Facebook Twitter Google+ Share

ដំណាំដំឡូងមីជាច្រើនហិកតានៅឃុំអូរស្វាយ កំពុងប្រឈមជំងឺម៉ូសេអ៊ិច

2019-7-17 15:02| jupi | Tnaot

ខេត្តកំពង់ចាម: ដំណាំដំឡូងមីប្រមាណជាង ២០ភាគរយ នៃផ្ទៃដីចម្ការសរុបចំនួន ២៥០ហិកតា នៅឃុំអូរស្វាយ ស្រុកកំពង់ស ...

ខេត្តកំពង់ចាម: ដំណាំដំឡូងមីប្រមាណជាង ២០ភាគរយ នៃផ្ទៃដីចម្ការសរុបចំនួន ២៥០ហិកតា នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងប្រទះបញ្ហាជំងឺរួញស្លឹកដែលភាសាបច្ចេកទេសហៅថា «ម៉ូសេអ៊ិច» ក្រោយពីដាក់ដាំលូតលាស់បានអាយុពី ២ទៅ៣ខែនោះ។ ដោយឡែកមន្រ្តីជំនាញថា ពុំទាន់មានថ្នាំកម្ចាត់មេរោគនៅឡើយទេ និងបានផ្តល់យោបល់ឲ្យកសិករជាម្ចាស់ថា បើដំឡូងមានមើមគួរទុកប្រមូលផល តែបើអត់មើមឬនៅដើមតូច គួរភ្ជួរចោលហើយជ្រើសរើសពូជដាំដុះសារជាថ្មីឡើងវិញ។



កសិករនៅភូមិព្រៃចក្រី លោក ក្រូច ឆាន បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ថា គ្រួសារលោកក៏ដូចជាគ្រួសារប្រជាពលរដ្ឋច្រើនគ្រួសារផ្សេងទៀត បានទៅទិញពូជដើមដំឡូងមីពីប្រទេសវៀតណាមយកមកដាក់ដាំ ពេលនេះបានអាយុ ៨០ថ្ងៃហើយ ដោយបានចុះមើមប៉ុនកូនម្រាមដៃខ្លះ លើដីចំនួន ៦ហិកតា ចំនួន ២កន្លែង។ លោកបានឲ្យដឹងទៀតថា ខណៈនេះបែរជាជួបបញ្ហាជំងឺរួញស្លឹកប្រហែល ៤០ភាគរយនៃចម្ការទាំងមូល បណ្តាលឲ្យដើមរបស់ដំឡូងលូតលាស់យឺតជាងដើមដំឡូងដែលមានសុខភាពល្អ ហើយគ្រួសារលោក ក៏ដូចជាគ្រួសារផ្សេងទៀត ដែលមានចម្ការជិតខាងគ្មានវិធីព្យាបាល និងទុកឲ្យជំងឺរួញស្លឹកនេះរហូតដល់ពេលប្រមូលផលនៅក្នុងរង្វង់ ៤ទៅ ៦ខែខាងមុខទៀត។

លោក ក្រូច ឆាន បានបន្តថា ក្នុងនាមលោកជាមេភូមិព្រៃចក្រី បានកត់សម្គាល់ថា ជំងឺរួញស្លឹកលើដំណាំមួយនេះ ហាក់គ្រាន់តែជាការលូតលាស់យឺត និងទិន្នផលថយចុះបន្តិច។ ទោះជាយ៉ាងណា សូមសំណូមពរដល់មន្រ្តីជំនាញខាងកសិកម្មជួយផ្តល់បច្ចេកទេសព្យាបាល និងជួយរកពូជដើមដំឡូងមីដែលធន់នឹងជំងឺរួញស្លឹកនេះ។



មេឃុំអូរស្វាយ លោក ជា ស៊ាងហេង បានឲ្យដឹងថា ពិតជាមានជំងឺរួញស្លឹករាតត្បាតលើដើមដំឡូងមីមែន ក្នុងចម្ការរបស់កសិករប្រមាណជាង ២០ភាគរយនៃផ្ទៃដីចម្ការដំណាំដំឡូងមី សរុបទូទាំងឃុំចំនួន ២៥០ហិកតា។ លោកបានស្នើសុំឲ្យមន្រ្តីជំនាញខាងដំណាំកសិកម្ម ចុះជួយធ្វើបទបង្ហាញដល់កសិករ និងផ្តល់វិធីការពារជំងឺខាងលើនេះ ដើម្បីឲ្យដំណាំដំឡូងដុះលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ដូចធម្មតាឡើងវិញ។




អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមលោក សូណាវណ្ណ បានឲ្យដឹងថា ជំងឺរួញស្លឹកលើដើមដំឡូងមីនេះឈ្មោះ « ម៉ូសេអ៊ិច» ដែលបង្កឡើងដោយភ្នាក់ងារចម្លងសត្វរុយពណ៌ស បានបំផ្លាញធ្វើឲ្យរួញការលូតលាស់ខ្សោយ គឺយើងនៅពុំទាន់មានវិធីកម្ចាត់ពពួកមេរោគនេះទេ។ ជំងឺនេះបានចូលមកយាយីដល់ចម្ការកសិករ តាមរយ:ការឆ្លងពីដើមដំឡូងមីដែលបានទិញពីប្រទេសជិតខាងតាំងពីឆ្នាំ ២០១៧នោះ។ លោកបានបន្តថា ដើម្បីការពារ និងទប់ស្កាត់ជំងឺ «ម៉ូសេអ៊ិច» កសិករជាម្ចាស់ចម្ការនីមួយៗ ចាំបាច់ត្រូវជ្រើសរើសពូជណាដែលគ្មានប្រវត្តិផ្ទុកជំងឺនេះ។ ប្រមូលកាកសំណល់ ឬកំណាត់ដើមដំឡូងដែលកើតជំងឺយកទៅដុតចោល ឬជីកកប់ក្នុងដី និងត្រូវសម្អាតចម្ការដោយប្រើប្រាស់កំបោរថ្ម ដើម្បីបង្ការមេរោគ និងបង្កើនគុណភាពដី គឺយ៉ាងហោចណាស់មួយហិកតា ៥០គីឡូក្រាម។



មន្រ្តីជំនាញរូបនេះបានបន្ថែមថា បើពិនិត្យឃើញចម្ការមានដើមផ្ទុកជំងឺរួញស្លឹក «ម៉ូសេអ៊ិច» ខណ:ដែលដើមដំឡូងនៅតូច ឬពុំទាន់មានចេញមើមនោះ សូមកាប់ឬភ្ជួរលុបបំផ្លាញចោល ហើយជ្រើសរើសពូជថ្មីដាំដុះឡើងវិញ។ ផ្ទុយមកវិញបើបន្តទុកនោះ គឺជំងឺនេះនឹងឆ្លងរាលដាលរួញស្លឹកពេញចម្ការតែម្តង៕ សុខជាតិ


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top