Facebook Twitter Google+ Share

បន្ទាប់ពីចានហោះហើររួចមក ម្នាក់ចូលពេទ្យ ម្នាក់ជាប់ខ្នោះ

2019-5-15 10:04| HooTa | Tnaot

ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ ...



ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នា រហូតកើតជាជម្លោះតឹងសរសៃក និងធ្វើឱ្យភាគីម្ខាងទប់ចិត្តមិនបាន ក៏ទាញចាន គប់សំដៅគូទំនាស់ បណ្តាលឱ្យចំផ្ទៃមុខ រយះមុខរងរបួសធ្ងន់។ ចំណែកជនបង្កត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។


ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យមានឈ្មោះញឹក សុភាព អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឃី សុខា អាយុ២៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសផ្ទៃមុខ ចិញ្ចើមទាំងសងខាង។


តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានផឹកស្រាជាមួយគ្នា លុះ ក្រោយពេលស្រវឹងជោកជាំរៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តីឌឺដងដាក់គ្នា រហូតធ្វើឱ្យក្លាយជាទំនាស់ពាក្យសម្តី ហើយភ្លាមនោះ ភាគីជនសង្ស័យទ្រាំមិនបាន ក៏ទាញចាន និងដុំដែក គប់ទៅលើជនរងគ្រោះចំមុខ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បានគេចខ្លួនបាត់ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារ តាមឃាត់ខ្លួនបាន។



បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top