ទ្រនិចនាឡិកាបង្វិលមកដល់ម៉ោង ១២ពាក់កណ្តាលអាធ្រាត្រ ទៀតហើយ ពេលវេលាកន្លងផុតទៅមួយថ្ងៃទៀតហើយ ។ បើគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នេះពួកយើងឈ្លោះគ្នា និងមិនព្រមនិយាយរកគ្នា ២៩ថ្ងៃ មកហើយដែលពេលវេលាមួយនេះពិតជាយូរខ្លាំងណាស់សម្រាប់បង ប៉ុន្តែបងក៏មិនបានដឹងថាអូនគិតយ៉ាងណាចំពោះការបែកគ្នាដោយមិនប្រាប់គ្នាមួយម៉ាត់នេះដែរ ។ ធាវី បងដឹងថាការពិតពួកយើងនៅតែស្រលាញ់គ្នា នៅតែនឹកដល់គ្នា ហើយនៅតែចង់ក្បែរគ្នាគ្រប់ពេលវេលាទាំងអស់ ប៉ុន្តែដោយឥទ្ធិពលកំណាចនៃការចង់ឈ្នះចាញ់ ទើបបានជាបណ្តាលឲ្យពួកយើងក្លាយមកជាបែបនេះដោយស្ងៀមស្ងាត់ជាទីបំផុត ។ ធាវី បងនឹកអូនខ្លាំងណាស់ នឹករហូតពេលខ្លះបេះដូងរបស់បងស្ទើរតែសុំបងផ្អាកដំណើរការថែមទៀតផង ។ ហេតុអ្វីថ្ងៃមុនយើងមិនព្រមនិយាយគ្នាឲ្យច្បាស់? ហេតុអ្វីពេលខ្លះពួកយើងចង់ឈ្នះចាញ់ជាមួយគ្នាខ្លាំងយ៉ាងនេះ? បើដឹងរួចមកហើយថា ពេលនេះទឹកភ្នែកហូរចុះមកមិនខុសពីទឹកជ្រោះប៉ុន្មាននោះទេ ។
ធាវី អើយពេលនេះអូនយ៉ាងម៉េចហើយ? អូនសុខសប្បាយទេ? សុខទុក្ខរបស់អូនយ៉ាងណាដែរ? អូនដឹងទេថាគ្រាស្នេហ៍ដំបូងរបស់យើងកំពូលសែនផ្អែមល្ហែម ប៉ុន្តែនៅពេលដែលបញ្ចប់សេចក្តីស្រលាញ់មួយនេះអ្វីៗហាក់បីដូចជាសាបរលាបដូចជាអំបិលត្រូវថ្ងៃអញ្ចឹងដែរ ។ បើមើលពីជ្រុងតែម្ខាងពួកយើងពិតជាស្រលាញ់គ្នាខ្លាំងណាស់ តែបើមើលឲ្យបានសព្វគ្រប់ជ្រុងជ្រោយយើងច្បាស់ជានឹងមើលឃើញថា ម្នាក់ៗសុទ្ធតែមានកំហុសរៀងៗខ្លួន ចុះហេតុអ្វីមិនសុំទោសគ្នាទៅ? ចង់ឈ្នះចាញ់គ្នាធ្វើអី? ។
បងដឹងថាបងត្រឹមតែជាមហារីកនៅក្នុងបេះដូងរបស់អូន ទាំងដែលអូនជាផ្កាដ៏សែនស្រស់ស្អាតនៅក្នុងបេះដូងរបស់បងទៅវិញ ។ ពួកយើងបានដើរមកដល់នៅចំណុចមួយដែលម្នាក់ៗនិយាយពាក្យថា "ហត់ហើយ! ចង់សម្រាក... ពួកយើងសម្រាកទៅ" ។ អូខេ បងអាចធ្វើបាន បងដឹងថាបងរំខានអូនយូរពេកហើយ ទើបបានជាបងយល់ព្រមចាកចេញពីជីវិតដ៏សែនស្រស់ស្អាតរបស់បុប្ជាមួយទងនេះ ។ បងសន្យាថាបងមិននៅឲ្យទើសមុខរបស់អូនទៀតនោះទេ បងនឹងប្រែក្លាយខ្លួនឯងជាកន្ត្រៃដើម្បីកាត់ចេញនូវជំងឺមហារីកដែលកើតមាននៅក្នុងបេះដូងរបស់អូន ៕
និពន្ធ៖ Pisoth |
|