Facebook Twitter Google+ Share

ការគិត​វិជ្ជមាន និង​ការ​គិត​ភ្លើ

[Copy link]
379541 0
Share

1403.PNG


អ្នក​ណា​ថា​មនុស្ស​ភ្លើ​ មិន​ចេះ​គិត​? មនុស្ស​ភ្លើ មានការគិត​របៀប​របស់​គេ​ ដែល​ជួន​កាល​យើង​មិន​អាច​យល់​ផង​។ ខ្ញុំ​នឹង​យក​ការ​គិត​វិជ្ជមាន និង​ការ​គិត​បែប​មនុស្សភ្លើ​ មក​ប្រៀប​ធៀប​គ្នា​នៅក្នុងអត្ថបទនេះ ព្រោះ​ជាទូទៅ​មាន​អ្នក​ច្រលំច្រើន​។ ការ​គិត​ទាំងពីរ​នេះ បើ​មើល​ពី​ក្រៅ​គឺដូចគ្នា​ស្ទើរ​តែទាំងអស់ តែ​អ្វីដែល​ខុសគ្នា​គឺលទ្ធផល​ដែលទទួលបាន។

ការ​គិត​វិជ្ជមាន ជា​ការ​គិត​ទៅ​រក​ផ្លូវ​ល្អ ចំណែក​ការ​គិត​ភ្លើ​វិញ គឺ​គិត​ដើម្បីលួ​ង​ខ្លួន​ឯងថា​ល្អ ប៉ុន្តែ​ដើរ​ទៅ​រកផ្លូវទាល់​ច្រក​។​ ការ​គិត​វិជ្ជមាន ជា​ការគិត​ម៉ត់​ចត់ រក​មើលបញ្ហា​ និង​ដំណោះស្រាយច្បាស់លាស់ ចំណែក​ការគិត​ភ្លើ​វិញ គឺ​គិត​បែប​អែបអបខ្លួន​ឯង​ ដោយ​មិន​ហ៊ាន​ប្រឈម​​មុខ​នឹង​បញ្ហា​ទេ។ ការគិត​វិជ្ជមាន ត្រូវ​ការ​ហ្វឹកហាត់​ជាប្រចាំ និង​ធ្វើ​ការ​តាមការ​ណែនាំ​របស់អ្នកជំនាញ​ក្នុងផ្នែកនេះ​ ដែល​ភាគ​ច្រើន​​មាន​អាយុ​ច្រើន​ៗណាស់។ ការ​គិត​ភ្លើ មិនបាច់​ហត់​ទៅ​រៀនអ្វីទេ ព្រោះបើ​រៀន​ចេះទៅ យើង​លែង​គិត​ភ្លើ​ទៀត​ហើយ។

ដោយ​សារ​ពេល​នេះ​ខ្ញុំ​កំពុង​មើល​រឿង​ទុំទាវ​ឆ្លងភព ខ្ញុំ​នឹង​លើក​ឧទាហរណ៍​ទុំ​ និង​ទាវ​តែម្តង។​ ទុំ​មានជំនាញ​ខាង​ស្មូត និង​មាន​រូប​សម្រស់ស្អាត​ ដូច្នេះគេ​គិត​ថា​នឹង​ទៅ​ចូលសុំ​គេ​ចូល​ច្រៀង​ដើម្បី​បានលុយ​ទៅរៀប​ការ​ជាមួយទាវ។ ទុំ​គិតថា មិនដែល​គេ​មិន​យក​ខ្លួន​នោះទេ ព្រោះគេចេះ​ច្បាស់​ខាង​ច្រៀង​នេះ។ នេះជា​ការគិតវិជ្ជមាន។ គេ​ដឹង​ថាខ្លួន​ឯង​មានសមត្ថភាព​អី ហើយ​ដឹង​ថា​ត្រូវ​ធ្វើយ៉ាង​ណា​ដើម្បី​រក​​លុយ​បាន​។  ទុំ​ដាក់​គោលដៅ​ថា​ទៅច្រៀង​ក្នុងវង់​ភ្លេង​ដែល​នៅក្នុងស្រុក​ត្បូង​ឃ្មុំនោះ។ សូម្បីតែ​ពេល​ត្រូវ​ចូល​ច្រៀង​ឱ្យស្តេច​ ក៏ទុំ​គិតវិជ្ជមានដែរថា ស្តេច​​នឹង​ពេញ​ចិត្ត​នឹង​សម្លេង និង​សមត្ថភាពរបស់ខ្លួន ព្រោះ​ទុំ​មាន​របស់ទាំងនោះមែន។ ការគិត​វិជ្ជមាន គឺ​មើល​ឃើញច្បាស់​គ្រប់កន្លែង​ ហើយ​មានគោលដៅ​នៅ​នឹង​មុខ។

ងាក​មក​មើល​ទាវ​វិញ ដែល​គិត​ខុសពីទុំ។ ទាវ ជា​តួអង្គស្អាត តែ​ភ្លើ (វា​មិន​សូវ​ចម្លែកទេ)។ ទាវ​គិត​ថា​ម្តាយខ្លួន​មិន​បង្ខំ​ឱ្យ​ខ្លួន​រៀបការ​ជាមួយ​មនុស្សដែល​មិន​ស្រលាញ់នោះទេ ព្រោះម្តាយ​នាង​ស្រលាញ់នាងខ្លាំងណាស់។ ការ​គិតបែបនេះហើយ ដែល​គេ​ហៅថា​ការគិតភ្លើ។ ការគិត​ដោយពឹង​ទៅលើការស្មាន និង​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ច្បាស់។ ម្តាយទាវ​ ស្រលាញ់មុខមាត់ និង​មាស​ប្រាក់​ណាស់ តែ​ទាវ​មើល​មិន​ឃើញពីចំណុចនេះ។ ទាវមិន​យល់​ថា​ មាស​ប្រាក់ និង​មុខមាត់​មាន​ឥទ្ធិពល​ប៉ុណ្ណា តែ​បែរ​ជា​លួង​ខ្លួន​ឯង​ឱ្យស្ងប់​ចិត្តទៅវិញ។ ការគិតភ្លើ គឺ​គិត​ដើម្បី​បន្លប់​ចិត្ត​ខ្លាច​របស់ខ្លួន​ឯងប៉ុណ្ណោះ។

ទាវ​ចាញ់​ម្តាយរហូត​ ព្រោះ​ការគិត​របស់ទាវ​ មិន​ស្មើនឹង​ម្តាយ​។ ម្តាយ​នាង​ ដឹងថាបើ​ផ្ញើរសំបុត្រទៅធ្វើពុតជាឈឹ ទាវ​នឹង​ត្រលប់​មកវិញ​ហើយ។ ទាវ​ដែលមិន​ចេះគិត​អី ក៏មក​តាម​ល្បិច​ដែល​ម្តាយរៀបចំ ហើយ​ធ្វើ​ឱ្យមាន​រឿង​ម្តងទៀត។ ទាវ​គិតថា ការរួចហើយ លែងមាន​បញ្ហា​ហើយ។ នេះជាការលួងខ្លួន​ឯងទេ។ ទាវ​ការរួច​មែន តែ​ម្តាយ​មិនទាន់អស់​ចិត្តទេ ហើយ​ម៉ឺនងួន​នោះ​ក៏មិន​ទាន់ឈប់មានចិត្ត​លើ​ទាវ​ដែរ។ ទាវ​គិតភ្លើ ទើបលទ្ធផលចេញមក​ភ្លើដែរ។

ចំណែកទុំវិញ គិត​ក្នុងចិត្តថា គ្មាន​រឿងអ្វីកើតឡើងទេ ព្រោះខ្លួន​មានរាជសារស្តេច។ នេះជាការគិតវិជ្ជមានត្រឹមត្រូវណាស់ ព្រោះស្តេចនៅសម័យ​នោះ មានអំណាចណាស់ អាច​សម្លាប់​មនុស្ស​ដោយមិន​បាច់​កាត់​ក្តី​អ្វីទាំងអស់។ រាជសារ ប្រៀបដូចជាស្តេច។ ប៉ុន្តែពេលចូលទៅដល់​ក្នុងរោងការ បែរជាមិន​បង្ហាញ​រាជសារទៅវិញ ព្រោះគិតថាខ្លួន​ជា​ប្តី មានសិទ្ធិយក​ប្រពន្ធទៅវិញ។ ត្រង់នេះទុំ​ ក៏បែរជាគិតភ្លើទៅវិញ។

ការគិត​វិជ្ជមាន មិនមែន​ត្រឹមតែ​ប្រាប់ខ្លួន​ឯងថា “មិនអីទេ” ឬ”ខ្ញុំ​អាច​ធ្វើបាន” ទេ​ យើងត្រូវ​មើល​ឱ្យគ្រប់ជ្រុង​ ហើយ​ប្រើការពិត​មកគិត​ មិនមែន​ប្រើការស្មានទេ។ មនុស្ស​ជាច្រើន​គិតវិជ្ជមានខ្លាំងពេក រហូត​ទៅជាភ្លើអស់ ជាពិសេស គឺអ្នកដែល​ត្រូវ​ម៉ែឪចាប់រៀបការ​ ដោយ​មិន​ដឹង​ខ្លួន។ ​បើចង់​គិតវិជ្ជមាន រក​មើល​បញ្ហា​ឱ្យឃើញមុនសិន ព្រោះបើរក​មិន​ឃើញទេ ការគិត​វិជ្ជមានរបស់យើង​នឹង​ក្លាយ​ជា​ការកគិត​ភ្លើវិញហើយ។




ប្រភព៖ ហួត សេងគៀ

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top