Facebook Twitter Google+ Share

សាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះបាញ់ថ្នាំមូសនៅស្រុកកញ្ច្រៀច ដើម្បីបង្ការជំងឺគ្រុនឈាម ...

2019-7-17 16:45| jupi | Tnaot

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា សហការជាមួយក្រុមការងារមន្ទីរសុខ ...

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា សហការជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារការិយាល័យប្រតិបត្តិស្រុកកញ្ច្រៀច ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ជឹម ហ៊ៅ អនុប្រធានមន្ទីរសុខាភិបាល ចុះផ្សព្វផ្សាយការថែទាំសុខភាព ដាក់ថ្នាំអាប៊ែត និងបាញ់ថ្នាំសម្លាប់មូស ដើម្បីការពារបង្ការជំងឺគ្រុនឈាម នៅភូមិស្រះស្រង់ សាលាបឋមសិក្សាជ្រៃម្រាក់ និងអនុវិទ្យាល័យគោកគង់កើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ 



លោកវេជ្ជបណ្ឌិត ជឹម ហ៊ៅ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានលើកឡើងថា គិតត្រឹមខែមករា ដល់សប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៩នេះ ទូទាំងប្រទេសអ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ ២១,១៣០នាក់ ស្លាប់២៥នាក់ (អត្រាស្លាប់ ០.១២ភាគរយ) ក្នុងនោះខេត្ដចំនួន៩កំពុងប្រឈម (ឡើងនិងចុះ) និង១៦ខេត្ដទៀតមានការថយចុះ។ 

ចំពោះខេត្តព្រៃវែង «បើគិតមកត្រឹមសប្ដាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកជំងឺគ្រុនឈាម ទូទាំងខេត្ដព្រៃវែង មានជិត៦០០នាក់ ដោយ១៤៨នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ដព្រៃវែង និង៤៥៨នាក់ (ស្លាប់ម្នាក់) ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ក្នុងនោះស្រុកដែលប្រឈមខ្ពស់ជាងគេនឹងជំងឺគ្រុនឈាម គឺនៅស្រុកកញ្ច្រៀច ដែលមានរហូតដល់ទៅ៥៨ករណី ក្នុងចំណោមស្រុកទាំង១២ ក្នុងខេត្ដព្រៃវែង»។ 



លោកវេជ្ជបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមកំចាត់ដង្កូវទឹក មូសខ្លា និងធានាថាមិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ សំបកដប សំបកដូង។ ចំណែក ពាងឬអាងទឹក ត្រូវលាងសម្អាតសម្ភារ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវ។




ត្រូវការពារខ្លួនតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ត្រូវរួសរាន់ស្វែងរក សេវាថែទាំសុខភាពដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អ្នក មានសញ្ញាឬសញ្ញាណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។



 គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ។



សូមបញ្ជាក់ថា ខេត្ដដែលកំពុងប្រឈមឡើងចុះ នៃជំងឺគ្រុនឈាមនេះរួមមាន៖ ខេត្ដព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និងក្រចេះ។ ដូច្នេះហើយ ទើបថ្ងៃនេះ យើងចុះពិនិត្យមើលពីស្ថានភាព និងណែនាំដល់គ្រូពេទ្យយើងបន្ថែមទៀត ទាំងការងារលើបច្ចេកទេសព្យាបាល និងការទប់ស្កាត់ជំងឺគ្រុនឈាម៕ យឺត ភារ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top