Facebook Twitter Google+ Share

បន្ទាត់មិនត្រង់

[Copy link]
197 0
Share
បន្ទាត់ជាវត្ថុម៉្យាងដែលគេយកទៅប្រើប្រាស់ជាការកំណត់ភាពត្រង់មួយ។​ គ្រប់គ្នាសុទ្ធតែបានដឹងថា បន្ទាត់គឺត្រង់ជានិច្ច ដូច្នេះវាអាចជួយយើងក្នុងការគូសវាសលើអ្វីមួយដែលយើងមានបំណងចង់គូស។ បន្ទាត់គឺមានភាពអព្យាក្រិតជានិច្ច ក៏ប៉ុន្តែ.........

បន្ទាត់មិនត្រង់.jpg

បន្ទាត់ និងខ្មៅដៃតែងសហការជាមួយគ្នាជានិច្ចក្នុងការធ្វើកិច្ចការអ្វីមួយ។ ទាំងពីរអ្នកនេះតែងតែធ្វើការយ៉ាងសកម្មនៅលើក្រដាសជាមួយគ្នា។ បន្ទាត់ជាអ្នកដឹកនាំក្រុមជានិច្ច ហើយកិច្ចការរបស់ពួកគេរលូនទៅមុខជាលំដាប់។ អ្នកទាំងពីរបានសហការគ្នាគូសនូវរូបរាងជាច្រើនដែលទទួលបានការស្ញប់ស្ញែងមិនដាច់ពីមាត់។

មានថ្ងៃមួយអ្នកទាំងពីរក៏ទទួលបានការងារថ្មីមួយ ដែលជាផ្លូវតែមួយគត់ដែលអាចឱ្យខ្លួនឈានទៅដល់ភាពជោគជ័យត្រចះត្រចង់មួយ។ ប៉ុន្តែ........
សៀវភៅ        ៖ " ខ្ញុំចង់ឱ្យអ្នកឯងគូសរូបភាពមួយដែលមានលក្ខណៈពិសេសបំផុត តែខ្ញុំមិនត្រូវការខ្មៅដៃចូលរួមក្នុងកិច្ចការនេះទេ ព្រោះខ្មៅដៃងាយនឹងរលុប ដូច្នោះហើយខ្ញុំចង់បានតែអ្នកឯងទេ "
បន្ទាត់        ៖ " ប៉ុន្តែខ្ញុំមិចនឹងអាចគូសវាសបានដូចជាខ្មៅដៃកើតទៅ? "
សៀវភៅ        ៖ " ខ្ញុំមានប៊ិច​ដែលជាដៃគូសហការជាមួយខ្ញុំស្រាប់ ដូច្នេះអ្នកឯងមិនចាំបាច់ព្រួយបារម្ភអ្វីទាំងអស់ "
បញ្ចប់ការពិភាក្សា បន្ទាត់ក៏យកសម្តីរបស់សៀវភៅទៅពិចារណា...

នៅមិនប៉ុន្មានថ្ងៃទៀត ខ្មៅដៃ និងបន្ទាត់ជិតដល់ថ្ងៃដែលត្រូវប្រគល់ស្នាដៃឱ្យគេល្មម ខ្មៅដៃស្ទុះស្ទាណាស់ក្នុងការគូសវាស ដោយឡែកបន្ទាត់វិញមិននឹកគិតធ្វើអ្វីទាំងអស់។ ចាប់តាំងពីខ្លួនត្រឡប់មកពីជួបសៀវភៅវិញ បន្ទាត់ហាក់ប្លែកខ្លាំង គេដូចជាលែងចង់បន្តការងារជាមួយនឹងខ្មៅដៃទៀតហើយ។ គេនៅស្ងៀម មិនបង្វែរខ្លួនតាមទិសដែលខ្មៅដៃចង់បាននោះទេ ជាហេតុដែលធ្វើឱ្យខ្មៅដៃគូសខុសរូបភាពដែលចង់បាន ត្រូវលុបម្តងហើយម្តងទៀត។ រឿងនេះមិនធ្លាប់កើតមានចំពោះអ្នកទាំងពីរទេ ដូចនេះខ្មៅដៃក៏ដាច់ចិត្តសួរបន្ទាត់។
" ឯងកើតអីហ្ហេស? "
ដំបូងបន្ទាត់រៀងសញ្ជប់សញ្ជឹងគិតមួយបន្តិច ក្រោយមកគេក៏ដាច់ចិត្តប្រាប់ខ្មៅដៃថា " ពួកយើងគួរតែឈប់បន្តធ្វើការជាមួយគ្នាទៅ ព្រោះឯងមិនមានប្រយោជន៍អីសោះឡើយសម្រាប់ខ្ញុំ ខ្ញុំចង់ទៅរកគោលដៅថ្មីដែលល្អជាងនេះ "។ ខ្មៅដៃគ្មានវាចា បានខ្សឹកខ្សួលក្នុងចិត្ត ព្រោះសម្តីមិត្តល្អប្រហារដួងចិត្តស្មោះស....។

ក្រោយពីអ្នកទាំងពីរបញ្ចប់ទំនាក់ទំនងនឹងគ្នា បន្ទាត់ក៏ដើរនៅផ្លូវដែលខ្លួនជ្រើស ប៉ុន្តែមិនយូរប៉ុន្មានបន្ទាត់ក៏អស់ន័យសម្រាប់សៀវភៅ។​ ក្រោយពីប៊ិចនិងសៀវភៅសហការគ្នាបោកបន្ទាត់ ឱ្យគូសបង្កើតក្រឡានៅក្នុងសន្លឹកសៀវភៅនីមួយៗរួចមក ពួកគេក៏ទាត់បន្ទាត់ចោល ហើយបន្ទាត់ក៏មិនអាចបញ្ចេញសមត្ថភាពខ្លួនបានតទៅទៀតដែរ៕


និពន្ធដោយ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top