Facebook Twitter Google+ Share

សហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល បង្កើតសេវាកម្មដំណើរកម្សាន្តតាមទូកទស្សនាជីវចម្រុះ

2019-6-9 17:13| jupi | Tnaot

ខេត្តស្ទឹងត្រែង៖ សហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល រៀបចំឲ្យមានដំណើរកម្សាន្តតាមទូកជូនភ្ញៀវទេសចរ បន្ទាប់ពីទស្សនាត្រីផ្សោត ដើម្បីបង្កើនមុខរបរដល់សមាជិកសហគមន៍បន្ថែម រួមគ្នាកាត់បន្ថយពីការធ្វើនេសាទ និងពឹងផ្អែកអនុផលព្រៃឈើ មកអភិវឌ្ឍន៍វិស័យទេសចរណ៍។

លោក សាន សុវណ្ណា ប្រធានសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល បានបញ្ជាក់ថា សមាជិកសហគមន៍ បានបង្កើតមុខរបរបន្ថែម ដើម្បីទាញយកប្រាក់ចំណូលផង និងបានរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ ជាពិសេសត្រីផ្សោត ទោះបីវាធ្វើការផ្លាស់ទី ទៅនៅតំបន់កោះល្ង ទន្លេមេគង្គឡាវយ៉ាងណាក៍ដោយ ព្រោះវាជាសម្បត្តិធនធានរបស់យើង។



លោក ថា សម្បត្តិធម្មជាតិនៅតំបន់នេះមានច្រើនបែប ច្រើនសណ្ឋាន បន្ទាប់ពីមើលត្រីផ្សោត សហគមន៍បាននាំគ្នារៀបចំឲ្យមានការទស្សនាធនធានជីវចម្រុះផ្សេងៗទៀត។ លោក ផយ វណ្ណា សមាជិកសហគមន៍ទទួលផ្នែកសេវាកម្មទូក បានបញ្ជាក់ថា សក្តានុពលនេះទាក់ទាញភ្ញៀវទេសចរមកទស្សនាបានច្រើន ជាក់ស្តែងកាលពីរដូវចូលឆ្នាំកន្លងទៅ មានភ្ញៀវមកលេងជាងមួយម៉ឺននាក់រួចមកហើយ។ លោកថា សមាជិសហគមន៍បាននាំគ្នារៀបចំសេវាកម្មដឹកជញ្ជូន ព្រោះប្រជាពលរដ្ឋនៅតំបន់នេះ ក្រៅពីការងារកសិកម្ម បាននាំគ្នាលក់ដូរ រកប្រាក់ចំណូលចិញ្ចឹមជីវភាពប្រសើរជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម។


អ្នកស្រី ម៉ន ណាវី រស់នៅភូមិ-ឃុំព្រះរំកិល មកលក់ដូរចំណីអាហារនៅរមណីយដ្ឋានទេសចរណ៍មួយនេះបានលើកឡើងថា នេះជាការរួមគ្នាដោះស្រាយរាល់ភាពលំបាក ព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះ ភាគច្រើនប្រកបរបរកសិកម្ម ពេលបានផលនាំគ្នាកែច្នៃយកមកលក់។ លោកស្រីថា ចំណូលដែលបានមកពីការលក់ដូរនៅទីនេះ បានជួយទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើងមួយកំរិត ដូចជាសម្រាប់ដោះស្រាយថ្លៃសំលៀកបំពាក់ និងប្រាក់កូនរៀនសូត្រជាដើម។


សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល ត្រូវបានអង្គការដៃគូបានកាត់ផ្តាច់ការគាំទ្រហើយ ដោយនៅពេលនេះពួកគាត់នាំគ្នារិះរកយន្តការពង្រឹងអេកូទេសចរណ៍នេះឲ្យកាន់តែរីកចម្រើន ដើម្បីបង្ការនៅពេលដែលត្រីផ្សោតធម្មជាតិបាត់បង់៕



អត្ថបទដោយៈ អ៊ិត តុលា


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top