Facebook Twitter Google+ Share

មើលមុខយល់តែមិនអាចយល់ចិត្តបាន

[Copy link]
95991 0
Share
ចរឹតមនុស្សអាចមើលយល់ដោយទង្វើ កាយវិកា និយាយស្ដី របៀបរស់នៅ និងសកម្មភាពផ្សេងៗដែលអាចឲ្យយើងសង្កេតបាន។ ពេលខ្លះគ្រាន់តែមើលមុខអាចយល់ចិត្ត តែសណ្ដានចិត្តមនុស្សម្នាក់ៗមិនអាចដូចគ្នានោះទេ។ គេអាចជាមនុស្សស្លូត ជាមនុស្សមិនមាត់ករ ជាមនុស្ស ចូលចិត្តស្ងាត់ តែចិត្តគេមិនអាចស្ងាត់បានទេ។ គេជាមនុស្សចូលចិត្តសប្បាយ លេងសើច បង្កើតភាពរីករាយគ្រប់កាលៈទេសៈ ក៏មិនប្រាកដថាគេជាមនុស្សដែលតែងតែមានចិត្តរីករាយ មានក្ដីសុខក្នុងចិត្តបានដែរ។
24312766_854454178049709_2738139133337801901_n.png

មនុស្សដែលយល់ចិត្តយើងបំផុត គឹសូម្បីតែយើងសើចសប្បាយ យើងរីករាយ ក៏គេនៅឆ្ងល់ថាហេតុអ្វីបានយើងសើច ហេតុអ្វីបានយើងចូលចិត្តបង្កើតភាពរីករាយពេលជួបគេ គេនិងអាចមានអារម្មណ៍ព្រួយបារម្មណ៍យ៉ាងស្មោះពីទង្វើយើង ហើយគេអាចនឹងតាមសួររកហេតុផលដែលយើងកុំពុងធ្វើរឿងទាំងនោះ។ មនុស្សដែលយល់ចិត្តយើងបំផុត គេមិនមែនយល់ត្រឹមពេលដែលយើងកុំពុងហូរទឹកភ្នែកនោះទេ គេក៏អាចយល់ពីទឹកភ្នែកយើងហូរខណៈពេលដែលយើងកុំពុងសើចដែរ។ មនុស្សដែលយល់ចិត្តម្នាក់ គឺពិតជាពិបាករកខ្លាំងណាស់។ មានអ្នកយល់ចិត្តម្នាក់ស្មើរនឹងមានក្ដីសុខ ក្ដីសង្ឃឹមដ៏ធំមួយក្នុងជីវិត។
សណ្ដានចិត្តមានកំរិតរៀងៗខ្លួន ពេលខ្លះមនុស្សដែលតែងតែមើលឃើញល្អ មនុស្សដែលតែងតែមើលឃើញស្មោះត្រង់ មនុស្សដែលតែងតែមើលឃើញថាលះបង់ ក៏អាចមានភាពអាត្មានិយមតូចមួយដែរ។ ព្រោះតែអាត្មានិយតាមកាលៈទេសៈ អាត្មានិយមព្រោះអម្រែកធ្ងន់ អាត្មានិយមព្រោះតែមនុស្សជុំវិញខ្លួនត្រូវការ តែមិនមែនជាអាត្មានិយមព្រោះតែប្រយោជន៍ខ្លួនគេនោះទេ។ តើអាចអស់ទេភាពអាត្មានិយមល្អិតសុខុមនោះ បើស្ថានភាព រស់នៅតឹងរឹងយ៉ាងនេះ?? តើទៅរួចទេលះអស់ ដោយមិនព្រមយកចំនុចមួយទៅជួយចំនុចមួយទៀត?? មិនមែនថាមិនអស់ទេ ប្រកដណាស់មានមនុស្សដែលលះអស់បែបនេះ ព្រោះគាត់ជាមនុស្សលោតផុតពីមនុស្សធម្មតា អាចហៅថាជាមនុស្សដែលយល់ជ្រៅនៃជីវិតទៅហើយ។ អស់ហើយភាពអាត្មានិយម តែវានឹងនៅតោងចង់បានខ្លះព្រោះអ្នកដទៃ ជាលក្ខណៈមនុស្សធម្មតាហើយ។ អស់អាត្មានិយមបាន ទាល់តែមានអ្វីខ្លះហើយ គ្មានភាពតឹងតែងក្នុងជីវភាពរស់នៅ។​ តែបើមនុស្សនៅបាតដីឯណុះឲ្យលះអស់យ៉ាងណា? អាត្មានិយមរបស់មនុស្សប្រភេទនេះ មិនមែនយកមកដើម្បីខ្លួនឯងទេ គឺដោយសារអ្នកដទៃផងដែរ ព្រោះចង់ឲ្យគេសុខ ព្រោះចង់ឲ្យគេសប្បាយ ក៏មានចិត្តល្អិតសុខុមមួយកើតមក ដើម្បីទាញប្រយោជន៍មួយឲ្យទៅអ្នកទាំងនោះ។
យល់មនុស្សគឺយល់ដួងចិត្តរបស់គេ ទោះបីជាមើលទៅថាមនុស្សនោះមិនមានសមត្ថភាព ធ្វើអ្វីមិនលះ សមត្ថភាពមិនដល់ តែដួងចិត្តគេ អាចលោតទៅដល់ចំណុចមួយដែលគេចង់បាន គ្រាន់តែសមត្ថភាពគេធ្វើមិនទាន់បាន។ ទឹកមុខ អាចង្ហាញពីអារម្មណ៍ តែទឹកមុខអាចធ្វើបាន។ ស្គាល់ចិត្តច្បាស់ ទាល់តែនៅជិតស្និត អ្វីៗចែករំលែងគ្នាទៅវិញទៅមក តែក៏មិនប្រកដថាយល់គ្នាអស់ដែរ។ ទាល់តែមានអធ្យាស្រ័យខ្លះចំពោះមនុស្សធម្មតាបែបនេះ ទើបអាចមានអារម្មណ៍កក់ក្ដៅជាងមុនបន្តិច។
ពេលខ្លះមនុស្សដែលយើងមើលទៅឃើញថា ចរឹតគេបង្ហាញតាមទង្វើរបស់គេធ្វើ ក៏គេអាចមានចំនុចមួយលាក់ដែលភ្នែក ឬអារម្មណ៍យើងស្មានមិនដល់ដែរ។ ដូចមនុស្សស្រីម្នាក់ចូលចិត្តឡិកឡក លេងសើច ធ្វើដូចមិនដឹងខ្យល់ ធ្វើដូចកូនក្មេង ធ្វើដូចមនុស្សមិនចេះគិត តែវាជាធម្មជាតិរបស់នាងទៅហើយ។ ជួនកាលនាងអាចជាមនុស្សដែលគួរឲ្យស្រឡាញបំផុត ជាមនុស្សដែលចូលចុះនឹងគ្រប់ប្រភេទមនុស្ស ជាមនុស្សដែលអាចឲ្យគេវាយតម្លៃបានយ៉ាងលឿន ជាមនុស្សអាចធ្វើឲ្យគេរីករាយបាន។ តែទំហំចិត្តដែលកើតមានចំពោះគេខ្លះ ស្ទើរតែគ្មានអ្នកណាមើលយល់បាន។ អ្នកដែលអាចមើលយល់បាននោះមានតែមិត្តម្នាក់ដែល អាចមើលឃើញទឹកភ្នែកនាងខណៈពេលដែលនាងកុំពុងសើចសប្បាយតែប៉ុណ្ណោះ។ ជម្រៅចិត្តពិតជាជ្រៅខ្លាំងណាស់ ធ្វើយ៉ាងណាទើបយើងនិយាយថា មនុស្សគ្រាន់តែមើលមុខដឹងចិត្តនោះបាន??? ពេលខ្លះយើងមិនតាមទាន់ចិត្តយើងខ្លួនឯង មិនទាន់ផង តើធ្វើយ៉ាងណាទៅយល់ដល់ជម្រៅចិត្តរបស់អ្នកដទៃបាននោះ???
យល់ចិត្តគេបាន តែមិនអាចយល់ដល់ជម្រៅចិត្តគេបានទេ សូម្បីតែប្ដីប្រពន្ធរស់នៅជាមួយគ្នាស្ទើរតែមួយជីវិត នៅតែមិនអាចយល់ចិត្តគ្នាអស់។ ចិត្តមនុស្ស​ អាចវេរតាមកាលៈទេសៈបាន តែឧត្តមគិតគេមិនអាចដូរទេបើគេជាមនុស្សប្រភេទណាមួយហើយ អាចហៅថាសន្ដានជាប់មកហើយ។ សន្ដានឡិកឡក លេងសើច ចូលចិត្តញោះគេ គឺនៅតែមាន ទោះប្រឹងកែក៏ដោយ។ សន្ដានទើស ខ្វល់ខ្វាយ ចង់ជួយ ចង់ដឹង គឺនៅតែមានទោះកាលៈទេសៈតឹងតែងចំពោះគេក៏ដោយ។ សន្ដានអាត្មានិយម ចង់កែងពីគេ ចង់បានផលចំណេញពីគេ អាចនៅតែមានទោះកាលៈទេសៈនៃចិត្តរបស់គេដូរក៏ដោយ តែសន្ដានជាប់ស្អិតមិនងាយអស់បានទេ។
មនុស្សពិតជាមិនអាចមើលតែមុខ ហើយយល់ចិត្តបានទេ។ ពេលខ្លះអាចផ្លាស់ប្ដូរតាមពេលបានដែរ។ មនុស្សក៏មិនអាចវាយតម្លៃតែសម្បកក្រៅបានដែរ នាងចូលចិត្តធ្វើអ្វីផ្លែកៗ ក៏មិនអាចថានាងជាមនុស្ស មិនល្អបានដែល។ នាងអាចជាមនុស្ស មិនល្អព្រោះអ្នកដទៃមើលឃើញថា ទង្វើនាងធ្វើបែបមិនសមជាមនុស្សស្រីរម្យទុំ តែនាងអាចជាមនុស្សដែលគួរស្រឡាញ់បំផុត ជាមនុស្សដែលមានតម្លៃបំផុត សម្រាប់មនុស្សម្នាក់ដែលយល់ពីជម្រៅចិត្តនាង។


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top