Facebook Twitter Google+ Share

អ៊ីរ៉ង់បិទទ្វារភោជនីយដ្ឋាន និងរោងកាហ្វេ ជាង៥៤០កន្លែង ល្មើសគោលការណ៍អិស្លាម

2019-6-9 16:21| jupi | Tnaot

ប៉ូលិសអ៊ីរ៉ង់បានបិទទ្វារភោជនីយដ្ឋាន និងរោងកាហ្វេសរុប ៥៤៧កន្លែង ក្នុងទីក្រុងតេអេរ៉ង់ ដោយអាស្រ័យថា ម្ចាស ...

ប៉ូលិសអ៊ីរ៉ង់បានបិទទ្វារភោជនីយដ្ឋាន និងរោងកាហ្វេសរុប ៥៤៧កន្លែង ក្នុងទីក្រុងតេអេរ៉ង់ ដោយអាស្រ័យថា ម្ចាស់អាជីវកម្មទាំងនោះ មិនគោរពគោលការណ៍របស់ប្រទេសដែលប្រកាន់របបលទ្ធិអិស្លាមជាធំមួយនេះ ។ 

ប៉ូលិសអ៊ីរ៉ង់បានបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់រោងកាហ្វេទាំងនោះ ដែលមិនគោរព ឬអនុវត្តតាមគោលការណ៍របស់របបលទ្ធិសាសនាអិស្លាម អាចប្រឈមនឹងទោសទណ្ឌ ។ ប៉ូលិសបានប្រតិបត្តិការបង្ក្រាបទីតាំងអាជីវកម្មទាំងនោះចំនួន៥៤៧កន្លែង ក្នុងនោះ ម្ចាស់អាជីវកម្ម១១នាក់ ត្រូវចាប់ខ្លួន ។

សារព័ត៌មាន Fars របស់អ៊ីរ៉ង់បានផ្សាយថា ប្រតិបត្តិការរបស់ប៉ូលិសបានធ្វើឡើងរយៈពេល១០ថ្ងៃកន្លងមកហើយ ។

ការរំលោភបំពានគោលការណ៍របស់របបអិស្លាមអ៊ីរ៉ង់ គឺភោជនីយដ្ឋាន រោងកាហ្វេទាំងនោះ មានការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេត លក្ខណៈមិនសមរម្យ, ការលេងតន្ត្រីខុសច្បាប់ និងអំពើអបាយមុខ ។


ប្រតិបត្តិការរបស់ប៉ូលិសអ៊ីរ៉ង់នៅពេលនេះ គឺប្រកាន់គោលការណ៍របបអិស្លាមជាចម្បង។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ប្រធានតុលាការ ទីក្រុងតេអេរ៉ង់ ដែលទទួលបន្ទុក "បទល្មើសវប្បធម៌ និងអំពើពុករលួយសង្គម និងសីលធម៌" នោះ បានអំពាវនាវពលរដ្ឋឲ្យរាយការណ៍ បើមានប្រទះឃើញករណីស្តីអំពី "ឥរិយាបថអសីលធម៌" ។ ការរាយការណ៍ធ្វើឡើងតាមរយៈការផ្ញើសារទូរស័ព្ទ ។



លោក Mohammad Mehdi Hajmohammadi បានថ្លែងថា "ប្រជាជនចង់រាយការណ៍ អំពីអ្នកទាំងឡាយណា ដែលបានបំពានលើបទដ្ឋាននានា ប៉ុន្តែពួកគេមិនដឹងពីរបៀបរាយការណ៍នេះ ... យើងសម្រេចចិត្តថា នឹងពន្លឿនការដោះស្រាយ ទាក់ទងករណីអសីលធម៌សាធារណៈនេះ" ។

មន្ត្រីតុលាការរូបនោះបន្តថា ប្រជាជនអាចរាយការណ៍ផងដែរ អ្នកដែលដោះស្បៃមុខនៅក្នុងរថយន្ត, ការប្រារព្ធកម្មវិធីរាំរែកចម្រុះ ឬការបង្ហោះទិដ្ឋភាព អសីលធម៌នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ជាដើម ។

ក្រោមច្បាប់ស្តីអំពីសម្លៀកបំពាក់អិស្លាមនៅអ៊ីរ៉ង់ ស្ត្រីមានសិទ្ធិត្រឹមតែ បង្ហាញមុខ, ជើង និងដៃ របស់ពួកគេប៉ុណ្ណោះ នៅតាមទីសាធារណៈ ។ ការស្លៀកពាក់របស់ពួកគេ គឺមិនអនុញ្ញាតឲ្យមានពណ៌ចម្រុះឆើតឆាយអ្វីនោះឡើយ។

កាលពីដើមឆ្នាំ២០១៨ អ៊ីរ៉ង់បានចាប់ខ្លួនស្ត្រី ដែលបំពានច្បាប់ស្តីអំពីសម្លៀកបំពាក់នេះ យ៉ាងតិច២៩នាក់ ។ ក្រុមសិទ្ធិមនុស្ស រិះគន់ទង្វើរបស់អាជ្ញាធរអ៊ីរ៉ង់ផងដែរ ចំពោះសកម្មភាពចាប់ខ្លួនស្ត្រីទាំងនោះ ។ អ្នកដែលត្រូវចាប់ខ្លួនត្រូវឃុំខ្លួន ដោយចោទពីបទ រំខានដល់សន្តិសុខសាធារណៈ ថែមទៀតផង ។

ច្បាប់ពាក់ស្បៃមុខអ៊ីរ៉ង់បានប្រកាសដាក់ឲ្យប្រជាជនអនុវត្តតាំងពីឆ្នាំ១៩៧៩ម្ល៉េះ គឺក្រោយបដិវត្តន៍អ៊ីរ៉ង់ ហើយតែងតាំងលោក Ayatollah Khomeini ជាមេដឹកនាំកំពូលរបស់ប្រទេសនោះ ៕ thach086


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top