• Queenco
  • Moderator

7Follower

  • Queenco
Facebook Twitter Google+ Share

ឆ័ត្ររហែក

[Copy link]
79758 0
Share
ក្រោមមេឃដូចគ្នា ក្នុងសង្គមតែមួយដូចគ្នា មិនថាអ្នកនោះជាអ្នកមានបុណ្យសក្តិ ឋានៈជាអ្វី ជាអ្នកមាន ឬ អ្នកក្រឡើយ ត្រូវតែមានការចេះជួយគ្នាទៅវិញទៅមក មិនមើលងាយគ្នា មិនឈ្នានីសគ្នា នោះអ្នកនឹងក្លាយជាមនុស្សល្អ និងទទួលបានការឲ្យតម្លៃពីមនុស្សជុំវិញខ្លួនជាមិនខានឡើយ ។

CoverStorydary (2) - Copy - Copy.jpg

នាវេលាល្ងាចមួយ មេឃចាប់ផ្តើមងងឹតសម្លេងផ្គរលាន់គួរឲ្យខ្លាច ស្រាប់តែអ្នកមីងបុប្ជាជាអ្នកមានជាងគេក្នុងមួយស្រុកភូមិបានធ្វើដំណើរដោយថ្មើរជើងយ៉ាងលឿនក្រោមមេឃខ្មៅងងឹតជិតនឹងធ្លាក់ភ្លៀង ។ ភ្លាមៗនោះស្រាប់តែអ្នកនាងតូចធីតា បានឃើញអ្នកមីងបុប្ជាដើរកាត់ផ្ទះក៏ស្រែកហៅ និងបានអញ្ជើញអ្នកមីងឲ្យចូលមកអង្គុយលេងក្នុងផ្ទះមួយភ្លេតសិន ។
ធីតា៖ ជម្រាបសួរអ្នកមីង! អ្នកមីងអញ្ជើញទៅណាមកណាទាំងមេឃងងឹតបែបនេះ?
មីងបុប្ជា៖ មីងបម្រុងទៅយកកូនមីងចេញពីរៀន ដឹងអីដើរបានពាក់កណ្តាលផ្លូវស្រាប់តែមេឃចាប់ផ្តើមប្រែជាងងឹតបែបនេះទៅវិញ ។
ធីតា៖ មីងជាអ្នកមានជាងគេក្នុងស្រុកភូមិនេះ ហើយមីងជាមនុស្សស្រីអស្ចារ្យដែលខ្ញុំគោរពថែមទៀតផង ។
មីងបុប្ជា៖ កុំនិយាយបែបនេះធីតា មីងជាមនុស្សសាមញ្ញដូចគេឯងតើ! អូ… មេឃភ្លៀងមិនឈប់ភ្លៀងឈប់ គិតម៉េចទៅ កូនមីងប្រាកដជាចាំផ្លូវមីងនៅឯសាលាហើយ។
ធីតា៖ មិនអីទេមីង! ផ្ទះខ្ញុំមានឆ័ត្រច្រើនណាស់ ចាំខ្ញុំទៅយកឲ្យមីងខ្ចីមួយ។
មីងធីតា៖ ក្មួយចិត្តល្អជាមួយមីងអញ្ចឹង ធ្វើឲ្យមីងខ្លាចចិត្តក្មួយណាស់។

និយាយចប់ភ្លាមធីតាបានដើរទៅយកឆ័ត្រ រួចនាងនិយាយក្នុងចិត្តថា “មីងបុប្ជាជាមនុស្សល្អ ជាអ្នកមានដូចនេះហើយត្រូវរើសឆ័ត្រមួយណាឲ្យសមនឹងរូបរាង និងឋានៈរបស់គាត់ នេះក៏ជាផ្នែកមួយធ្វើឲ្យគាត់នឹងសប្បាយចិត្តដែរ”។ បន្ទាប់ពីអ្នកមីងបុប្ជាបានខ្ចីឆ័ត្ររួចដើរបានបន្តិចស្រាប់តែជួបនឹងអ្នកភូមិដូចគ្នា គឺអ្នកមីងរតនា រួចអ្នកមីងបុប្ជាបានសួរទៅកាន់អ្នកមីងរតនាថា៖
មីងបុប្ជា៖ អូ… អ្នករតនាតើ! ទៅណាមកណា មេឃកំពុងភ្លៀងខ្លាំងណាស់ ហេតុអីមកឈរជ្រកភ្លៀងក្រោមដើមឈើទៅវិញ?
មីងរតនា៖ ចាសអ្នក! ខ្ញុំប្រុងទៅយកកូនចេញពីសាលារៀន ចៃដន្យមេឃភ្លៀងខ្លាំងមិនបាត់សោះ ។
មីងបុប្ជា៖ ខ្ញុំទើបចេញពីផ្ទះនាងតូចធីតាមុននេះដែរទេ ធីតាប្រាប់ខ្ញុំថាផ្ទះនាងមានឆ័ត្រច្រើនណាស់ អញ្ចឹងទៅខ្ចីពីនាងមួយសិនទៅ កុំឈរឲ្យត្រូវទឹកភ្លៀង ហើយកុំឲ្យកូននៅសាលាចាំផ្លូវអី។

លុះមីងរតនាបានដើរដល់មុខផ្ទះនាងធីតា ស្រាប់តែនាងធីតាបានស្រែកសួរថា៖
ធីតា៖ តើមីងរតនាទៅណាហ្នឹងទាំងមេឃភ្លៀងខ្លាំង ហើយផ្គរលាន់បែបនេះ?
មីងរតនា៖ ចាសក្មួយ! មីងប្រុងដើរទៅយកកូនចេញពីសាលា ស្រាប់តែមេឃភ្លៀង ហើយក៏បានជួបនឹងមីងបុប្ជា គាត់បានប្រាប់មីងឲ្យមកខ្ចីឆ័ត្រផ្ទះក្មួយសិនទៅ ព្រោះផ្ទះក្មួយមានឆ័ត្រច្រើនណាស់ ទើបមីងក៏សម្រេចចិត្តមកតែម្តងទៅ ។
ធីតា៖ មិនអីទេមីង ចាំបន្តិចខ្ញុំទៅយកអោយមីង ។

នាងធីតាដើរទៅយកបណ្តើរលួចនិយាយក្នុងចិត្តថា “ខ្លួនជាអ្នកក្រសោះ តែខំប្រឹងស្លៀកសំល្លៀកបំពាក់ដូចអ្នកថ្លៃថ្នូរទាំងមិនមើលខ្លួន ដូចនេះយកឆ័ត្រអាកញ្ចាស់ដាច់រហែកអោយខ្ចី ព្រោះបើខូចក៏មិនជាស្តាយដែរ ។

ធីតា៖ នេះមីងឆ័ត្រ ផ្ទះខ្ញុំសល់តែឆ័ត្រនេះទេមីង។
មីងរតនា៖ ចាំមេឃរាំងមីងនឹងយកមកសងក្មួយវិញណា មីងអរគុណហើយក្មួយ ។

បន្ទាប់ពីអ្នកមីងរតនាបានទៅយកកូនចេញពីសាលារួច ម្តាយនិងកូនដើរក្រោមដំណក់ទឹកភ្លៀងជាមួយនឹងឆ័ត្រដាច់រហែក តែមិនជាអ្វីនោះទេ ព្រោះមីងរតនាគិតថាបានគេឲ្យខ្ចីជាទឹកចិត្តរបស់គេហើយ ។ ភ្លាមៗនេះស្រាប់តែមីង និងកូនប្រុសតូចបានជួបនឹងលោកយាយចំណាស់ម្នាក់ជាអ្នកភូមិជាមួយគ្នា រួចអ្នកមីងរតនាក៏បាននិយាយទៅកាន់លោកយាយថា៖
មីងរតនា៖ លោកយាយអញ្ជើញទៅណាមកណាហ្នឹងទៅមេឃភ្លៀង?
លោកយាយ៖ យាយទើបដើរមកផ្សារទិញម្ហូបបន្តិចបន្តួច ត្រលប់មកក៏ស្រាប់តែមេឃភ្លៀងធំបែបនេះតែម្តង ទើបយាយឈរជ្រកក្រោមដំបូលផ្ទះគេ។
មីងរតនា៖ មេឃនេះភ្លៀងមិនងាយនឹងរាំងទេយាយ ចឹងហើយយាយចូលជ្រកក្រោមឆ័ត្រនេះ រួចបីនាក់យើងដើរទៅទាំងអស់គ្នាតែម្តងទៅ ។
លោកយាយ៖ ទេៗមិនកើតទេ ឆ័ត្រនេះកំពុងតែរហែកផង បើថែមយាយចូលមួយទៀត ម៉ែកូនឯងប្រាកដជាសើមជោគហើយ ។
មីងរតនា៖ មិនជាអ្វីឡើយយាយ ខ្ញុំខ្លាចយាយត្រូវទឹកភ្លៀងយូរផ្តាសាយហ្នឹងណា ។

លុះដើរដល់ផ្ទះលោកយាយ នាងធីតាក៏បានដើរចេញមកដើម្បីបើកទ្វារឲ្យម្តាយនាងចូល ស្រាប់តែនាងភ្ញាក់ខ្លួន រួចនិយាយថា៖
ធីតា៖ ហេតុអីម៉ាក់មកជាមួយនឹងមីងរតនាទៅវិញ?
លោកយាយ៖ ម៉ាក់កំពុងឈរជ្រកភ្លៀងក្រោមដំបូលផ្ទះគេ រួចរតនាក៏ដើរជួបម៉ាក់ ហើយក៏បានហៅម៉ាក់ចូលដើរមកផ្ទះជាមួយគ្នា ព្រោះគាត់ខ្លាចម៉ាក់ឈឺ ហើយឆ័ត្រនេះរហែកទៀតធ្វើឲ្យសើមខ្លួនគេអស់រលីង ។
មីងរតនា៖ មិនអីទេយាយ ហើយក៏អរគុណធីតាដែលបានឲ្យមីងខ្ចីឆ័ត្រកុំអីសើមខ្លួនកូនប្រុសមីងហើយ ។ ឥលូវមេឃក៏រាំងដែរហើយ ចឹងមីងសងឆ័ត្រក្មួយស្រីវិញណា ។

ភ្លាមៗនោះលោកយាយភ្ញាក់ខ្លួន ព្រោះមិននឹកស្មានថាកូនស្រីខ្លួនឯងឲ្យឆ័ត្រអ្នកជិតខាងខ្ចីទាំងដាច់រហែកបែបនេះសោះ ។ ឯធីតាក៏ខកចិត្តរួចគិតថា បើគ្មានមីងរតនា ម្លោះហើយម្តាយខ្ញុំមិនដឹងត្រូវទឹកភ្លៀងប៉ុន្មានដំណក់ ហើយឈឺប៉ុន្មានខែនោះទេ ។

តម្លៃអប់រំក្នុងរឿង៖ ការជួយទុក្ខធុរៈនរណាម្នាក់មិនចាំបាច់ចង់បានការតបស្នង និងគិតថាអ្នកនោះជាអ្នកមាន ឬ អ្នកក្រឡើយ ។ ថ្ងៃនេះយើងជួយអ្នកនេះ លុះថ្ងៃក្រោយនឹងមានអ្នកផ្សេងជួយអ្នកវិញជាមិនខាន ៕

និពន្ធដោយ៖ Queenco

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top