• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

អារម្មណ៍ពិត៖ នឹកម៉ាក់....

[Copy link]
1585 0
Share
        ខ្ញុំបានចេញពីស្រុកកំណើតអស់រយៈពេលជិត៥ឆ្នាំ ក្រោយបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ។ ខ្ញុំធ្លាប់មានក្តីស្រមៃដ៏ធំមួយថា ចង់ក្លាយប៉ូលីសម្នាក់ដែលមុខម៉ាត់ និងយសក្តិ ដើម្បីនាំកតិ្តយសជូនគ្រួសារ ជាពិសេសតបស្នងចំពោះការបីបាច់ថែរក្សារបស់អ្នកមានគុណឈ្មោះ “ម៉ាក់” នឹងមិនឱ្យគាត់លំបាកដូចសព្វថ្ងៃទៀតទេ។ ប៉ុន្តែអ្វីៗមិនដូចការគិតទុកមុននោះទេ ក្រោយខ្ញុំឈានចូលមកដល់ទឹកដីថ្មី ទីក្រុងដ៏ស្រស់ស្អាតពោពេញទៅដោយភ្លើងពណ៍ចម្រុះ ធ្វើឱ្យខ្ញុំភ្លឺតភ្លើនភ្លេចអស់ហើយនូវអ្វីដែលជាតួនាទីរបស់ខ្លួនមកទីក្រុង ដើម្បីបន្តការសិក្សា។

នឹកម៉ាក់.jpg

        ក្នុងអំឡុងឆ្នាំសិក្សានៅសាកលវិទ្យាល័យ ខ្ញុំចាប់ផ្តើមស្គាល់មិត្តភក្តិ ខ្ញុំចាប់ផ្តើមចេះដើរលេងតាមក្លឹបកំសាន្ត ផឹកស៊ី ល្បែង ស្រី គ្រប់ប្រភេទ លុយដែលម៉ាក់ផ្ញើមកឱ្យចាយវាយសម្រាប់១ខែត្រូវខ្ញុំចាយបានត្រឹមតែ១០ទៅ១៥ថ្ងៃក៏អស់។ ក្រោយពីអស់លុយ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីខលទៅសុំម៉ាក់ឱ្យផ្ញើបន្ថែមដោយកុហកគាត់ថាសាលាតម្រូវឱ្យទិញនេះ ឬទិញនោះ។ ម៉ាក់មិនដែលសួរដេញដោលទេថា ហេតុអ្វីសាលាតម្រូវឱ្យទិញច្រើនម្លេស! គាត់គ្រាន់តែដឹងថាកូនយកទៅរៀន យ៉ាងយូរ២ថ្ងៃប៉ុណ្ណោះលុយក៏មកដៃខ្ញុំ។ ក្រោយពីបានលុយហើយ ខ្ញុំចាប់ផ្តើមហៅមិត្តភក្តិដើរផឹកស៊ីសប្បាយទៀតហើយ ខ្ញុំភ្លេចអស់ហើយថា ម៉ាក់រាល់ថ្ងៃនេះលំបាកប៉ុណ្ណា ម៉ាក់ត្រូវក្រោកតាំងពីព្រឹកមាន់មិនទាន់រងាវផងដើម្បីទៅលក់ ថ្ងៃត្រង់មិនបានសម្រាក និងហូបបាយមិនត្រង់ម៉ាត់ ខុសពីមនុស្សគ្រប់គ្នាកំពុងតែលង់លក់នៅម៉ោងសម្រាកថ្ងៃត្រង់របស់ពួកគេ រីឯយប់ព្រលប់ទើបមកដល់ផ្ទះ ទម្រាំតែគាត់បានហូបបាយយប់គឺម៉ោង១០ ទៅ១០:៣០ជាង ប៉ុន្តែម៉ាក់មិនដែលប្រាប់ខ្ញុំថា គាត់ហត់នោះទេ។ ក្រោយបញ្ចប់ការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ទើបខ្ញុំចាប់ផ្តើមយល់បន្តិចម្តងៗថា ខ្ញុំបញ្ចប់ការសិក្សាហើយ ប៉ុន្តែរយៈពេល៤ឆ្នាំមកនេះ ខ្ញុំគ្មានបានអ្វីសោះពីសិក្សា ចំណែកមិត្តភក្តិដែលមកពីខេត្តដូចគ្នា អ្នកខ្លះគេត្រូវប្រលងជាប់អាហារូបករណ៍ទៅរៀននៅឯប្រទេសក្រៅ ឯអ្នកខ្លះទៀតមានការងារល្អធ្វើ ចំណែកខ្ញុំគ្មានជំនាញពិតប្រាកដ។ ក្រោយពីពិចារណាឡើយវិញ ទើបដឹងថាខ្លួនបានចំណាយពេលអស់៤ឆ្នាំដោយគ្មានន័យអ្វីសោះ តែទោះយ៉ាងណាខ្ញុំសម្រេចចិត្តថានឹងរកការងារឱ្យបាន ទោះការងារនោះតូចក្តី ឬធំក្តី។ ជាសំណាងខ្ញុំបានការងារធ្វើនៅកាហ្វេប្រែណមួយកន្លែង ជារៀងរាល់ព្រឹកខ្ញុំត្រូវភ្ញាក់តាំងពីម៉ោង៥:៣០ព្រឹកទៅធ្វើការ ពេលសម្រាកមានតែកន្លះម៉ោងសម្រាប់ហូបបាយ ម៉ោង៥ល្ងាចទើបបានសម្រាកពីការងារ ពេលខ្លះមានអារម្មណ៍ថាវាលំបាកណាស់ព្រោះតែខ្ញុំមិនធ្លាប់បានធ្វើវាពីមុនមក ពេលខ្លះទៀតខ្ញុំត្រូវម្ចាស់ហាងស្តីបន្ទោស មានទាំងជេរ និងដៀលត្នះក៏មាន តែខ្ញុំបានតាំងចិត្តហើយថា ត្រូវតែទ្រាំឱ្យបានព្រោះជីវិតជាកម្មករគេគឺវាអីចឹងហើយ។ ក្រោយពីធ្វើការបានរយៈពេលពេញមួយខែ ប្រាក់ខែក៏ត្រូវបានបើកជាលើកដំបូង ពេលបើកស្រោមសំបុត្រ ខ្ញុំមិនដឹងថាទឹកភ្នែករបស់ខ្ញុំហូរមកដោយសារអ្វី ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ទម្រាំបានប្រាក់ខែ៨០ដុល្លានេះ ខ្ញុំត្រូវគេជេរផង ដៀលផង គ្មានពេលបានសម្រាកស្រួលខុសគ្នាពីកាលដែលខ្ញុំលើកដៃសុំលុយម៉ាក់។ ពេលនោះហើយជាពេលដែលខ្ញុំនឹកដល់ម៉ាក់ខ្លាំងបំផុត ពេលខ្ញុំសម្លឹងមើលលុយទាំងទឹកភ្នែកកំពុងតែហូរ ខ្ញុំគិតដល់ម៉ាក់ដែលគាត់ខំប្រឹងរកលុយមកឱ្យខ្ញុំ ទាំងចាយវាយ ទាំងបង់ថ្លៃសាលា អស់រយៈពេលជាង៤ឆ្នាំមកនេះ តើគាត់ត្រូវលំបាកប៉ុណ្ណា គាត់វេទនាប៉ុណ្ណា គាត់ស៊ូទ្រាំប៉ុណ្ណា គាត់ហត់ប៉ុណ្ណាទម្រាំបានលុយផ្ញើឱ្យកូនម្តងៗ។ អារម្មណ៍របស់ខ្ញុំពេលនេះសែនសង្វេក និងឯការបំផុតនៅពេលដែលនឹកដល់ម៉ាក់ ហើយម៉ាក់ជាមនុស្សតែម្នាក់គត់ដែលកូនស្រលាញ់ជាងក្នុងលោកនេះ។
*** អត្ថបទខាងលើគឺជារឿងពិតរបស់ប្អូនប្រុសម្នាក់ ដែលបានបញ្ចេញអារម្មណ៍ពិតក្រោយពីគាត់នឹកដល់ម្តាយនៅឯស្រុកកំណើត គាត់សរសើរឡើងដើម្បីចែករំលែកបទពីសោធន៍ដល់បងប្អូនប្រិយមិត្ត ឬអ្នកអានទាំងអស់ ជាពិសេសចំពោះប្អូនៗដែលទើបចាកចេញពីស្រុកកំណើតហើយបន្តការសិក្សានៅរាជធានីភ្នំពេញ សូមកុំបណ្តោយខ្លួនឱ្យជ្រុលនឹងភ្លើងពណ៍ ត្រូវចាំថាអ្នកមានគុណរបស់យើងគាត់លំបាកណាស់ទម្រាំរកលុយផ្ញើរឱ្យយើងម្តងៗ៕
អត្ថបទដោយ៖ Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top