• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីសាស្ត្រងាយៗក្នុងការដាំដុះដំណាំក្រូចឆ្មា ដែលមិននឹកស្មានដល់

[Copy link]
1922 0
Share
ក្រូចឆ្មាមានប្រយោជន៍ក្នុងគ្រួសារណាស់ គេពុំមែនគ្រាន់តែយកក្រូចឆ្មាទៅធ្វើម្ជូរ ច្របាច់ដាក់តែស្ករផឹក ឬធ្វើក្រូចត្រាំ "ងាំងូវ" ត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ វាមានជីវជាតិសេ យ៉ាងច្រើនដែលមនុស្សពុំអាចខ្វះបាន ។ ជីវជាតិសេ ធ្វើអោយរឹងប៉ឹងឈ្នះរោគផ្សេងៗ ការពារមិនអោយបេះដូងឈឺងាយៗ ការពាររាក់ស៊ីធ្មេញ ។ល។ ដូច្នេះសម្រាប់ផ្លែក្រូចឆ្មាវាអាចជាគ្រឿងផ្សំសម្រាប់ហូបផង និងមាននាទីជាថ្នាំព្យបាលផងដែរ ។ យ៉ាងណាមិញបើដាំចោលតែ ២ដើម តាមផ្ទះនោះនឹងបានលក់ថែមចេញថែមទៀតផង ។

29572586_242141296529889_4557613011570934111_n.jpg

ក្នុងនោះផងដែរថ្ងៃនេះ កោះថ្មី នឹងនាំប្រិយមិត្តបណ្តាអ្នកគាំទ្រមកសិក្សាស្វែងយល់ពីវិធីសាស្ត្រងាយៗនៅក្នុងការដាំដុះនូវដំណាំមួយប្រភេទនេះនៅតាមគេហដ្ឋានដោយផ្ទាល់ ដោយពុំចាំបាច់ចំណាយលុយទៅទិញនៅតាមទីផ្សារនានានោះទេ ។ ខាងក្រោមនេះជាចំណុចតូចៗដែលអ្នកអាចចាប់ផ្តើមអនុវត្តន៍បាន៖

១.ការរើសពូជ
អ្នកត្រូវតែជ្រើរើសយកពូជក្រូចឆ្មាជារបស់ខ្មែរ ព្រោះវាមានភាពធន់ទ្រាំខ្លាំងបំផុត ។ ហើយបើស្គាល់ដើមត្រូវទិញមែកសាកពីគេ បើមិនស្គាល់ត្រូវសម្លឹងរើសយកពីទីផ្សារនូវផ្លែណាធំល្អតែ ១ផ្លែ ទុកសម្រាប់ធ្វើពូជបានហើយ ។ ចំពោះការដាំដុះដំណាំមួយប្រភេទនេះវិញ វាអាចហុចផលបណ្ដើរៗនៅឆ្នាំទី៣ បន្ទាប់ពីដាក់ដាំ ។ បើដាំសាកក៏ក្នុងអាយុជាង ២ឆ្នាំ ទើបហុចផលត្រឹមតែគួរសមប៉ុណ្ណោះ ។

២. ការបណ្ដុះគ្រាប់ និងការរើសកូនដាក់ថង់
សម្រាប់គ្រាប់របស់ក្រូចឆ្មា ត្រូវកប់ចោលក្នុងឆ្នាំងអំបែងណា១ ឬកប់ក្នុងផើងជី ឬរានខ្ទឹមជាមុនសិន ។ បន្ទាប់ពីពេលដែលកូនវាដុះចេញមកបាន ១ចំអាម ត្រូវមើលដើមដែលល្អជាងគេ ដកថ្នមៗកុំឲ្យដាច់ឫស ។ រួចរាល់ហើយយើងត្រូវកាត់ឫសកែវចោលទុកតែ ២ធ្នាប់ដៃ ប៉ុណ្ណោះហើយរើសយកដើមដែលមានឫសខាងស្ញេះជុំវិញ ។ យើងយក ២ដើម ទៅផ្សាំទុកក្នុងកំប៉ុងចាស់១ ។ បើលោកអ្នកមានផ្ទុកជី ឬមានដាំបន្លែផ្សេងអាច លោកអ្នកអាចយកកូនក្រូចឆ្មានេះទៅទុកជិតកន្លែងទាំងនេះដើម្បីមានភាពងាយស្រួលក្នុងការមើលថែជារៀងរាល់ថ្ងៃ ព្រោះកូនក្រូចឆ្មាចាញ់ដង្កូវខ្លាំងណាស់ ។ កាលបើរំលងបាន១ឆ្នាំហើយ ស៊ឹមយើងយកទៅដាំ ។

៣.ការថែក្តិបក្រូច
កូនក្រូចគ្រប់ពូជទាំងអស់មិនថាពូជណាជាពូជណាទេ ត្រូវតែមានការថែទាំដូចគ្នាទាំងអស់ គឺត្រូវប្រយ័ត្នចំពោះដង្កូវ និងឧស្សាហ៍ស្រោចទឹកនោមគោលាយជាមួយទឹកនោមមនុស្ស ឬទឹកនោមទន្សាយក៏ល្អដែរចំនួន ២ត្រឡោក ក្នុងទឹកកន្លះប៉ោតពីលើស្លឹក ដើម្បីអោយវាស្ទុះឆាប់ និងអាចបន្ថយដង្កូវល្អិត ដែលមិនធ្វើឲ្យយស្លឹករួញថែមទៀតផង ។

៤. ការរៀបរណ្ដៅ
ដោយក្រូចឈ្នះទឹកគួរសមដែរ យើងអាចដាំនៅទីដែលមានទឹកលិចបាន ដោយគ្រាន់តែធ្វើរណ្ដៅលើកឲ្យខ្ពស់បន្តិចតែប៉ុណ្ណោះ ។ ក្រូចឆ្នា ជាប្រភេទដំណាំដែលសម្រាប់ស្លរជាមួយម្ហូបផ្សេងៗ ដូច្នេះភាគច្រើនគេដាំនៅជិតផ្ទ ឬចង្ក្រាន្តបាយ នៅក្នុងទីតាំងដែលសំបូរទៅដោយជន្លេន ហើយយើងត្រូវជីករណ្ដៅតែ ៦តឹក បួនជ្រុង មានជម្រៅត្រឹមជង្គង់ បន្ទាប់មកត្រូវដាក់ជីកំប៉ុសចូល ៣បង្គី ជ្រុំដីមាត់រណ្ដៅទម្លាក់ចូលលាយច្របល់ជាមួយជីអោយសព្វ លុះត្រាជិតពេញរណ្ដៅវិញ ។

៥ . ការដាំ
ការដាំកូនក្រូចឆ្មា ២ដើម នេះពុំតឹងតែងពេកទេ ។ បើដាំនៅឆ្ងាយផ្ទះ យើងយកទាំងកំប៉ុងទៅដាក់ដាំតែម្ដងទៅ ។ បើដាំជិតផ្ទះបាយ កូនដែលដាំត្រូវជ្រលក់ឫសក្នុងភក់អាចម៍ជន្លេនសិន ហើយដាក់ ២ដើម ក្នុង១រណ្ដៅ ។ ដាំរួចត្រូវកាត់ដើមចោល ពាក់កណ្ដាល បន្ទាប់មកធ្វើចង្អូរខាងសម្រាប់ស្រោចទឹកអោយចំពីលើចុងឫស ។ គ្របរណ្ដៅដោយសំរាម ធាងដូង អោយដីសើមជានិច្ច និងសំបូរជន្លេន ។ ពេលមានត្រួយថ្មីហើយ យូរៗស៊ឹមស្រោចម្ដងបើដីស្ងួត តែបើស្រទាប់ជំរៅ ១ចប ជាដីសើមអាចពួតបាននោះ ពុំត្រូវស្រោចទឹកថែមទៀតនោះទេ ។ នៅជិតផ្ទះបាយក្ដី បើសិនណាដីពុំទាន់សំបូរជី ត្រូវជីករណ្ដៅខ្នាត ០.៨០ ម x ០.៨០ ម x ០.៨០ ម និងដាក់ជីអោយបានត្រឹមត្រូវ ស៊ឹមដាំ ។

៦ .ការចេញផ្កា
ក្រូចឆ្មានឹងចាប់ផ្តើមចេញផ្កា និងផ្លែនៅអាយុជាង ២ឆ្នាំ បើការរៀបរណ្ដៅ និងការថែទាំបានល្អនោះ ។ រហូតដល់អាយុ ៤ឆ្នាំ វាចាប់ផ្តើមហុចផលបានយ៉ាងល្អគួរឲ្យកត់សម្គាល់ ។

៧. ការទ្រទ្រង់ផ្កា និងជាប់ផ្លែល្អ
ពេលចេញផ្កាច្រើនហើយ ត្រូវដាក់ផេះផ្ទី ឬផេះធាងដូង ៥កំប៉ុង ជុំវិញ ១ទះ ពីគល់ រួចដងទឹកស្រោចយឺតៗ ៤ ទៅ ៥ផ្តិល ដើម្បីឲ្យរលាយជាតិក្បុងចុះក្រោមប៉ះគល់ឫស ។ បន្ទាប់មកទៀតត្រូវរាយដើមផ្ទី ចំបើង ធាងដូង ធាងចេក និងបាចសំបកខ្ចៅសំបកខ្ចៅជុំវិញរណ្តៅ ។ ចំពោះក្ដឹបជ្រុះជារឿងធម្មតា ព្រោះហួសសមត្ថភាពវាទ្រទ្រងពេក វានឹងជ្រុះមកដោយឯកឯង ។ បើវាជ្រុះច្រើន ត្រូវស្រូតរូតបេះផ្លែដែលអាចបេះបាន ដើម្បីកាត់បន្ថយពីការខំប្រឹងលើសសមត្ថភាពរបស់វា ហើយបើនៅតែជ្រុះទៀត ត្រូវប្រលេះក្ដឹបតាមមែកផ្លែដែលច្រើនចោលខ្លះ និងចំពោះមែកឆ្មារៗសំយ៉ាយ គួរតែកាត់ចោលខ្លះក៏ល្អដែរ ។

៨. ការកាត់មែក
កាលណាបេះផ្លែអស់ ឬផ្លែជិតអស់ហើយ គួរតែកាត់មែកសំយ៉ាយចង្អៀត មែកងាប់ និងចុងមែកឆ្មារៗចោលខ្លះ ។
16840945001_2e16a09316_b.jpg

៩. ការធ្វើឲ្យមានផ្កាខុសរដូវ
បើចង់ធ្វើឲ្យចេញផ្កាខុសរដូវ ត្រូវដាំ ២ដើម ។ ១ដើម ទុកអោយវាផ្លែតាមរដូវ ឯ ១ដើម ទៀតនៅជិតប្រភពទឹក យើងបង្ខំវាឲ្យចេញផ្កាតាមចិត្តយើង ។ ជាធម្មតាក្រូចឆ្មាត្រូវឆ្លងកាត់ភាពរាំងរឹះ ក្ដៅស្ងួត រហូតដល់ជ្រុះសន្លឹកជិតអស់ ១ដំណាក់ សិនដើម្បីសម្រាក និងត្រៀមកម្លាំងចេញផ្កានៅដើមរដូវភ្លៀង ។

ពេលនេះយើងរើសដើម១ នៅជិតទឹកជាងគេ និងជាដើមដែលគ្មានផ្លែចន្លោះសោះ ។ កាត់មែកឆ្មារៗស្ដុកចោលខ្លះ យើងប៉ាន់ស្មានថា ខែប្រាំងនេះវាពុំអាចផ្លែច្រើនពេកទេ ដូច្នោះមែកកាត់ចេញនេះគឺ តម្រូវកុំឲ្យពិបាកប្រលេះក្ដឹបចោលពេក និងរក្សាកម្លាំងអោយផ្គុំទៅលើផ្លែ ដែលទុកតាមផែនការ ។

៩ចំណុច ខាងលើវានឹងអាចឲ្យលោកអ្នកដែលមានបំណងចង់ដាំដើមក្រូចឆ្មានៅឯគេហដ្ឋានអាចអនុវត្តន៍ដាំបានយ៉ាងងាយស្រួលជាទីបំផុត ប៉ុន្តែគុណវិបត្តិរបស់ក្រូចឆ្មា គឺវាអាចទទួលបានផលក្នុងរយៈពេលមួយដែលវែង ដូច្នេះត្រូវតែមានការអត់ធ្មត់ ដើម្បីសម្រេចចេញនូវលទ្ធផលដែលចង់ទទួលបាន ៕


អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top