• weir
  • V1

1Follower

  • weir
Facebook Twitter Google+ Share

ខេត្តបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍគម្រោងបុរី

[Copy link]
170932 0
Share
បាត់ដំបង៖ ស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជាបាត់ដំបងដែលជាខេត្តជង្រុកស្រូវរបស់ប្រទេស​កម្ពុជា​បានស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់មួយចំនួនខាងវិស័យអចលនទ្រព្យនារយៈកាលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ។ ស្របពេលដែលទីផ្សារអចលនទ្រព្យនៅបាត់ដំបងត្រូវបានគេស្គាល់ដោយសារតែអគារសម័យអនានិគម​គេឃើញមានបុរីជាង ១១គម្រោង ត្រូវបានអភិវឌ្ឍនាពេលថ្មីៗនេះ ជាមួយ​នឹងក្ដីរំពឹង​ថានឹង​មាន​គម្រោង​អភិវឌ្ឍជាច្រើនទៀត ។

battambang-statue_treasures-of-indochina1.jpg

លោក អៀ វ៉េងម៉ុង ប្រធាននាយកប្រតិបត្តិបុរី រុំចេក​ នៃខេត្តបាត់ដំបង​បានវិនិយោគ​ប្រាក់​ជាង​ ៣០​លាន​​ដុល្លារ លើគម្រោង​អភិវឌ្ឍបុរីទំហំ ១៩​ហិកតា​ ដែល​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៥ ។ ក្នុងកិច្ចសន្ទនាពីការវិនិយោគរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោកវ៉េងម៉ុងបញ្ជាក់​ថា​បាត់ដំបងនឹងមានសក្ដានុពលយ៉ាងខ្លាំងក្លានៅថ្ងៃអនាគតដោយសារតែំមន្ត្រីរដ្ឋា​ភិបាល​ និង​ក្រសួង​ទេសចរណ៍​កំពុងតែធ្វើការងារដើម្បី​ប្រែក្លាយ​ខេត្ត​បាត់​ដំបង​ឱ្យក្លាយ​ជាទិស​ដៅ​ទេសចរណ៍​សំខាន់​មួយ​ ។

ម្យ៉ាងវិញទៀតលោក វ៉េង ម៉ុង ជឿថាខេត្តមួយនេះមានការអភិវឌ្ឍយ៉ាងលឿនរហ័ស និងមាន​ប្រជា​ជន​ចំណូលមធ្យមជាច្រើនដែលអាចមានលទ្ធភាពទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ។ នេះ​គឺជាហេតុ​ផលសំខាន់មួយដែលលោកសម្រេចចិត្តចាប់ផ្ដើមគម្រោងបុរីរបស់លោកនៅបាត់ដំបង ។

លោក អ៊ុង សង្ហា ប្រធានតំណាងការិយាល័យក្រុមហ៊ុន បុណ្ណា រៀលធី ក្នុងខេត្តបាត់​ដំបងយល់​ឃើញ​ស្រដៀងគ្នា​ដោយលើក​ឡើងថា​អ្នកវិនិយោគ​មិនអាច​មើលរំលង​សក្ដានុពល​វិនិយោគ​នៅខេត្ត​បាត់​ដំបង​បានទេ​ដោយ​សារតែបាត់​ដំបង គឺ​ជាខេត្ត​ដ៏ធំមួយ​ដែលមាន​ហេដ្ឋារចនា​សម្ព័ន្ធ​ល្អប្រសើរ និងមានប្រជាជនជាងមួយលាននាក់ ។

យ៉ាងណាក៏ដោយលោកសង្ហាជឿថាការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុកនឹងអាចជម្រុញប្រជាជនក្នុងស្រុកជាច្រើនឱ្យមានលទ្ធភាពទិញគេហដ្ឋានសម្រាប់ស្នាក់នៅ ។ ម្យ៉ាងទៀតការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងតែបង្កើតឱ្យមានចរាចរណ៍មនុស្សកាន់តែច្រើនឱ្យចូលមកខេត្តបាត់ដំបងរួមមានការបើកច្រកព្រំដែនអន្តរជាតិនៅស្រុកសំពៅលូន ដែលតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តស្រះកែវ ប្រទេសថៃ ។ ច្រកអន្តរជាតិនេះនឹងអនុញ្ញាតិឱ្យមានការជួញដូរច្រើនជាងមុន និង​មាន​អ្នក​ទេសចរណ៍​ច្រើន​ជាង​មុន​ដែល​នៅទីបំផុត​នឹងអាចបង្កើនចំណូលរបស់ប្រជាជនក្នុងស្រុក ។

លើសពីនេះរាជរដ្ឋាភិបាលគ្រោងពង្រីក​ផ្លូវជាតិត​ភ្ជាក់ខេត្តបាត់​ដំបងទៅកាន់​រាជធានី​ភ្នំពេញ​ និង​ខេត្ត​បន្ទាយមាន​ជ័យក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំទៀត​ខាងមុខ​នេះជារឿង​ល្អសម្រាប់​ខេត្តបាត់​ដំបងដែល​សេដ្ឋកិច្ច​ពឹងផ្អែកសឹងទាំងស្រុកលើវិស័យកសិកម្ម ។

យ៉ាងណាក៏ដោយទោះបីជាមានសក្តានុពល វិនិយោគខ្លាំង​ក្លាយ៉ាង​ណាក្ដី​តម្លៃដី​មិន​មាន​ការ​កើន​ឡើង​ខ្លាំងទេ បើធៀបនឹងខេត្តដទៃទៀតដូចជាខេត្តព្រះសីហនុ និងសៀមរាប ។ លោក សង្ហា បញ្ជាក់ថាតម្លៃដីនៅតំបន់លំនៅដ្ឋានមានតម្លៃពី ៦០ ទៅ ១២០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែល​លោកជឿថាជាតម្លៃដែលគេអាចទិញបាន ។ យ៉ាងណាក៏ដោយតម្លៃដីនៅតំបន់អាជីវកម្មស្ថិតនៅចន្លោះ ១,៥០០ ទៅ ១,៨០០ដុល្លារ ក្នុង​មួយ​ម៉ែត្រ​​ការ៉េ​ និង ១,៨០០ ទៅ ២,២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្ម ។ ដោយសារតែតម្លៃដីនៅទាបអ្នកវិនិយោគច្រើនឡើងៗកំពុងតែធ្វើការសិក្សាពីលទ្ធភាពនៃការវិនិ​យោគ​លើវិស័យអចលនទ្រព្យនៅបាត់ដំបង ។

លោក សង្ហា បង្ហើបថាមានអ្នកវិនិយោគមកសាកសួរព័ត៌មានពីក្រុមហ៊ុន បុណ្ណា រៀលធី បណ្ដើរៗ​ហើយ​ទាក់​ទង​នឹង​តម្លៃអចលន​ទ្រព្យ​នៅខេត្ត​បាត់​ដំបង​នាពេល​ថ្មីៗ​នេះ ។​ មែន​ទែន​ទៅសក្ដា​នុពល​វិនិយោគ​ខេត្តបាត់​ដំបងបាន​ទាក់ទាញ​ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​មួយ​ចំនួន​រួច​ស្រេច​ទៅហើយ​មក​បោះ​ទុក​វិនិ​យោគ​ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យសំណង់នៅបាត់ដំបង ។

ជាក់ស្ដែងក្រុមហ៊ុន Battambang Conch Cement ដែលវិនិយោគប្រាក់ ២៣០លាន​ដុល្លារ​ លើ​គម្រោង​​របស់​ខ្លួនគ្រោងនឹងចាប់ផ្ដើមដំណើរការនៅខែធ្នូ ឆ្នាំ២០១៧ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Thailand’s Siam Cement Group ក៏បានប្រកាសដែរថាខ្លួន​កំពុងត្រៀម​បើកដំណើរ​ការក្រុមហ៊ុន​ស៊ីម៉ង់ត៍​ទីបីរបស់ខ្លួននៅបាត់ដំបងនៅឆ្នាំ២០១៨ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍ ១.៨លាន​តោន​ ក្នុងមួយឆ្នាំ នៅពេលដែលវាចាប់ផ្ដើមដំណើរការ ។

អ្នកវិនិយោគក្នុងស្រុក លោក ហេង តុលា បាននឹងកំពុងអភិវឌ្ឍគម្រោងដីឡូត៍ និងលំនៅដ្ឋាន​នៅភូមិតា​ព្រួចសង្កាត់ក្ដុលដូនទៀវតាំងពីខែមករាឆ្នាំ២០១៥ មកម្លេះ ។ លោក តុលា បញ្ជាក់ថាមូលហេតុដែលលោក​វិនិយោគលើ​គម្រោង​ទាំងនេះ​ គឺដោយ​សារតែ​ប្រទេស​របស់​យើងបន្តមានស្ថេរភាពនយោបាយល្អ និង​មាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ ៧ភាគ​រយ​ ក្នុង​មួយ​ឆ្នាំ ។ លោកជឿថានៅពេលដែលចំណូលប្រជាជនថ្នាក់កណ្ដាលកើនឡើងនៅបាត់ដំបងប្រជាជននឹងអាចមានលទ្ធភាពទិញលំនៅដ្ឋានថ្មីនៅក្នុងខេត្តមួយនេះ ។

យ៉ាងណាក៏ដោយ លោក តុលា ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនក្នុងស្រុក ដែល​បាន​សាក​សួរ​ទិញដីធ្លី និងលំនៅដ្ឋានក្នុងគម្រោងរបស់លោក ។ លោករៀបរាប់ថា នៅឆ្នាំ២០១៥ យើងចាប់ផ្ដើមគម្រោងដីឡូត៍ទំហំតែ ១.៥ហិកតា ហើយពីរ​ឆ្នាំកន្លះ​ក្រោយ​មកយើង​បានពង្រីក​គម្រោង​របស់​យើង​ដល់​ទំហំ ២០ហិកតា​ រួមមាន​ផ្ទះ​ល្វែង​ ២០០ខ្នង​ ផ្សារ​១ និងរោងកុន១ ។

ចុងក្រោយភ្នាក់ងារអចលនទ្រព្យ និងអ្នកវិនិយោគមានទស្សនៈ​សុទិដ្ឋិនិយម​ថាខេត្តបាត់​ដំបងនឹង​ទាក់ទាញ​វិនិយោគិនជាតិ និងអន្តរ​ជាតិកាន់​តែច្រើន​ឱ្យមកវិនិយោគ​លើវិស័យ​អចលន​ទ្រព្យ​នៅក្នុង​ខេត្តក្នុង​រយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ ។ ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនឹងបន្តជម្រុញទំនុកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុករកស៊ីនៅបាត់ដំបងដែលជាកន្លែងទាក់ទាញបំផុតមួយសម្រាប់ការវិនិយោគអចលនទ្រព្យ ៕

ប្រភព៖ Business Cambodia.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top