Facebook Twitter Google+ Share

កាហ្វេដាក់អំបិល

[Copy link]
52289 0
Share
ខ្ញុំចាប់កាន់សំបុត្រមួយសន្លឹកដែលមាននៅក្នុងដៃ ដោយខ្ញុំកកូរកកាយរកវាឃើញនៅក្នុងទូរដាក់សម្លៀកបំពាក់មនុស្សដែលខ្ញុំស្រលាញ់ ។ ខ្ញុំចាប់ផ្តើមយកវាមកអានម្តងមួយអក្សរៗ ខ្ញុំអានឡើងស្រក់ទឹកភ្នែក អានឡើងយល់ឃើញថាពិភពលោកនេះចាប់ផ្តើមប្រែជាត្រជាក់យ៉ាងចម្លែក ។ ទឹករលោងថ្លាដូចកញ្ចក់ដែលនៅក្នុងកែវភ្នែករបស់ខ្ញុំចាប់ផ្តើមប្រដេញគ្នាស្រក់ចុះមកយ៉ាងរន្ថើន អារម្មណ៍នៅពេលនេះមិនអាចធ្វើអ្វីបានក្រៅពីខ្ទប់មាត់ស្រែកយំតែម្នាក់ឯង ព្រោះមិនចង់ឲ្យគេឮ ម្យ៉ាងនៅទីនេះក៏គ្មាននរណាទៀតដែរ មានតែខ្ញុំម្នាក់ឯងតែប៉ុណ្ណោះ ។ ជាពេលវេលាដែលនិយាយមិនចេញ ដឹងត្រឹមតែថាមិនចង់ឲ្យបែបនេះកើតឡើង ប៉ុន្តែក៏មិនអាចឃាត់បានដែរ ព្រោះពេលវេលាដើរទៅមុខមិនរង់ចាំមនុស្សម្នាក់នេះសូម្បីតែបន្តិច ។

កាហ្វេដាក់អំបិល.jpg

នេះជាការជួបគ្នាដោយចៃដន្យជាលើកដំបូង ខ្ញុំជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយ ការងាររបស់ខ្ញុំត្រូវជួបជាមួយអតិថិជនជាញឹកញាប់ ហើយទីតាំងដែលសមប្រកបបំផុតសម្រាប់ខ្ញុំគឺនៅក្នុងហាងកាហ្វេ ។ ថ្ងៃនេះខ្ញុំត្រូវមកជួបពិភាក្សាជាមួយអតិថិជនថ្មីម្នាក់ ដែលគាត់ទើបនឹងចាប់ផ្តើមសហការជាមួយនឹងក្រុមហ៊ុនរបស់ខ្ញុំ ដូច្នេះត្រូវមកនិយាយជាមួយគាត់ពីលក្ខខណ្ឌដែលក្រុមហ៊ុនរបស់ខ្ញុំមានទៅកាន់គាត់ ដើម្បីឲ្យគាត់ពិចារណាក្នុងការចាប់ដៃគូនេះ ។ ជម្រាបសួរ! តើ អ្នកនាង នរតី មែនទេ? គ្រាន់តែឮសម្លេងហៅឈ្មោះរបស់ខ្ញុំភ្លាម ខ្ញុំក៏ស្ទុះទៅជម្រាបសួរគាត់វិញភ្លាម ព្រោះក៏បានស្គាល់គាត់រួចមកហើយថាជា លោក សួន វិទូ ជាដៃគូថ្មីរបស់ក្រុមហ៊ុន ។ ភ្លាមៗនោះខ្ញុំក៏ចាប់ផ្តើមរៀបរាប់ពីប្រវត្តិរូបសង្ខេបខ្លះៗរបស់ខ្ញុំ និងរបស់ក្រុមហ៊ុន ក៏ដូចជាទស្សនៈវិស័យទាំងមូលដែលក្រុមហ៊ុនចង់ផ្តោតសំខាន់ ។ លោក វិទូ អង្គុយស្តាប់ខ្ញុំយ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងក៏ចាប់ផ្តើមសន្ទនាគ្នាពីការងារដែលត្រូវធ្វើបន្តក្នុងនាមជាដៃគូថ្មី និងអ្នកបកស្រាយរូបចាស់ម្នាក់នេះ ។ និយាយគ្នាពីការងាររួចរាល់ពួកយើងក៏ចាប់ផ្តើមនិយាយពីរឿងឯកជនរបស់គ្នាវិញ ព្រោះការងារក៏បានបញ្ចប់រួចរាល់អស់ទៅហើយ តែក៏មិនចង់ដើរចេញភ្លាមៗដែរ ដើម្បីជាភាពស្និទ្ធស្នាលនឹងគ្នា ។ និយាយបានមួយសន្ទុះស្រាប់តែមានបុរសម្នាក់ដើរមកដល់តុរបស់ពួកយើងទាំងពីរក៏សុំខ្ញុំអង្គុយដែរ ដោយសារតែថ្ងៃនេះមានភ្ញៀវច្រើនពេកមិនមានកន្លែងទំនេរ ខ្ញុំក៏ឆ្លើយយល់ព្រមព្រោះឃើញថានៅមានកន្លែងទំនេរចំនួន ១កន្លែង ដែរនៅជាប់នឹង លោក វិទូ ។ បុរសម្នាក់ហ្នឹងចម្លែកណាស់ គេកម្មង់កាហ្វេរួចរាល់អស់ហើយមិនព្រមពិសាឡើយ តែបែរជាអង្គុយមើលមុខរបស់ខ្ញុំហើយញញឹមញញែមហាក់បីដូចជាមនុស្សមិនគ្រប់តឹកអញ្ចឹង ។ លោក វិទូ ឃើញបែបនេះហាក់ងឿងឆ្ងល់ និងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្ញុំ ក៏បបួលខ្ញុំត្រឡប់ទៅវិញ ប៉ុន្តែខ្ញុំបានបដិសេធជាមុន ព្រោះយល់ថាចង់នៅអង្គុយបន្តមួយសន្ទុះទៀតសិន រួចក៏ជូនដំណើរ លោក វិទូ ត្រឡប់ទៅមុនដើម្បីជាការគួរសម ។ គ្រាន់តែបែរខ្នងមកវិញខ្ញុំក៏ឃើញគេក្រឡេកមើកមកខ្ញុំមិនដាក់ភ្នែកនោះទេ ខ្ញុំក៏បានសួរទៅកាន់គេថា "អេ! លោក តើលោកកើតអីអត់បានជាចេះតែមើលមុខខ្ញុំអញ្ចឹង? តើមុខខ្ញុំប្រឡាក់អីមែន? គេចាប់ផ្តើមញញីរញញ័រ ហើយនិយាយសុំទោសមកកាន់ខ្ញុំ ព្រោះមិនមែនជាចេតនាឡើយ តែដោយសារខ្ញុំស្អាតខ្លាំងពេក" គ្រាន់តែឮបែបនេះភ្លាមខ្ញុំអរឡើយចង់ហោះចេញពីតុទៅហើយ តែចាប់ផ្តើមឆ្ងល់ ដោយសារឃើញគេចាប់យកអំបិលដាក់ចូលទៅក្នុងពែងកាហ្វេ ព្រោះជាទូទៅគេញាំកាហ្វេដាក់ស្ករ តែចម្លែកអីលោកម្នាក់នេះបែរជាញាំកាហ្វេជាមួយអំបិលទៅវិញ ខ្ញុំក៏ចាប់ផ្តើមសួរទៅកាន់គេជាថ្មីម្តងទៀត គេបានឆ្លើយត្រឡប់មកខ្ញុំវិញថា "អូ! មិនអីទេអ្នកនាង នេះជាទម្លាប់របស់ខ្ញុំទៅហើយដែលចូលចិត្តធ្វើបែបនេះ ព្រោះខ្ញុំអត់ចេះញាំកាហ្វេដាក់ស្ករទេ វាផ្អែមពេកយ៉ាងម៉េចមិនដឹងទេ" ។ ម្យ៉ាងដែរខ្ញុំក៏សាកដាក់តាមគាត់ ប៉ុន្តែនៅពេលនោះ... រសជាតិពិបាកទទួលយកខ្លាំងណាស់លោកអើយ ហើយចុះម៉េចក៏លោកម្នាក់ហ្នឹងញាំទាំងមុខញញឹមបែបនេះទៅវិញ ខ្ញុំពិតជាងឿងឆ្ងល់ខ្លាំងណាស់ ។ ពួកយើងចាប់ផ្តើមនិយាយគ្នាលេង ប្រទាក់ក្រឡាគ្នាមិនឲ្យទាក់ឡើយ ព្រោះខ្ញុំជាមនុស្សចូលចិត្តនិយាយស្រាប់ បើទោះបីជាគេមិនសូវចេះនិយាយយ៉ាងម៉េចក្តីក៏ពួកយើងនៅអាចនិយាយជាមួយគ្នាដោយទឹកមុខញញឹមញញែមតែម្តង ។ ខ្ញុំបានសរសើរគេថា គេជាមនុស្សចម្លែកដែលអាចញាំកាហ្វេជាមួយអំបិលបាន ទាំងដែលខ្ញុំពិបាកក្នុងការលេបខ្លាំងណាស់ ។
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top