Facebook Twitter Google+ Share

សុំទោសដែលយល់ច្រឡំថាជាក្តីស្រលាញ់

[Copy link]
84066 0
Share
Edited by pisoth at 2018-1-4 17:32

មេឃងងឹតទៀតហើយ ខ្ញុំនឹកគេទៀតហើយ ប៉ុន្តែខ្ញុំក៏អាចដឹងថាគេប្រាកដជាមិនបាននឹកនាដល់ខ្ញុំនោះទេ ព្រោះគេទុកខ្ញុំគ្រាន់តែជាមិត្តភក្តិដ៏សែនស្និទ្ធស្នាលម្នាក់តែប៉ុណ្ណោះ ខ្ញុំគ្មានសិទ្ធទទួលបានបេះដូងរបស់គេ គ្មានតំណែងនៅក្នុងចិត្តរបស់គេ ហើយក៏គ្មានការចងចាំនៅក្នុងខួរក្បាលរបស់គេដែរ ។ យ៉ាងហោចណាស់វាក៏ជាក្តីសុខមួយដែលពួកយើងបានសាងឡើងជាមួយគ្នា បើទោះបីជារឿងទាំងអស់នោះវាគ្រាន់តែជាការយល់ច្រឡំមួយពេលក៏ដោយ ក៏បេះដូងនេះកក់ក្តៅគ្រប់គ្រាន់សម្រាប់ទទួលបានក្តីស្រលាញ់តែម្ខាងនេះ ។

សុំទោសដែលយល់ច្រឡំថាជាក្តីស្រលាញ់.jpg.jpg

អេ! ជាពាក្យដែលគេនិយាយមកកាន់ខ្ញុំមុនដំបូងបង្អស់ ខ្ញុំឮពាក្យនេះមុនពាក្យណាៗទាំងអស់ ប៉ុន្តែខ្ញុំចូលចិត្តស្តាប់ពាក្យមួយម៉ាត់នេះខ្លាំងណាស់ ។ ត្បិតពាក្យនេះសាមញ្ញ គ្មានន័យ គ្មានខ្លឹមសារ ប៉ុន្តែវាជាចងចាំមួយរហូតមកដល់ថ្ងៃនេះ ឲ្យតែខ្ញុំបានឮនរណាម្នាក់ហៅថាគ្នា "អេ!" បេះដូងខ្ញុំប្រែជាលោតខុសធម្មតា អារម្មណ៍ខ្ញុំបែរជារំភើបចម្លែក ហើយខ្ញុំក៏ក្រឡេកទៅមើលម្នាក់នោះ ប៉ុន្តែការពិតវានៅតែជាការយល់ច្រឡំ គេហៅមនុស្សដែលគេស្គាល់ គេមិនមែនហៅខ្ញុំទេ ។ មកដល់ថ្ងៃនេះ ៥ឆ្នាំ ហើយដែលយើងបែកគ្នា ម្ចាស់សម្លេង "អេ!" តើអ្នកមាននឹកខ្ញុំទេ? តើអ្នកមានចងចាំអនុស្សាវរីយ៍ដែលពួកយើងធ្លាប់មានជាមួយគ្នាទេ? តើអ្នកមានចងចាំការយកចិត្តទុកដាក់ដែលយើងធ្លាប់ផ្តល់ឲ្យគ្នាទេ? តើរឿងរ៉ាវពីមុននោះអ្នកបំភ្លេចវាអស់ហើយមែនទេ? "អេ!" ខ្ញុំនៅចងចាំអ្នកបានយ៉ាងច្បាស់ថា អ្នកជាមនុស្សដែលធ្វើឲ្យខ្ញុំចេះសើច ចេះសប្បាយ ចេះរីករាយ ចេះនិយាយលេងសើចច្រើន រួមទាំងចេះឈឺចាប់ដូចគ្នា ។ ទេវតាចម្លែកខ្លាំងណាស់ ចម្លែកត្រង់ថាពួកយើងមិនបានឈ្លោះគ្នាផង ប៉ុន្តែក៏មិនដឹងថាហេតុអ្វីក៏ពួកយើងបែកគ្នាដែរ ។ ឬវាគ្រាន់តែជាក្តីស្រលាញ់ក្លែងក្លាយ ឬវាគ្រាន់តែការចុះសំចតតែមួយគ្រាជាមួយនឹងការឈឺចាប់ដ៏សែនយូរអង្វែង ខ្ញុំស្តាយណាស់ដែលមិនអាចថែរក្សាអ្នក ។

មកពីពួកយើងជាមនុស្សដែលស្ងៀមស្ងាត់រៀងខ្លួន ទើបចុងក្រោយពួកយើងត្រូវបែកគ្នាដោយស្ងៀមស្ងាត់ ដោយសន្តិភាព និងដោយអាត្មានិយមជាទីបំផុត ព្រោះម្នាក់ៗមិនបាននិយាយគ្នាទល់មុខឡើយ គឺពួកយើងបញ្ចប់គ្នាដោយការសុំមិននិយាយអ្វីទាំងអស់ ។ បើសិនទេវតាដឹងថាពួកយើងឈឺចាប់បែបនេះ តើគាត់នឹងឲ្យយើងបែកគ្នាដែរឬទេនៅថ្ងៃនោះ? ហើយបើិសិនមិនចាប់ផ្តើមក៏មិនបាច់ឈឺចាប់ដែរ ប៉ុន្តែខ្ញុំសុខចិត្តទទួលការឈឺចាប់ទាំងអស់ ព្រោះខ្ញុំស្រលាញ់ពេលវេលាដែលចាប់ផ្តើម ស្រលាញ់មនុស្សដែលខ្ញុំធ្លាប់ស្រលាញ់ ហើយស្រលាញ់គ្រប់យ៉ាងដែលគេមាន ។

ព្រោះនេះជាបេះដូងដែលមានសាច់ស្រស់ៗ ព្រោះនេះជាបេះដូងដែលមានឈាមស្រស់ៗ ព្រោះនេះជាក្តីស្រលាញ់ដែលខ្ញុំមានចំពោះអ្នក ប៉ុន្តែបើវាជាក្តីស្រលាញ់ដែលជាការយល់ច្រឡំឲ្យខ្ញុំសុំទោសផងណា ខ្ញុំដឹងថាអ្នកពិតជាមិនបានស្រលាញ់ខ្ញុំនោះទេ គ្រប់យ៉ាងដែលធ្លាប់មានជាមួយគ្នាកាលពីមុនសុទ្ធសឹងតែជាការយល់ច្រឡំតែប៉ុណ្ណោះ ។ ខ្ញុំបង្ខំអ្នក អ្នកបង្ខំខ្លួនឯង ចុងក្រោយពួកយើងត្រូវបញ្ចប់គ្នាដោយការបែកគ្នា ប៉ុន្តែអ្នកពិតជាមិនបានដឹងពីការបែកគ្នានោះទេ ។ ៥ឆ្នាំ ហើយដែលខ្ញុំតែងតែចងចាំការស្រលាញ់មួយនេះតែម្នាក់ឯង ៥ឆ្នាំ ហើយដែលពួកយើងត្រូវបាត់បង់គ្នា ៥ឆ្នាំ ហើយដែលខ្ញុំតែងតែនឹកដល់អ្នកគ្រប់ដង្ហើមចេញចូលទាំងអស់ ។ ផែនដីនេះសែនអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ តែខ្ញុំក៏អរគុណដល់ផែនដីនេះដែរ ដែលបានដំណើរការឲ្យខ្ញុំជួបមនុស្សដែលខ្ញុំស្រលាញ់កាលពី ៥ឆ្នាំ មុន ។ សុំទោសដែលយល់ច្រឡំថាវាជាក្តីស្រលាញ់ ហើយជាក្តីស្រលាញ់ដ៏ផ្អែមល្ហែម និងធំធេងសម្រាប់បេះដូងមួយនេះ ប៉ុន្តែតាមការពិតវាគ្រាន់តែការក្តីស្រលាញ់តែម្ខាងតែប៉ុណ្ណោះ បើសិនបានជួបគ្នានៅក្នុងពេលវេលានេះខ្ញុំនឹងសុំទោសអ្នកចំពោះការយល់ច្រឡំ និងការចាកចេញដោយមិនបានវាចាសូម្បីតែពាក្យមួយម៉ាត់ ប៉ុន្តែគ្រប់យ៉ាងវាមិនអាចទៅរួចនោះទេ ៕

និពន្ធ៖ Pisoth

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top