• Seyha
  • V1

2Follower

  • Seyha
Facebook Twitter Google+ Share

ត្រីនាគ ស្ទឹងឆាយ​​បែកផ្សែង​ កម្ររំលេច​ខ្លួនឲ្យឃើញ

[Copy link]
258448 0
Share
កោះកុង: ប៉ាណូ​ត្រីនាគ​ចង្អុល​ទៅ​កាន់​ស្ទឹង​ឆាយ​បែក​ផ្សែង ស្ថិត​នៅ​ចំ​កណ្ដាល​ផ្លូវ​ចន្លោះ​ពី​ទីរួម​ស្រុក​ ថ្មបាំង សហគមន៍​អារ៉ែង គឺជា​ស្លាក​សញ្ញា​បង្ហាញ​ពី​ជម្រក​ពូជ​ត្រី​យក្ស​ដ៏​កម្រ​នេះ និង​សត្វ​ក្រពើ​ភ្នំ​រស់​នៅ។ ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​នៅ​ជម្រក​ ត្រីនាគ ​នេះ​ប្រាថ្នា​លម្ហែ​លើ​បរិវេណ​ដ៏​ធំ​ល្វឹង​ល្វើយ នៃ​ទំនាប​ស្ទឹង និង​អើត​ក​ចោល​ភ្នែក​រេរា​រក​មើល​ហ្វូង​ត្រីនាគ​បណ្ដើរ​កូន​នៅ​ក្នុង​ថ្លុក​ទឹក​ដ៏​ធំ​ជ្រៅ​ ដែល​មិន​ងាយ​រំលេច​ខ្លួន​បង្អួត​​មាឌ​ឡើយ។

ត្រីនាគ​1.jpg

ស្ថិត​នៅ​បរិវេណ​ដ៏​ធំ​ទូលាយ​នៃ​ទំនាប​ទឹក​​បាច​សាច​​លើ​វាល​ស្ទឹង​ឆាយ​បែកផ្សែង ដែល​មាន​ប្រភព​ទឹក​ហូរ​មក​ពី​ស្ទឹង​អារ៉ែង ស្ទឹង​តាហ៊ីង​ ក្នុង​ភូមិអារ៉ែង ឬ​ភូមិ​ព្រែក​ស្វាយ​ ឃុំថ្ម​ដូនពៅ​ ស្រុក​ថ្ម​បាំង ខេត្ដ​កោះកុង ជា​ជម្រក​សត្វ​ត្រី​នាគ​ និង​ក្រពើ​ភ្នំ​រស់​នៅ​ដ៏​ទាក់​ទាញ​ រមែង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ដ​ដ៏​ច្រើន​កុះ​ករនៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

ដោយ​មិន​បាន​ឃើញ​រូប​រាង​ត្រីនាគ​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ ខណៈ​រដូវ​នេះ​ទឹក​​នៅ​ពេញ​ព្រៀប​ស្ទឹង​ ឮ​តែ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ប្រាប់​ក្នុង​អត្ថន័យ​ខុសៗ​គ្នា​ថា បើ​អ្នក​មាន​ចិត្ដ​អំណត់​ទៅ​សំកុក​រង់​ចាំ​ដល់​ពេល​វេលា​ណា​មួយ​សម​គួរ ពួក​វា​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ការ​បណ្ដើរ​កូន​ច្រើន​​សន្ធឹក។

ប្រភព​ផ្សេង​ទៀត​បាន​អះអាង​ថា ទឹក​ច្រើន​បែប​នេះ ត្រីនាគ​មិន​រំលេច​ខ្លួន​ឡើយ​ ពីព្រោះ​ពពួក​ត្រី​នេះ​ចូលចិត្ដ​រស់​នៅ​តែ​បាត​ស្ទឹង​ជ្រៅ​ៗ​ដែល​មាន​សភាព​ទឹក​ស្ងប់​ប៉ុណ្ណោះ។

មិន​ខុស​គ្នាទេ លោក ឱប គង់ ជា​ប្រជាការពារ​នៅ​ភូមិត្រពាំង​ឈើ​ត្រាវ ដែល​បាននាំ​​ផ្លូវ​ក្រុម​ការងារ​ ភ្នំពេញ​ប៉ុស្ដិ៍​ ទៅ​ដល់​ទី​តាំង​ជម្រក​ត្រី​នាគ​ក្នុង​ស្ថានភាព​ផ្លូវ​ដ៏​លំបាក​លំបិន​ បាន​ឲ្យ​ដឹង​ថា៖ «​នៅ​រដូវទឹក​ច្រើន​បែប​នេះ យើង​មិន​អាច​បាន​ឃើញ​ហ្វូង​ត្រី​នាគ​ហើប​ងើប​ពី​ផ្ទៃ​ទឹក​ស្ទឹង​ឡើយ។ ឱកាស​ដែល​អាច​គយ​គន់​ត្រី​ធំៗ​ទាំង​នេះ​គួរ​តែ​នៅ​រដូវ​ប្រាំង​ ទឹក​ខើច​រាក់​ ទើប​ហេង​ស៊យ​បាន​ឃើញ​ពួក​វា​»។

ថ្វីដ្បិតតែ​តំបន់​អារ៉ែង​ទាំង​មូល​មិន​ទាន់​ត្រូវ​បាន​ដាក់ជា​​តំបន់​រមណីយដ្ឋាន​ដែល​បើក​ទូលាយ​ឲ្យ​ភ្ញៀវ​ចេញ​ចូល​ស្រួល​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ទឹង​ឆាយ ៩ ឬ​តំបន់​ផ្សេង​ៗ​នៅ​តែ​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​គ្រប់​ពេល​វេលា​។

លោក គង់ ​បាន​ប្រាប់​ថា៖ «នៅ​រដូវ​មាឃ​ចិន (ចូល​ឆ្នាំ​ចិន) និង​ចូល​ឆ្នាំ​ខ្មែរ ភ្ញៀវ​មក​កម្សាន្ដ​ច្រើន​សន្ធឹក ដោយ​ពួកគេ​ក្រាល​កន្ទេល​លើ​វាល​ធំ​នេះ​ដែល​បន្តិច​ទៀត​ទឹក​ស្រក​អស់​ទទួល​ទាន​អាហារ​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ។ នៅតាម​ស្ទឹង​ដែល​នៅសល់​ហូរ​តិចៗ អ្នក​ខ្លះ​ងូត​ទឹក​លេង​កម្សាន្ដ​ដូច​តាម​ធម្មតា»។

ត្រីនាគ​2.jpg

តបនឹង​ការ​ភ័យ​ខ្លាច​ដែល​អាច​​ជួប​ហ្វូង​ដំរី​ព្រៃ​ដើរ​ត្រាច់ចរ​នៅ​ម្ដុំ​ស្ទឹង​ឆាយ​បែកផ្សែង​នោះ លោក គង់ ដែល​មាន​បទ​ពិសោធ​រក​ត្រី​ក្នុង​ថ្លុក​ស្ទឹង​ជម្រក​ត្រីនាគ និង​ធ្លាប់​​ជួប​ក្រពើ​ភ្នំ​ហែល​ក្បែរ​ខ្លួន​នោះ​ប្រាប់​ថា នា​រដូវ​នេះ​មិន​មាន​ដំរី​ព្រៃ​ដើរ​ឆ្លង​កាត់​ទៀត​ទេ។

លោកបន្ដ​ថា៖ «នៅ​ពីរ​បី​ខែ​មុន​នេះ មាន​ដំរី​ ៣ ​ក្រុម​​​ដើរ​ឆ្លង​កាត់​ទី​នេះ។ ហ្វូង​ទី​មួយ និង​ទី​ពីរ មាន​ដំរី​ប្រមាណ​ពី ៣ ទៅ ៤ ក្បាល​ ហើយ​មួយ​ក្រុម​ទៀត​មាន​តែ​ដំរី​ ១ ក្បាល​ប៉ុណ្ណោះ​​ដើរ​ត្រាច់​ចរ​ម្នាក់​ឯង​។ ប៉ុន្ដែ​វា​មាន​ទំហំ​ធំ​ខ្លាំង​ណាស់​។ សូម​ប្រយ័ត្ន​ៗ​ផង»។

សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​នៅរដូវ​វស្សា ឬ​​ក្នុង​ខែ​នេះ​ដែល​មិន​ទាន់​ស្ងួត​ដី​ស្រួល​បួល​ បញ្ហា​ដ៏​ប្រឈម​ធំ​គឺ​​កង​ទ័ព​​ទាក​ដ៏​ច្រើន​សន្ធឹក​​នឹង​ធ្វើ​ដំណើរ​​មក​សួរសុខ​ទុក្ខ​មនុស្ស​ឆ្លង​កាត់​។

គួរ​បញ្ជាក់​ថា ពី​ស្លាក​សញ្ញា​សម្គាល់​ទីតាំង​នៅ​ច្រក​ចូល​ទៅកាន់​ស្ទឹង​ឆាយ​បែក​ផ្សែង នោះ​មាន​ចម្ងាយ​ប្រមាណ​តែ​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ប៉ុន្ដែ​នៅ​ទីនោះ​​ស្ទើរ​តែ​គ្មាន​តម្រុយ​ផ្លូវ​បរ​ម៉ូតូ​ ឬ​ផ្លូវ​ថ្មើរ​ជើង​ស្រួល​ៗ​ឡើយ ខណៈ​ដាន​ផ្លូវ​ត្រូវ​បាន​បិទ​បាំង​ដោយ​រុក្ខជាតិ​ឡោម​​ព័ទ្ធ​ជុំវិញ​ និង​មាន​លក្ខណៈ​ក្រវិកក្រវក់​ទៀត​ផង​៕

ប្រភព៖ Postkhmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top