Facebook Twitter Google+ Share

នាយករដ្ឋមន្ត្រីជប៉ុន នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ង់ សប្តាហ៍ក្រោយនេះ

2019-6-7 08:51| jupi |Tnaot

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ គម្រោងនឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ង់ នាសប្តាហ៍ក្រោយនេះ ។ ...

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ គម្រោងនឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ង់ នាសប្តាហ៍ក្រោយនេះ ។ មន្ត្រីជាន់ខ្ពស់ជប៉ុន បានលើកឡើង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះថា នេះជាដំណើរទស្សនកិច្ចដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងរយៈពេលជាង៤ទសវត្សរ៍មកនេះ ហើយរដ្ឋាភិបាលទីក្រុងតូក្យូ សង្ឃឹមថា ជប៉ុននឹងអាចសម្រុះសម្រួលជម្លោះ រវាងរដ្ឋការទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ 



មន្ត្រីរដ្ឋាភិបាលជប៉ុន បានថ្លែងប្រាប់សារព័ត៌មាន AFP ថា ទីក្រុងតូក្យូកំពុងរៀបចំលម្អិត ក្នុងនោះ ថាតើមន្ត្រីអ៊ីរ៉ង់រូបណាខ្លះ ដែលត្រូវជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅទីនោះ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានផ្សាយថា លោក អាបេ នឹងពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ។ នេះជាពេលវេលាដំបូងបំផុត ក្នុងរយៈពេល៤១ឆ្នាំ រវាងមេដឹកនាំជប៉ុន និងអ៊ីរ៉ង់ដែលនឹងជួបពិភាក្សាគ្នាបែបនេះ ។



បច្ចុប្បន្នស្ថានការណ៍ដ៏តានតឹង រវាងអ៊ីរ៉ង់ និងអាមេរិក ដែលជាសម្ពន្ធមិត្តជប៉ុននោះ លោក អាបេ បានរំពឹងថា ជប៉ុននឹងមានជំនួបពិភាក្សា ដោយផ្ទាល់តែម្តងជាមួយមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់។ កាលពីចុងខែឧសភា ឆ្នាំ២០១៩ នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងទីតូក្យូ ប្រទេសជប៉ុន នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកនៅតែបើកផ្លូវឲ្យមានជំនួបពិភាក្សាជាមួយនឹងទីក្រុងតេអេរ៉ង់ដដែល។ នេះ គឺជាការផ្តល់ភ្លើងសញ្ញាពណ៌បៃតងដល់គម្រោង នៃដំណើរទស្សនកិច្ចរបស់លោក អាបេ ។


លោក អាបេ ធ្លាប់បានថ្លែងក្នុងសន្និសីទកាសែតជាមួយលោក ត្រាំ ថា «តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងជប៉ុន និងសហរដ្ឋអាមេរិក ខ្ញុំមានបំណងចង់ជួយបន្ធូរបន្ថយនូវស្ថានការណ៍ដ៏តានតឹងជុំវិញបញ្ហាអ៊ីរ៉ង់» ។



ជាមួយគ្នាដែរ រដ្ឋាភិបាលជប៉ុន និងអ៊ីរ៉ង់ នៅតែរក្សានូវទំនាក់ទំនងល្អប្រសើរជាមួយគ្នា។ ជប៉ុនបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំប្រេង មកពីមជ្ឈិមបូព៌ា ដូចជាប្រេងឆៅជាដើម និងការនាំចូលពីប្រទេសអ៊ីរ៉ង់។ ការនាំចូលជប៉ុនពីតំបន់ទាំងនេះ មានចំនួនស្មើនឹង៥.៣ភាគរយ ។

ដោយឡែក អាមេរិក និងអ៊ីរ៉ង់ បានបង្កើនចោទប្រកាន់ និងប្រើពាក្យសម្ដីប្រមាថដាក់គ្នាទៅវិញទៅមក ជាពិសេស ចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក នាអំឡុងឆ្នាំ២០១៦ រហូតមក។


តាមការសន្យា កាលពីអំឡុងពេលឃោសានារកសំឡេងឆ្នោត នៅក្នុងការបោះឆ្នោជ្រើសរើសប្រធានាធិបតីអាមេរិក នោះ លោក ត្រាំ បានឃោសនាថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះ លោកដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលបានចុះព្រមព្រៀង រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក។ ប៉ុន្ដែនៅពេល លោក ដូណាល់ ត្រាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក លោក បានខ្លួនចេញពីកិច្ចព្រមព្រៀងនោះ កាលពីខែមេសា ឆ្នាំ២០១៨  ហើយអាមេរិកបានចាប់ផ្តើមពង្រឹងនូវការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់។


ចាប់តាំងពីពេលនោះមក សង្គ្រាមវោហារសាស្ត្រ បានឆេះឆួលយ៉ាងខ្លាំង រវាងមេដឹកនាំ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ កងទ័ពបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានអាមេរិកចាត់ទុកថា ជាអង្គការភេរវកម្ម។ ជាការឆ្លើយតបវិញនោះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្រកាសថា សហរដ្ឋអាមេរិក ជារដ្ឋមួយដែលផ្តល់ការឧត្ថម្ភគាំទ្រដល់ក្រុមភេរវកម្ម។ ជាងនេះទៅទៀត កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ជាក្រុមភេរវករផងដែរ។



ពិតជាមានការព្រឺសម្បុរខ្លាំងណាស់ថា សង្គ្រាមពាក្យសម្តីរបស់មេដឹកនាំទាំងនោះ អាចនឹងផ្ទុះជារូបរាងសង្គ្រាមយោធាយ៉ាងពិតប្រាកដ។ រដ្ឋការទីក្រុងវ៉ាស៊ីនតោន មិនបានបង្អង់យូរទេ ក៏បញ្ជូននាវាផ្ទុកយន្តហោះ កងទ័ព, នាវាចម្បាំង, កាំជ្រួចមីស៊ីល Patriot និងយន្តហោះទម្លាក់គ្រាប់បែកបរមាណូ B-52 ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប៊ីសាអូឌីត ដែលជាប់នឹងសមុទ្រ នៃប្រទេសអ៊ីរ៉ង់ ដើម្បីត្រៀមលក្ខណៈធ្វើសង្រ្គាមរួចជាស្រេច ។ ករណីនេះ ធ្វើឲ្យអ្នកវិភាគគិតថា សង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងគ្រប់ពេល៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top