Facebook Twitter Google+ Share

អគារសិក្សា៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង

2019-6-9 16:29| jupi | Tnaot

ខេត្តកំពង់ឆ្នាំង៖ អគារសាលាមតេ្តយ្យសិក្សា និងបឋមសិក្សាចំនួន៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង នាវេលាម៉ោ ...

ខេត្តកំពង់ឆ្នាំង៖ អគារសាលាមតេ្តយ្យសិក្សា និងបឋមសិក្សាចំនួន៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង នាវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចយុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។



សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះអគារសិក្សាចំនួន៣ខ្នង ក្នុងនោះសាលាមតេ្តយ្យចំនួន១ខ្នង មាន១បន្ទប់ដែលមានទំហំ១២ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី និងសាលាបឋមសិក្សា មានចំនួន២ខ្នង ៦បន្ទប់ ធ្វើពីឈើដំបូលប្រក់ស័ង្កសី។ អគ្គិភ័យនេះ ក៏បានបំផ្លាញនូវសម្ភារៈមួយចំនួនដូចជា ផ្ទាំងសូឡា៨ផ្ទាំង អាគុយ៧គ្រឿង កង្ហារចំនួន១៣គ្រឿង តុគ្រូ៣ តុសិស្សចំនួន១១៣ និងសម្ភារៈសិក្សាមួយចំនួនទៀត។



ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គាត់មិនដឹងភ្លើងនេះឆេះមកពីមូលហេតុអ្វីពិតប្រាកដនោះទេ ប៉ុន្តែនៅមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីអគារសាលា ហើយក៏បានឆេះយ៉ាងសន្ធោសន្ធៅតែម្តង ដែលមិនអាចជួយបានទាន់ពេលវេលា។


តាមការសន្និដ្ឋានជាបឋមរបស់ប្រជាពលរដ្ឋនៅទីនោះ មូលហេតុដែលបណ្តាលឲ្យឆេះអគារសាលានេះ គឺអាចបណ្តាលមកពីឆ្លងចរន្តបន្ទះសូឡា។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីដឹងពីមូលហេតុពិតដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះ៕ សុខជាតិ


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top