Facebook Twitter Google+ Share

ដីមួយកន្លែង កំពុងតែមានជម្លោះឡើងវិញ ក្រោយមានអ្នកហែកសាលក្រមបិទចោលលើទីតាំងដីនោះ

2019-6-9 17:19| jupi | Tnaot

ប៉ោយប៉ែត៖ អតីតដីទំនាស់មួយកន្លែង បានក្លាយជាជម្លោះឡើងវិញ ព្រោះតែមានអ្នកលួចហែកសាលក្រមស្ថាពរដែលបិទចោលអស់រយៈពេល២ឆ្នាំ ហើយថែមទាំងមានសំណេរគម្រាមថែមទៀត។ ដីដែលកំពុងតែទំនាស់នេះ ស្ថិតនៅភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត មានទំហំ8ម៉ែត្រ×20ម៉ែត្រ។

លោក ថាច់ អៃ ដែលមានវ័យជាង70ឆ្នាំ មានទីលំនៅ ភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ដីខាងលើជារបស់លោក ដោយបានបញ្ចប់សាលក្រមចេញពីតុលាការួចហើយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដោយព្រះរាជអាជ្ញារងលោក សេង គីមឡាក់ ។ លោកបន្តថា នៅឆ្នាំ២០១៧ លោកបានចាប់ផ្តើមរៀបចំដីពុះល្វែង ដើម្បីលក់ផ្តាច់និងបង់រំលោះ ហើ៎យក្នុងខែកក្កដា ឆ្នាំ២០១៧ មានគ្រួសារមួយ ដែលមានប្តីឈ្មោះ ម៉ៅ ផាន់នី អាយុ28ឆ្នាំ ប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន អាយុ32ឆ្នាំ ជាមេការសំណង់ធ្វើការនៅទីតាំងរបស់លោក បានសុំរាប់ដី២ល្វែង ប៉ុន្តែមិនបង់រំលោះទេ ដោយសុំធ្វើពាក្យសុំកាន់កាប់ដីធ្លីស្របច្បាប់ ដើម្បីយកប្រាក់កម្ចីពីធនាគារ។


លុះមួយរយៈក្រោយមក គ្រួសារនេះកុហកថាបាត់ពាក្យសុំកាន់កាប់ដីធ្លីហើយ។ លោកបន្តថាថ្លៃដីរួមក៏មិនទទួលបាន បានត្រឹមប្រាក់បង់រំលោះមួយខែគត់គឺ៨០០ដុល្លារ ក្រោយមកក៏បាត់មិនឃើញទៀតឡើយ។ ស្រាប់តែនៅដើមខែមករា ២០១៦ គ្រួសារមួយនោះ បានចេញមុខមកផ្ទេរសិទ្ធដីខាងលើឲ្យលោកវិញ ព្រោះគ្មានប្រាក់បង់រំលោះថ្លៃដី។

រឿងដែលធ្វើឲ្យមានជម្លោះ និងផ្ទុះឡើងវិញ គឺក្រោយពីលោក ថាច់ អៃ បានឃើញសំណេរមួយនៅលើជញ្ជាំងផ្ទះអ្នកនៅជាប់ដី២ល្វែងនោះ សរសេរកាលពីពេលថ្មីៗថា "ម្ចាស់ដី២ល្វែងកែង 0115777777 អ្នកទិញប្រយ័ត្នមានរឿង" ដែលសំណេរនេះ លោក ថាច់ អៃ ប្រៀបធៀបថាអាចជាការប្លន់យកដីដោយចេតនានិងជាសាធារណៈ និងជាអំពើឃាតកម្មទៀតផង។ គាត់បន្តថា លុះសាកសួរម្ចាស់ផ្ទះជាប់ដី២ល្វែងនោះ ទើបដឹងថាឈ្មោះ ហុង រស្មី ជាអ្នកសរសេរ សូម្បីតែក្រដាស់សាលក្រមរបស់តុលាការ ដែលលោកបិទលើបង្គោលមួយនៅលើទីតាំងដីនោះ ក៏មានគេហែកចោលដែរ។



ជុំវិញករណីនេះលោក ហុង រស្មី ជាអាជីវករទិញលក់បញ្ចាំយានយន្តនៅក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា សំណេរលើជញ្ជាំងនោះ លោកជាអ្នកសរសេរមែន ប៉ុន្តែថាការសរសេរបែបនេះ គ្រាន់តែចង់រកអ្នកជាប់ពាក់ព័ន្ធដី២ល្វែង ដើម្បីនិយាយគ្នាហើយមិនមានបំណងអាក្រក់ណាមួយឡើយ និងមិនចង់ឲ្យអ្នកផ្សេងរងគ្រោះ ព្រោះដីនោះគ្រួសារខាងលើ បានលក់ឲ្យប្រពន្ធលោក ដោយមានការចុះហត្ថលេខាប្រថាប់ត្រា ឬធ្វើសាក្សីពីអាជ្ញាធរភូមិសង្កាត់ក្រុងទៀតផង។

ករណីនេះ គេពុំដឹងថាអាជ្ញាធរធ្វើការបែបណានោះទេ ព្រោះបើពិនិត្យលើឯកសារពាក្យសុំកាន់កាប់ដីធ្លី លោក ថាច់ អៃ ផ្ទេរឲ្យឈ្មោះ ម៉ៅ ផាន់នី ប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន ឆ្នាំ២០១៥ ហើយក៏មានការធ្វើសាក្សីពីមេភូមិ និងចុះហត្ថលេខាពីអាជ្ញាធរសង្កាត់និងក្រុងផងដែរ(ចៅសង្កាត់និងចៅហ្វាយក្រុងចាស់)។ ហើយឈ្មោះ ថាច់ អៃ បានដាក់ពាក្យបណ្តឹង ស្នើសុំផ្អាកការលក់និងផ្ទេរប័ណ្ណកម្មសិទ្ធដី២ល្វែងលេខ 436&437 ធ្វើនៅក្នុងខែកក្កដា ២០១៥ ក៏មានចុះហត្ថលេខា ដោយលោកចៅសង្កាត់ប៉ោយប៉ែត(ចៅសង្កាត់ចាស់)និងអនុភូមិមិត្តភាពផងដែរ។



លុះមានប្តីប្រពន្ធខាងលើ ចេញមុខផ្ទេរដី២ល្វែងប្រគល់ឲ្យលោក ថាច់ អៃ វិញ ព្រោះពុំមានលទ្ធភាពរកប្រាក់បង់រំលោះដី ក៏មានការធ្វើសាក្សីពីមេភូមិ និងចុះហត្ថលេខាឬប្រថាប់ត្រាពីលោកចៅសង្កាត់និងអភិបាលក្រុងដែរ(ចៅសង្កាត់និងចៅហ្វាយក្រុងចាស់)។ បើយោងឯកសារដែលទទួលបានពីភាគីលោក ហុង រស្មី បានឲ្យដឹងថាដី២ល្វែងដែលពីរនាក់ប្តីប្រពន្ធនោះ លក់ឲ្យប្រពន្ធលោកក៏បានធ្វើលិខិតផ្ទេរសិទ្ធត្រឹមត្រូវតាមច្បាប់ ហើយមានការធ្វើសាក្សីដឹងឮពីមេភូមិ និងចុះហត្ថលេខាប្រថាប់ត្រាពីលោកចៅសង្កាត់ទៀតផង(ចៅសង្កាត់ចាស់)៕ វណ្ណា


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top