ្មួញ សម្រុកកាប់ទន្ទ្រានយកធ្វើជាសកម្មសិទ្ធអស់ស្ទើរទាំងស្រុង។ អាជីវកម្មឈើខ្នាតធំនេះ បានរាលដាលកាន់តែខ្លាំងឡើង ដល់ចំណុចអូរក្រែង និងអូរជាំ ដែលជាកន្លែងសត្វព្រៃកម្ររស់នៅ ហើយមកទល់ពេលនេះក្រុមឈ្មួញនៅតែបន្តដឹកជញ្ជូនឈើចេញពីតំបន់នោះ ឥតស្រាកស្រាន្ត៖ « ខ្ញុំចុះទៅកន្លែងហ្នឹងអី ជួបគាត់គាត់អត់ឲ្យចូលទៅទេ គាត់សួររកសំបុត្រ បេសកកម្មអីណាណី។ ពេលជនល្មើសកាប់ទ្រហឹងពេញព្រៃ។ គាត់អត់មានចំណាត់ការ។ គាត់ធ្វើពេលយប់ មានអាត្រាក់ និងអាបុល រួចដុតពេលយប់វិញ » 

ជនជាតិដើមភាគតិចទំពួនម្នាក់ទៀត រស់នៅភូមិកែងសាន់ លោក ខាំ និន និយាយថា បើទោះបីជាព្រៃស្រោង ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគេកាប់ឆ្ការ ដើម្បីយកដីលក់ក្ដី តែពុំឃើញសមត្ថកិច្ចជំនាញស៊ើបអង្កេត និងបញ្ឈប់សកម្មភាពនេះទេ ជាយូរមកហើយ។ លោកថាថ្មីៗ នេះ អ្នកភូមិមួយក្រុម បានចុះល្បាតរួមគ្នា ប្រទះឃើញដើមឈើទាំងតូចធំ ត្រូវគេកាប់ដួលស្ទើរគ្រប់កន្លែង ដើម្បីយកដី និងយកឈើអារជាគ្រឿងផ្ទះ។ លើសពីនេះ ពួកគេបានដាក់ពាក្យប្ដឹងករណីនេះទៅតុលាការ និងមន្ត្រីបរិស្ថានជាង ២ឆ្នាំហើយ តែគ្មានចំណាត់ការ។ លោកថា ទំហំព្រៃឈើប្រមាណ ៤ពាន់ហិកតារ ដែលគ្រប់ដណ្ដប់ក្នុងភូមិកែងសាន់ ទាំងមូលបានបាត់បង់អស់ស្ទើរតែទាំងស្រុង។ ចំណែកមេភូមិ និងមេឃុំ នៅតែឃុបឃិតគ្នាជាមួយជនល្មើសដដែលៗ គ្មានការស៊ើបអង្កេត និងព្រមានពីថ្នាក់លើ៖ « ភ្នំណាំជៀរនៅដដែល ដើមឈើពាយអស់ហើយ វាដួលអស់ហើយ ដូចតារាងកប៉ាល់ហោះអី។ កាប់បំផ្លាញដីក្នុងតំបន់ហ្នឹង ខ្ញុំថា សរុប ៤ពាន់ហិកតារតាមមើលទៅ នៅតែគេធ្វើអីចឹងរហូត។ តាមខ្ញុំយល់ ជនល្មើសចេញពីមេភូមិ និងមេឃុំ បើមេភូមិមិនចេញលិខិតឲ្យគេទេ គ្មានពីណាហ៊ានកាប់ទេ » 

កាលពីថ្ងៃទី៩ ឧសភា ក្រសួងបរិស្ថាន បាន ព្រមានថា មានបុគ្គលមួយចំនួនបានឈូសឆាយ កាប់ឆ្ការ ដុតព្រៃរុករានទន្ទ្រានបែងចែកដីព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ ដើម្បីយកធ្វើជាកម្មសិទ្ធិ ក្រោមលេសថា ខ្វះដីអាស្រ័យផល។ លិខិតបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនោះ ក្រសួងបរិស្ថានបានចេញវិធានការមួយចំនួន ដូចជា ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់ ក្នុងតំបន់សហគមន៍ តំបន់ការពារធម្មជាតិ។ ចំណែកជនជាតិដើមភាគតិចទំពួន ចាត់ទុកលិខិតរបស់ក្រសួង គ្មានប្រសិទ្ធភាពនោះទេ ព្រោះមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោម មិនអនុវត្តតាម។

ឆ្លើយតបរឿងនេះ ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី អះអាងថា មន្ត្រីជំនាញកំពុងចាត់វិធានការស៊ើបអង្កេតរកជនសង្ស័យ ដែលកាប់ឆ្ការ ទន្ទ្រានដែនជម្រកសត្វព្រៃលំផាត់ ហើយមន្ត្រីជំនាញបានបញ្ជូនសំណុំរឿងទៅតុលាការច្រើនករណីដែរ។ តែយ៉ាងណា លោកមិនបញ្ជាក់លម្អិតថា មន្ត្រីបរិស្ថាន បានបញ្ជូនសំណុំរឿងនេះទៅតុលាការបានប៉ុន្មានករណីនៅឡើយទេ ? លោកថា អាជ្ញាធរខេត្តបានចេញលិខិតមោឃភាពដី ដែលជនខិលខូចលួចកាប់ឆ្ការ ក្នុងព្រៃអភិរក្ស និងត្រូវដកហូតមកជាសម្បត្តិរដ្ឋវិញដែរ៖ « ព្រោះក្រសួងចេញហើយ ព្រោះយើងកំពុងធ្វើការ ធ្វើការកំពុងតាមដាន ព្រោះដាក់ទៅតុលាការសំណុំរឿងច្រើនណាស់ ឥឡូវព្រោះយើងកំពុងស៊ើបអង្កេតឡើងវិញ ដើម្បីស្រាវជ្រាវរកម្ចាស់ ដើម្បីឈូសឆាយ ប៉ុន្តែការងារនេះ ពួកខ្ញុំកំពុងធ្វើការរួចហើយ » 

មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ប្រសិនបើក្រសួងមានឆន្ទៈអនុវត្តច្បាប់ព្រៃឈើ ត្រូវចេញមុខប្ដឹងអ្នកពាក់ព័ន្ធទៅតុលាការ និងត្រូវអនុវត្តច្បាប់ដោយមិនរើសមុខ។ លោកថា មកទល់ពេលនេះ បើទោះបីជាព្រៃការពារធម្មជាតិរាប់ពាន់ហិកតារ ត្រូវបានគេកាប់ទន្ទ្រានមកធ្វើជាសកម្មសិទ្ធិក្ដី តែពុំឃើញក្រសួងបរិស្ថាន ដើរតួជាដើមបណ្ដឹងនៅឡើយទេ៖ « មានលិខិតចុងក្រោយរបស់ក្រសួងបរិស្ថានក៏ដោយ យើងឃើញថា ការចូលកាប់រានដីព្រៃសហគមន៍ និងតំបន់ការពារធម្មជាតិនៅតែកើតមានឡើងយ៉ាងអនាធិបតេយ្យ។ អីចឹងមានតែចុងក្រោយការអនុវត្តច្បាប់ ទាមទារឲ្យក្រសួងបរិស្ថានដើរតួជាដើមបណ្ដឹង ដើម្បីប្ដឹងមន្ត្រី និងឧកញ៉ាទាំងអស់នោះទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ » 

សហគមន៍ជនជាតិដើមភាគតិចទំពួន បន្ថែមថា ទំហំព្រៃស្រោង ដែលធ្លាប់ផ្ដល់ម្លប់បៃតង និងជាជង្រុកអនុផលព្រៃឈើ សំបូរបែប ជួយសេដ្ឋកិច្ចសហគមន៍ជាច្រើនឆ្នាំមកហើយ បែរជាត្រូវរលាយទាំងស្រុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកភូមិថា សូម្បីតែទឹកអូរធម្មជាតិ និងកន្លែងឃ្វាលគោក្របី ក៏ប្រឈមការបាត់បង់ដែរ។

កន្លងទៅតំណាងពលរដ្ឋរស់នៅឃុំសេដា ជិត ១០នាក់ និងមន្ត្រី អាដហុក ធ្លាប់បានដាក់បណ្ដឹងបរិហារមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចខេត្តរតនគិរី ៧រូប ពីបទអនុគ្រោះនាំឲ្យកើតមានបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តែមកទល់ពេលនេះ តុលាការខេត្តនេះ តម្កល់រឿងឥតចាត់ការ ហើយពួកគេបានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top